បទវិចារណកថា៖ ប្រទេស​សូម៉ាលី​ត្រូវតែ​រៀបចំ​ការបោះឆ្នោត​ដែល​ហួស​កំណត់​យូរ​ហើយ

រូបឯកសារ៖ អ្នកគាំទ្រ​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រឆាំង ធ្វើបាតុកម្ម​នៅ​​​រដ្ឋធានី​ម៉ូហ្កាឌីស្យូ កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ការ​ពន្យារពេល​ដំណើរការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​សូម៉ាលី ​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​នេះ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយ​ថា៖ «សហរដ្ឋ​អាមេរិក​មាន​ការ​ខ្វាយខ្វល់​ជា​ខ្លាំង​អំពី​ភាព​ជាប់​គាំង​នៃ​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​សូម៉ាលី ដែល​បាន​បង្កើត​ឲ្យ​មាន​ភាព​មិន​ច្បាស់លាស់​ផ្នែក​នយោបាយ ដែល​គំរាមកំហែង​ដល់​សន្តិសុខ ស្ថិរភាព និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស»។

បើ​យោង​តាម​រដ្ឋធម្មនុញ្ញ​បណ្ដោះអាសន្ន​របស់​ប្រទេស​សូម៉ាលី ការ​បោះឆ្នោត​រដ្ឋសភា​និង​ការ​បោះឆ្នោត​ប្រធានាធិបតី ​ត្រូវតែ​ធ្វើ​ឡើង​ក្នុង​រង្វង់​អាណត្តិ ៤ ឆ្នាំ របស់​រដ្ឋាភិបាល។

កាលពី​ខែ​កញ្ញា ឆ្នាំ២០២០ ប្រធានាធិបតី​សូម៉ាលី​លោក Mohamed Abdullahi Mohamed ដែល​គេ​ស្គាល់​ថា​ ឈ្មោះ Farmaajo និង​មេដឹកនាំ ៥ នាក់​នៃ​រដ្ឋ​ជា​សមាជិក​សហព័ន្ធ​របស់​ប្រទេស​សូម៉ាលី បាន​ឯកភាព​គ្នា​លើ​គោលការណ៍​រៀបចំ​ការ​បោះឆ្នោត។ ប៉ុន្តែ​ការ​អនុវត្ត​បាន​បរាជ័យ នៅ​ពេល​ដែល​ភាគី​នីមួយៗ​ បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា ​បាន​ប្រើ​ដំណើរការ​នេះ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

ការ​ចរចា​ជា​ច្រើន​លើក​ច្រើន​សារ​ដើម្បី​ដោះស្រាយ​ភាព​ទាល់ច្រក​នៃ​ការ​បោះឆ្នោត​នេះ​ បាន​បរាជ័យ ដោយ​បណ្ដាល​ឲ្យ​មាន​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ។

អាណត្តិ​របស់​លោក​ប្រធានាធិបតី Farmaajo បាន​ផុត​កំណត់​កាលពី​ថ្ងៃ​ទី៨ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ប៉ុន្តែ​លោក​នៅតែ​កាន់​តំណែង​ដដែល ដោយ​លោក​បាន​លើកឡើង​អំពី​ការ​សម្រេច​របស់​រដ្ឋសភា​នៅ​ពេល​ដែល​រដ្ឋសភា​គាំទ្រ​កិច្ច​ព្រមព្រៀង​គោលការណ៍​បោះឆ្នោត​ខែ​កញ្ញា​ ឆ្នាំ២០២០ ដើម្បី​បន្ត​អាណត្តិ​របស់​លោក និង​របស់​រដ្ឋសភា​រហូត​ទាល់តែ​ដល់​ពេល​ដែល​ការ​បោះឆ្នោត​ ត្រូវ​បាន​ធ្វើ​ឡើង​និង​បញ្ចប់​រួចរាល់។

