តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក រួមជាមួយនឹងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិជាច្រើន បានប្រឆាំងទៅនឹងការប្រើកម្លាំងជ្រុលហួសហេតុរបស់អាជ្ញាធរលើអ្នកតវ៉ាដោយសន្តិវិធីនៅក្នុងខេត្ត Khuzestan ប្រទេសអ៊ីរ៉ង់។
កាលពីពាក់កណ្ដាលខែកក្កដា បាតុករបានចេញតវ៉ាតាមដងផ្លូវនានានៅក្នុងខេត្ដដែលសម្បូរប្រេងមួយនេះ ដែលខេត្តនេះជាកន្លែងរស់នៅរបស់ប្រជាពលរដ្ឋភាគតិចអំបូរ Ahwaz Arab។
ក្នុងពេលដែលមានគ្រោះរាំងស្ងួតយូរអង្វែង ក្រុមបាតុករបានតវ៉ារឿងកង្វះទឹកប្រើប្រាស់ធ្ងន់ធ្ងរ ដោយសារតែការបង្វែរទឹកទៅឲ្យបណ្ដាខេត្តជិតខាង ការខួងយកប្រេងដែលបង្អាក់ដល់ការផ្គត់ផ្គង់ទឹក និងការចាត់ចែងមិនបានត្រឹមត្រូវរបស់អាជ្ញាធររដ្ឋាភិបាល។
បើយោងតាមសេចក្ដីរាយការណ៍ជាច្រើន ក្រុមអ្នកតវ៉ាបានរងការប្រើកម្លាំងឃោរឃៅ [ពីអាជ្ញាធរ]។
អង្គការសិទ្ធិមនុស្ស Amnesty International បានបញ្ជាក់ថា៖ «រូបភាពជាវីដេអូ ...រួមជាមួយនឹងការរៀបរាប់ផ្ទាល់ម្ដងហើយម្ដងទៀតពីកន្លែងកើតហេតុ បានបង្ហាញថា កងកម្លាំងសន្តិសុខបានប្រើអាវុធប្រល័យស្វ័យប្រវត្តិ កាំភ្លើងដែលអាចបាញ់រះមិនរើសមុខ និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកតវ៉ា»។
យ៉ាងហោចណាស់ មនុស្ស ៨ នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់នៅក្នុងទីក្រុងផ្សេងៗគ្នា ហើយមនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួន។ ចំនួនពិតប្រាកដនៅមិនទាន់ដឹងនៅឡើយ ហើយប្រហែលជាអាចខ្ពស់ជាងនេះច្រើន។
ដោយយោងទៅលើ «សេចក្ដីរាយការណ៍ដែលគួរឲ្យព្រួយបារម្ភ» ដែលថា កងកម្លាំងសន្តិសុខបានបាញ់លើក្រុមបាតុករ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បានថ្កោលទោសការប្រើអំពើហិង្សាលើក្រុមអ្នកតវ៉ាដោយសន្តិវិធី។
លោក Price ថ្លែងដូច្នេះថា៖ «យើងគាំទ្រសិទ្ធិរបស់ប្រជាពលរដ្ឋអ៊ីរ៉ង់នៅក្នុងការប្រមូលផ្ដុំគ្នានិងសម្ដែងមតិដោយសន្តិវិធី ដោយគ្មានការភ័យខ្លាចថាកងកម្លាំងសន្តិសុខប្រើអំពើហិង្សានិងចាប់ឃុំឃាំង។ យើងក៏កំពុងតាមដានមើលផងដែរលើការរាយការណ៍អំពីល្បឿនអ៊ីនធឺណិតថយចុះនៅក្នុងតំបន់»។
អ្នកស្រី Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស បានអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ដោះស្រាយវិបត្តិទឹកនេះ ជាជាងមានប្រតិកម្មតបតដោយហិង្សាលើក្រុមអ្នកតវ៉ា។
អ្នកស្រីមានប្រសាសន៍ថា៖ «ការបាញ់និងការចាប់ខ្លួនប្រជាពលរដ្ឋមាន តែធ្វើឲ្យពួកគេកាន់តែខឹងនិងអស់សង្ឃឹមបន្ថែមទៀតតែប៉ុណ្ណោះ»។
បន្ទាប់ពីអាជ្ញាធរអ៊ីរ៉ង់បានប៉ុនប៉ងដោយហិង្សាដើម្បីបង្ក្រាបប្រជាពលរដ្ឋនៅក្នុងខេត្ត Khuzestan មក ការតវ៉ាបានរីករាលដាលដល់តំបន់ផ្សេងៗទៀតនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលក្នុងនោះមានទាំងរដ្ឋធានីតេហេរ៉ង់ ទីក្រុង Tabriz និងទីក្រុង Karaj ផងដែរ ហើយមានការរាយការណ៍ថា អ្នកតវ៉ាបានស្រែកបន្ទរថា «ពួកយើងមិនចង់បានសាធារណរដ្ឋឥស្លាមនោះទេ!» និង «ស្លាប់ទៅជនផ្ដាច់ការ!»។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Price បានកត់សម្គាល់ថា ទោះបីជាការតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់ប្រហែលជាបានចាប់ផ្ដើមដោយសារបញ្ហាកង្វះទឹកក៏ដោយ ក៏ប្រជាពលរដ្ឋអ៊ីរ៉ង់ «កំពុងធ្វើឲ្យសាធារណជនចាប់អារម្មណ៍មិនត្រឹមតែលើបញ្ហាតម្រូវការដែលមិនទាន់បំពេញបានរបស់ពួកគេនោះទេ ប៉ុន្តែថែមទាំងលើក្ដីប្រាថ្នាដែលមិនទាន់សម្រេចបានរបស់ពួកគេផងដែរទាក់ទិននឹងសិទ្ធិមនុស្ស ដែលជាសិទ្ធិដែលបុគ្គលម្នាក់ៗនៅលើពិភពលោកត្រូវទទួលបាន»។
លោក Price បានបញ្ជាក់ថា៖ «យើងជំរុញឲ្យរដ្ឋាភិបាលអ៊ីរ៉ង់អនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនប្រើប្រាស់សិទ្ធិសេរីភាពរបស់ពួកគេនៅក្នុងការបញ្ចេញមតិ និងការទទួលបានព័ត៌មានដោយសេរី ដែលក្នុងនោះមានទាំងការទទួលបានព័ត៌មានតាមអ៊ីនធឺណិតផងដែរ»៕