តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
បច្ចេកវិទ្យាកើតថ្មីនានា ដូចជាបច្ចេកវិទ្យាបញ្ញានិម្មិត (AI) ជាដើម នឹងដើរតួនាទីសំខាន់នៅពេលអនាគត។ វាបានបង្ហាញកាន់តែច្បាស់ថា ពិភពលោករបស់យើងនឹងត្រូវត្រួសត្រាយដោយបទដ្ឋាននិងស្ដង់ដានៃការប្រើប្រាស់សម្រាប់បច្ចេកវិទ្យាកើតថ្មីទាំងឡាយ។
ឥឡូវនេះ យើងដឹងថា ទោះបីជារលកទីមួយនៃបដិវត្តន៍ឌីជីថលបានផ្ដោតខ្លាំងលើលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក៏ដោយ ក៏រលកទីពីរបានសម្រួលឲ្យរដ្ឋាភិបាលផ្ដាច់ការនានារំលោភសិទ្ធិទាំងនោះ។
ដូច្នេះ វាជាការចាំបាច់ដែលបណ្ដាប្រទេសប្រជាធិបតេយ្យត្រូវតម្រែតម្រង់របៀបនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីនានាដូចជាបច្ចេកវិទ្យាបញ្ញានិម្មិតជាដើម។
ដោយថ្លែងនៅក្នុងពិធីមួយរបស់គណៈកម្មការសន្តិសុខជាតិបច្ចេកវិទ្យាបញ្ញានិម្មិត (NSCAI) កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា ការសហការជាមួយដៃគូនិងសម្ព័ន្ធមិត្ត «គឺមានសារៈសំខាន់នៅក្នុងការកាត់បន្ថយហានិភ័យដូចជា ការបង្ការមិនឲ្យមានការវាយប្រហារតាមអ៊ីនធឺណិតដែលមានបំណងសំដៅលើក្រុមហ៊ុនអាជីវកម្មសហរដ្ឋអាមេរិក ការដាក់កំហិតលើបច្ចេកវិទ្យាណាដែលគំរាមកំហែងដល់ឯកជនភាពរបស់យើង និងការការពារគុណតម្លៃប្រជាធិបតេយ្យនិងបែបបទនៃការរស់នៅរបស់យើងជាដើម»។
លោក Blinken បញ្ជាក់ដូច្នេះថា៖ «លើសពីអ្វីៗទាំងអស់ កិច្ចការរបស់យើងគឺជំរុញនិងអនុវត្តនូវចក្ខុវិស័យដែលមានលក្ខណៈបង្ខំដើម្បីប្រើបច្ចេកវិទ្យាទៅតាមវិធីដែលបម្រើដល់ប្រជាពលរដ្ឋរបស់យើង ការពារផលប្រយោជន៍របស់យើង និងប្រកាន់ខ្ជាប់តាមគុណតម្លៃប្រជាធិបតេយ្យរបស់យើង»។
លោកបានបន្ថែមថា៖ «វាមិនគ្រប់គ្រាន់នោះទេដោយគ្រាន់តែលើកឡើងអំពីអំពើអាក្រក់នៃភាពផ្ដាច់ការដែលគាំទ្រដោយបច្ចេកវិទ្យា ដោយសំដៅទៅលើអ្វីដែលប្រទេសមួយចំនួនដូចជាចិននិងរុស្ស៊ីជាដើមកំពុងធ្វើ ហើយនិយាយថា ទង្វើនោះមិនត្រឹមត្រូវនិងមានគ្រោះថ្នាក់ ទោះបីជាវាពិតជាដូច្នេះមែនក៏ដោយនោះ។ យើងត្រូវតែធ្វើយ៉ាងណារកវិធីដោះស្រាយដោយវិជ្ជមាន ហើយបន្ទាប់មកយើងត្រូវតែសម្រេចឲ្យបានតាមវិធីនោះ។ នេះគឺជាបញ្ហាដែលយើងប្រឈម»។
លោករដ្ឋមន្ត្រី Blinken បានលើកឡើងអំពីចំណុចសំខាន់ៗចំនួន ៦ នៃវិធីសាស្ត្ររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ។
ទីមួយ យើងត្រូវតែកាត់បន្ថយហានិភ័យសន្តិសុខជាតិដែលបង្កដោយសកម្មភាពព្យាបាទតាមអ៊ីនធឺណិតនិងបច្ចេកវិទ្យាដែលទើបលេចឡើងថ្មីៗ។
ទីពីរ យើងត្រូវតែធានាធ្វើយ៉ាងណាឲ្យសហរដ្ឋអាមេរិកដឹកមុខនៅក្នុងការប្រកួតប្រជែងបច្ចេកវិទ្យាយុទ្ធសាស្ត្រដ៏ខ្លាំងក្លានេះ ដោយរក្សានូវការមានប្រៀបរបស់សហរដ្ឋអាមេរិកដែលមានលក្ខណៈប្រជែងនិងផ្គូរផ្គង។
ទីបី យើងត្រូវតែការពារប្រព័ន្ធអ៊ីនធឺណិតដែលមានលក្ខណៈបើកចំហ មានសន្តិសុខល្អ អាចទុកចិត្តបាន និងអាចផ្ដោះប្ដូរព័ត៌មានដែលមានប្រយោជន៍បាន ទោះបីជាវាកំពុងតែឈានទៅរកការរាំងខ្ទប់ជាងមុន អសន្តិសុខជាងមុន និងមានលក្ខណៈប្រេះស្រាំជាងមុនក៏ដោយ។
ទីបួន យើងត្រូវតែបង្កើតស្ដង់ដារបច្ចេកទេស និងបង្កើតបទដ្ឋានសម្រាប់បច្ចេកវិទ្យាលេចឡើងថ្មីនានា។
ទីប្រាំ ដោយសារតែការគំរាមកំហែងធំៗមួយចំនួនចំពោះលទ្ធិប្រជាធិបតេយ្យកើតឡើងតាមប្រព័ន្ធអ៊ីនធឺណិត យើងត្រូវតែធ្វើឲ្យបច្ចេកវិទ្យាមានប្រយោជន៍ដល់លទ្ធិប្រជាធិបតេយ្យនិងគោរពគោលការណ៍សំខាន់ៗរបស់លទ្ធិប្រជាធិបតេយ្យ។
ពិសេសជាងនេះទៅទៀត យើងត្រូវតែចែករំលែកព័ត៌មាននិងធ្វើកិច្ចសហប្រតិបត្តិការពេញលេញ ដោយសារតែគ្មានប្រទេសណាមួយអាចសម្រេចគោលបំណងនេះបានដោយខ្លួនឯងនោះទេ។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា៖ «យើងត្រូវការសហរដ្ឋអាមេរិក ហើយយើងត្រូវការដៃគូនានារបស់សហរដ្ឋអាមេរិក ដើម្បីនៅធ្វើជាមេដឹកនាំខាងការច្នៃប្រឌិតថ្មី និងធ្វើជាអ្នកបង្កើតស្ដង់ដារនៅលើពិភពលោក ដើម្បីធានាថា សិទ្ធិជាសាកលនិងគុណតម្លៃប្រជាធិបតេយ្យនៅតែជាស្នូលនៃនវានុវត្តន៍ទាំងអស់ដែលនឹងកើតឡើង ហើយនវានុវត្តន៍ទាំងនោះនឹងផ្ដល់ប្រយោជន៍ពិតប្រាកដដល់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋ»៕