កន្លង​មក លោក​ប្រធានាធិបតី Farmaajo បាន​ច្រានចោល​ការ​ទាមទារ​របស់​ក្រុម​គណបក្ស​ប្រឆាំង​ដែល​ចង់​ឲ្យ​លោក ​លះបង់​ការ​គ្រប់គ្រង​លើ​ដំណើរការ​បោះឆ្នោត​និង​លើ​ស្ថាប័ន​សន្តិសុខ ដែល​ការ​អនុវត្ត​ទាំង​នេះ​ ធ្លាប់​បាន​ធ្វើ​ឡើង​ក្នុង​អំឡុងពេល​នៃ​ការ​ពន្យារពេល​នៃ​ដំណើរការ​អន្តរកាល​នយោបាយ​នៅ​ក្នុង​ឆ្នាំ២០១២ និង​ឆ្នាំ២០១៦។

ករណី​នេះ ​បាន​បង្កើន​នូវ​ភាព​តានតឹង​និង​លទ្ធភាព​ដែល​អាច​កើតឡើង​នូវ​អំពើ​ហិង្សា ហើយ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កង​កម្លាំង​សន្តិសុខ​រដ្ឋាភិបាល​សហព័ន្ធ​ និង​កង​ជីវពល​ដែល​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រឆាំង បាន​កើតឡើង​នៅ​ក្នុង​រដ្ឋធានី​ម៉ូហ្កាឌីស្យូ​កាលពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ នៅ​មុន​និង​ក្នុង​អំឡុងពេល​ការ​តវ៉ា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រឆាំង ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល។ នេះ​ គឺជា​ស្ថានការណ៍​គ្រោះថ្នាក់ និង​ត្រូវតែ​ដោះស្រាយ​ជា​បន្ទាន់។

លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា៖ «យើង​អំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​សហព័ន្ធ​និង​ថ្នាក់​ដឹកនាំ​រដ្ឋ​ជា​សមាជិក​នៃ​ប្រទេស​សូម៉ាលី​ឲ្យ​ទុក​គោល​បំណង​ចង្អៀតចង្អល់​ផ្នែក​នយោបាយ​មួយ​ឡែក គោរព​តាម​ការ​ទទួល​ខុស​ត្រូវ​របស់​ពួកគេ​ចំពោះ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​សូម៉ាលី និង​យល់ព្រម​រៀបចំ​ការ​បោះឆ្នោត​ជា​បន្ទាន់​ប្រកប​ដោយ​តម្លាភាព ​និង​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំង​អស់»។

លោក Blinken បាន​បន្ត​ថា៖ «ភាព​ជាប់​គាំង​បច្ចុប្បន្ន​ប៉ះពាល់​ដល់​ដំណើរ​វិវឌ្ឍន៍​ដែល​សម្រេច​បាន​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ពន្យារពេល​ដល់​ការ​កែ​ទម្រង់​ដែល​ត្រូវការ​បន្ទាន់​សម្រាប់​ប្រទេស​សូម៉ាលី​នៅ​ក្នុង​ការ​បន្ត​ដំណើរ​លើ​មាគ៌ា​ឈ្ពោះ​ទៅ​កាន់​ការ​សម្រាល​បំណុល​ទាំងស្រុង និង​រារាំង​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម»។

លោក​បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​គាំទ្រ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​សូម៉ាលី​នៅ​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី និង​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​របស់​ភាគី​ណា​មួយ។ យើង​ជំរុញ​ឲ្យ​ថ្នាក់​ដឹកនាំ​ប្រទេស​សូម៉ាលី​ការពារ​អនាគត​របស់​ប្រទេស​ និង​ស្វែងរក​ការ​ឯកភាព​គ្នា​ដើម្បី​រៀបចំ​ការ​បោះឆ្នោត​រដ្ឋសភា​និង​ការ​បោះឆ្នោត​ប្រធានាធិបតី​ជា​បន្ទាន់»៕