បទវិចារណកថា៖ ផលវិបាក​នៃ​ការជិះជាន់​សង្កត់សង្កិន​នៅក្នុង​ប្រទេស​បេឡារុស

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba ស្វាគមន៍គ្នា​ទៅវិញ​ទៅមក​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង Kyiv នៃ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក ​បាន​លុបចោល​អាជ្ញាប័ណ្ណ​ទូទៅ​ដែល​កន្លង​មក​បាន​ផ្អាក​ការ​ដាក់​ទណ្ឌកម្ម​ និង​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​ជំនួញ​ជាមួយ​នឹង​សហគ្រាស​របស់​រដ្ឋ​ចំនួន​៩ នៃ​ប្រទេស​បេឡារុស។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា វិធានការ​ដាក់​ទណ្ឌកម្ម​នេះ​ គឺជា«លទ្ធផល​នៃ​ការ​មិន​អើពើ​ជាក់ស្ដែង​របស់​អាជ្ញាធរ​បេឡារុស​លើ​បញ្ហា​សិទ្ធិ​មនុស្ស»។

កាលពី​ឆ្នាំ២០១៥ ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក ​ដំបូង​បាន​ចេញ​អាជ្ញាប័ណ្ណ​ទូទៅ​មួយ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​ជំនួញ​ជាមួយ​នឹង​ក្រុមហ៊ុន​ចំនួន៩ ខាង​លើ ហើយ​បន្ទាប់​មក​បាន​បន្ត​អាជ្ញាប័ណ្ណ​ម្ដង​ហើយ​ម្ដង​ទៀត។

មូលហេតុ​គឺ​ដោយសារតែ​អ្វី​ដែល​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​លើកឡើង​ថា​ ជា«ដំណើរ​វិវឌ្ឍ​ទៅ​មុខ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ពេល​នោះ​ទាក់ទិន​នឹង​បញ្ហា​សិទ្ធិ​មនុស្ស និង​ជា​ពិសេស​ដោយសារតែ​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​បេឡារុស»។

លោក Price បាន​និយាយ​ដូច្នេះ​ថា៖ «ជា​ការ​គួរ​ឲ្យ​សោកស្ដាយ សហរដ្ឋ​អាមេរិក​យល់​ឃើញ​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​ បាន​ធ្លាក់ចុះ​ដល់​ចំណុច​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ឯករាជ្យ​របស់​ប្រទេស​បេឡារុស»។

លោក​រដ្ឋមន្ត្រី Blinken បាន​កត់​សម្គាល់​ឃើញ​ថា៖ «ជា​លទ្ធផល​នៃ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទាក់ទិន​នឹង​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​មាន​ការ​លួច​បន្លំ​កាលពី​ខែ​សីហា ឆ្នាំ២០២០ នៅ​ក្នុង​ប្រទេស​បេឡារុស និង​នៅ​ក្រោយ​ពេល​បោះឆ្នោត មាន​អ្នក​ទោស​នយោបាយ​ជាង៣៤០ នាក់ ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ប្រទេស​បេឡារុស​នៅ​ពេល​បច្ចុប្បន្ន​នេះ»។

លោក Blinken បាន​បន្ថែម​ថា៖ «ដោយសារតែ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​បេឡារុស​មាន​សភាព​កាន់តែ​យ៉ាប់យ៉ឺន​ឡើង រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​បាន​សម្រេច​ថា ការ​បន្ត​អាជ្ញាប័ណ្ណ​ទូទៅ​នោះ​បន្ថែម​ទៀត ​គឺ​ជា​ការ​ផ្ទុយ​ទៅ​នឹង​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​បេឡារុស (Belarus Democray Act) និង​មិន​ស្រប​ទៅ​នឹង​គុណតម្លៃ​របស់​សហរដ្ឋ​អាមេរិក។ សហគ្រាស​របស់​រដ្ឋ​ទាំង៩ នោះ ដែល​រង​ការ​ប៉ះពាល់​ដោយសារ​វិធានការ​នេះ​បាន​ផ្ដល់​ហិរញ្ញវត្ថុ និង​គាំទ្រ​ដល់​របប​ដឹកនាំ​របស់​លោក Lukashenko ដែល​ការ​ធ្វើ​ដូច្នេះ​បាន​ជួយ​សម្រួល​ដល់​ការ​ជិះជាន់​របស់​របប​នេះ​លើ​ប្រជាពលរដ្ឋ​បេឡារុស និង​ការ​មិន​អើពើ​ម្ដង​ហើយ​ម្ដង​ទៀត​របស់​របប​នេះ​នឹង​នីតិរដ្ឋ»។

លោក​រដ្ឋមន្ត្រី Blinken បាន​លើកឡើង​អំពី​អ្នក​ទោស​នយោបាយ​បេឡារុស៣ នាក់​ ចំ​ឈ្មោះ។ អ្នក​ទោស​នយោបាយ​ទាំង៣ នាក់​នោះ ​គឺ​លោក Syarhey Tsikhanouski ដែល​ជា​អ្នក​សរសេរ​ប្លុក​និង​ជា​បេក្ខជន​ប្រធានាធិបតី អ្នកស្រី Maria Kalesnikava ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​លោក Ilhar Losik ដែលជា​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

លោក Blinken បាន​បញ្ជាក់​ថា អ្នក​ទោស​នយោបាយ​ទាំង៣ រូប​ខាង​លើ​នេះ ​ស្ថិត «ក្នុង​ចំណោម​អ្នក​ទោស​បេឡេរុស​រាប់​រយ​នាក់​ដែល​ត្រូវ​បាន​របប​ដឹកនាំ​របស់​លោក Lukashenko ដាក់​ឃុំ​ដោយ​អយុត្តិធម៌ ចំពោះ​ការ​អនុវត្ត​សិទ្ធិ​និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ខ្លួន»។

លោក​រដ្ឋមន្ត្រី Blinken បាន​ប្រកាស​ថា៖ «សហរដ្ឋ​អាមេរិក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បេឡារុស​ដោះលែង​ជា​បន្ទាន់​និង​គ្មាន​លក្ខខណ្ឌ​នូវ​អ្នក​ទោស​ទាំង​អស់​ដែល​ត្រូវ​បាន​ជាប់​ឃុំ​ដោយ​អយុត្តិធម៌។ បន្ថែម​ពី​លើ​នេះ​ទៀត យើង​ប្ដេជ្ញា​ធ្វើការ​រួម​គ្នា​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ​ដើម្បី​ជំរុញ​បន្ថែម​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នក​ណា​ដែល​បាន​ប្រព្រឹត្តិ​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ការ​បំពាន​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​បេឡារុស»៕