បទវិចារណកថា៖ ប្រព័ន្ធ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ដែល​ទទួលស្គាល់​ជាផ្លូវការ​នូវ​សិទ្ធិ​សេរីភាព​របស់​បុគ្គល ការ​ពារ​សិទ្ធិមនុស្ស​ល្អ​ប្រសើរ​បំផុត

វិសោធនកម្មទី ១ នៃរដ្ឋធម្មនុញ្ញារបស់សហរដ្ឋអាមេរិក

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សេរីភាព​សាសនា​គឺ​ជា​សិទ្ធិមូលដ្ឋាន​គ្រឹះដ៏​សំខាន់ ​ដែល​បាន​ចែង​ក្នុងវិសោធនកម្ម​ទី​១ ​នៃ​រដ្ឋ​ធម្មនុញ្ញ​សហរដ្ឋ​អាមេរិក ដែល​ថា៖ សភា​សហរដ្ឋ​អាមេរិក​មិន​ត្រូវ​ធ្វើ​ច្បាប់​ ដើម្បី​គោរព​ដល់​សាសនា​ណាមួយ​ ឬ​ហាម​ប្រាម​ដល់​សេរី​ភាព​នៃ​ការគោរព​សាសនា​ណា​នោះឡើយ។
លោក Peter Berkowitz ​នាយក​ផែន​ការ​គោល​នយោបាយ​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ថ្លែងថា ​មាន​ទំនាក់​ទំនង​រវាង​ប្រទេសដែល​ការពារ​សេរីភាព​សាសនា ​និង​ប្រទេស​ដែល​គោរព​នូវ​សិទ្ធិ​ជាមូល​ដ្ឋាន​ដទៃផ្សេងៗ​ទៀត។​

«យើង​បាន​ដឹង​ពី​បញ្ហា​ដែល​ជា​បទ​ពិសោធន៍​ក្នុង​ពេល​កន្លង​មក​ថា ​វា​មាន​ការ​ពាក់​ព័ន្ធ​គ្នាច្រើន​រវាង​ប្រទេស​ដែល​ការ​ពារ​សេរី​ភាព​សាសនា​ និង​ប្រទេស​ដែល​ការពារសេរី​ភាព​ទាំង​អស់​ផ្សេង​ៗ​ទៀត​ ដែល​សហរដ្ឋ​អាមេរិក​តែង​យក​ចិត្ត​ទុក​ដាក់។​ ពិតហើយ​ គឺ​គេ​អាច​យល់​បាន ប្រសិន​បើ​យើងការ​ពារ​សេរីភាព​ដើម្បី​ឲ្យ​មាន​ទស្សនៈ​ផ្សេង​គ្នា ស្តី​ពី​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ដទៃ​ទៀត ​ដែលមនុស្ស​ជាតិ​បាន​ធ្វើ​ការ​តស៊ូ​ចង់​បាន។ ​នោះ​គឺ​ទស្សនៈ​ផ្សេងៗ​គ្នា​ជុំវិញ​ជំនឿ​ទាក់​ទង​នឹង​រឿង​ព្រះ។

មាន​ប្រទេស​ផ្តាច់​ការ​ជា​ច្រើន ​ដូច​ជា​ប្រទេស​ចិន អ៊ីរ៉ង់ និង​ប្រទេស​រុស្ស៊ីជា​ដើម ដែល​បាន​អះ​អាង​ថា​ ដោយសារ​សហរដ្ឋ​អាមេរិក មិន​បានគោរព​សិទ្ធិ​មនុស្សឲ្យ​បាន​ល្អឥតខ្ចោះ​ក្នុង​ប្រទេសរបស់​ខ្លួន នោះ​សហរដ្ឋ​អាមេរិក​គ្មានសិទ្ធិ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​គោរព​សាសនា​នៅក្នុងប្រទេស​ដ៏​ទៃនោះ​ទេ។​

ប៉ុន្តែ​លោក​នាយក​ Berkowitz បាន​ហៅ​ការ​អះ​អាង​នោះ​ថា ​ជា​រឿងដែល​ «មិនអាច​ទទួល​យក​បានឡើយ»។

«មាន​ការ​ខុស​គ្នា​សំខាន់​មួយ​រវាង​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិប​តេយ្យ ​ដែល​ទទួលស្គាល់​ជាផ្លូវការ​នូវ​សិទ្ធិ​សេរីភាព​របស់​បុគ្គល ដូច​ជា​សហរដ្ឋ​អាមេរិក​ជាដើម​ ដែល​បាន​ចាក់​គ្រឹះយ៉ាង​រឹងមាំ​ជុំវិញរឿង​សិទ្ធិ​មនុស្ស និង​ប្រទេស​មួយ​ចំនួន​ ដូច​ជា​ប្រទេស​ចិន ​អ៊ីរ៉ង់ និងប្រទេស​រុស្ស៊ីជា​ដើម ដែល​មិន​ទទួល​ស្គាល់​សិទ្ធិ​មនុស្ស​នោះ​។ ខ្ញុំ​ប្រាកដ​ជា​មិន​មែនមាន​ន័យថា ​មិន​ទទួលស្គាល់​ថា​មាន​ក្រុម​អ្នក​ប្រឆាំង​ក្លាហាន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ចិន​ និង​ប្រទេស​អ៊ីរ៉ង់​នោះ​ទេ​។ ​យើង​ដឹង​ថា ​ពិត​ជា​មាន​។ ប៉ុន្តែសង្គម​នយោបាយទាំង​មូល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សន្ទ​នា​គ្នា​បែប​នេះ‍»។

លោក​នាយក​ Berkowitz បានគូស​បញ្ជាក់​ថា សេចក្តី​ប្រកាស​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក​និង​សេចក្តី​ប្រកាស​ជា​សាកលស្តី​ពីសិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជា​ជាតិ បាន​ដាក់​ចេញ​នូវ​គោល​ការណ៍​ជា​សាកលក្នុង​ការ​វាយ​តម្លៃទៅ​លើ​រដ្ឋាភិបាល​គ្រប់​ទម្រង់​ ដែល​នេះជា​អ្វី​ដែល​រដ្ឋា​ភិបាល​ទាំង​អស់​គួរប្រាថ្នា​ចង់បាន។

លោក​ក៏​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹមរបស់​លោក​ផង​ដែរ​ថា «មនុស្ស​ជាតិ​នឹង​យល់ថា​ លទ្ធិ​ប្រជា​ធិប​តេយ្យ​ដែល​ទទួលស្គាល់​ជាផ្លូវការ​នូវ​សិទ្ធិ​សេរីភាព​របស់​បុគ្គល គឺ​ជា​ទម្រង់​នៃ​រដ្ឋាភិបាល​ដែលមាន​លក្ខណៈ​សមស្រប​បំផុត​ក្នុង​ការគាំទ្រ​សិទ្ធិ​មនុស្ស»៕