តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ជាមួយទង់ជាតិរាប់ពាន់បក់រវិចតាមជំនោរខ្យល់នារដូវត្រជាក់ លោក Joseph Robinette Biden Jr. បានស្បថសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានាធិបតីទី ៤៦ នៃសហរដ្ឋអាមេរិក នៅលើជណ្តើរនៃវិមានសភាអាមេរិក កាលពីថ្ងៃពុធ ទី២០ ខែមករា។
នៅក្នុងសុន្ទរកថាសម្ពោធតំណែងរបស់លោក លោកប្រធានាធិបតី Biden បានអំពាវនាវដល់ពលរដ្ឋអាមេរិកាំងគ្រប់គ្នា ឱ្យរួបរួមគ្នាពុះពារឧបសគ្គរបស់ប្រទេសជាតិ និងធ្វើឱ្យមានសន្តិសុខសម្រាប់អនាគត។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា៖ «ប្រវត្តិសាស្ត្រ ជំនឿសាសនា និងការមានហេតុផល បង្ហាញផ្លូវដល់មាគ៌ានៃឯកភាពគ្នា។ យើងអាចប្រាស្រ័យទាក់ទងជាមួយគ្នាដោយសេចក្តីថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក។ យើងអាចរួបរួមគ្នា បញ្ឈប់ការស្រែកដាក់គ្នា និងបន្ថយកំហឹង...នេះជាពេលវេលាប្រវត្តិសាស្ត្ររបស់យើង ក្នុងវិបត្តិនិងឧបសគ្គ ហើយឯកភាព គឺមាគ៌ាទៅមុខ»។
ចំពោះអ្នកដែលនៅក្រៅសហរដ្ឋអាមេរិក លោកប្រធានាធិបតី Biden បានផ្ញើរសារមួយថា៖ «យើងនឹងកែប្រែសម្ព័ន្ធភាពរបស់យើង ហើយទាក់ទងជាមួយពិភពលោកជាថ្មីម្តងទៀត។ ការធ្វើដូច្នេះមិនមែនដោះស្រាយឧបសគ្គកាលពីពេលមុនទេ តែដើម្បីដោះស្រាយឧបសគ្គនៅពេលបច្ចុប្បន្ននេះ និងនៅពេលអនាគត។ យើងនឹងដឹកនាំពិភពលោក មិនត្រឹមតែតាមគំរូនៃអំណាចរបស់យើងនោះទេ តែថែមទាំងតាមអំណាចនៃគំរូរបស់យើង។ យើងនឹងធ្វើជាដៃគូដ៏ខ្លាំងក្លានិងទុកចិត្តបាន សម្រាប់សន្តិភាព ការរីកចម្រើននិងសន្តិសុខ»។
នៅថ្ងៃស្បថចូលកាន់តំណែងដដែលនោះ លោកប្រធានាធិបតី Biden ក៏បានអនុម័តបទបញ្ជានីតិប្រតិបត្តិមួយចំនួន ដោយផ្តោតលើគោលដៅទាំងអស់នេះ ដែលលោកបានលើកឡើង។
បទបញ្ជាទាំងនោះ រួមមានការចាប់ផ្តើមដំណើរការឱ្យសហរដ្ឋអាមេរិកចូលរួមជាថ្មីក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ ២០១៥ ស្តីពីការប្រែប្រួលអាកាសធាតុ ការបញ្ឈប់ការដកវត្តមានរបស់សហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ការលុបចោលការហាមប្រាមក្រុមអ្នកដំណើរមកពីប្រទេសខ្លះ ដែលមានពលរដ្ឋភាគច្រើនជាអ្នកគោរពសាសនាឥស្លាម និងក្រុមអ្នកដំណើរមកពីប្រទេសក្នុងទ្វីបអាហ្វ្រ៊ិក និងកន្លែងឯទៀតៗ មិនឲ្យធ្វើដំណើរចូលក្នុងសហរដ្ឋអាមេរិក ការផ្អាកការសាងសង់ជញ្ជាំងព្រំដែនរវាងសហរដ្ឋអាមេរិកនិងប្រទេសម៉ិចស៊ិក និងការបញ្ចប់សេចក្តីប្រកាសជាអាសន្នដែលអនុញ្ញាតឱ្យមានការផ្តល់ប្រាក់សម្រាប់ការសាងសង់ជញ្ជាំងព្រំដែននេះ។
លោកប្រធានាធិបតី Biden ក៏បានអំពាវនាវដល់ពលរដ្ឋអាមេរិកាំង «ឱ្យចាប់ផ្តើមជាថ្មី»។ លោកបានសុំឱ្យពលរដ្ឋទាំងអស់ «សរសេររឿងរ៉ាវរបស់សហរដ្ឋអាមេរិក ដោយផ្តោតលើក្តីសង្ឃឹម មិនមែនការភ័យខ្លាច ឯកភាពគ្នា មិនមែនការបែកបាក់គ្នា...និងរឿងរ៉ាវដែលប្រាប់ដល់មនុស្សជំនាន់ក្រោយថា យើងបានឆ្លើយតបនឹងការអំពាវនាវក្នុងប្រវត្តិសាស្ត្រ...ដែលថាសហរដ្ឋអាមេរិករបស់យើង បានរក្សាឱ្យមានសេរីភាពក្នុងប្រទេស និងក្រោកឈរឡើងម្តងទៀតដើម្បីជាប្រទីបនាំផ្លូវដល់ពិភពលោក»៕