បទវិចារណកថា៖ ពានរង្វាន់​ស្ត្រី​ក្លាហាន​អន្តរជាតិ​ឆ្នាំ២០២១

​អ្នកស្រី Jill Biden ​ដែល​ជា​ភរិយា​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ថ្លែង​នៅ​​ក្នុង​ពិធី​ផ្តល់ពានរង្វាន់​​​ស្ត្រី​​​ក្លាហាន​​​​អន្តរជាតិ​​ឆ្នាំ២០២១ ​នៅ​ឯ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ពានរង្វាន់​ស្ត្រី​ក្លាហានអន្តរជាតិឆ្នាំ២០២១នេះ ត្រូវ​បាន​ប្រគល់​ជូន​ស្ត្រី២១នាក់​ ហើយ​៧​នាក់​ក្នុង​ចំណោមពួកគេ​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

ថ្លែង​នៅក្នុង​ពិធី​ផ្តល់​រង្វាន់​នេះនៅ​ឯ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដោយ​មានការ​ចូលរួម​ពី​អ្នកស្រី Jill Biden ​ដែល​ជា​ភរិយា​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ផង​ដែរ​នោះ លោក​រដ្ឋមន្ត្រី​ការបរទេស Anthony Blinken បានមានប្រសាសន៍​ថា៖ «អស់​រយៈពេល​១៥​ឆ្នាំ​មក​ហើយ ដែល​ក្រសួង​ការបរទេសបាន​ប្រគល់​ពានរង្វាន់​ស្ត្រី​ក្លាហានអន្តរជាតិ​ឱ្យ​ដល់​ស្ត្រី​ដែល​បាន​បង្ហាញ​ភាព​រឹងមាំ ​និង​ភាពមេដឹកនាំ​ដ៏​អស្ចារ្យ​ក្នុង​ការ​ការពារ​សន្តិភាព​ អំពើយុត្តិធម៌ សិទ្ធិ​មនុស្ស​ និង​សមភាព​យេនឌ័រ។

ក្នុងចំណោម​ជ័យលាភី​ទាំង​នេះ​ ក៏​មាន​អ្នកស្រី Maria Kalesnikava នៃ​ប្រទេស​បេឡារុស​ផង​ដែរ។ អ្នកស្រី​ និង​បណ្ដា​ដៃគូ​របស់​អ្នកស្រី បានធ្វើការ​ប្រឆាំង​ជាប្រវត្តិសាស្ត្រនឹង​ការ​គ្រប់គ្រង​រយៈពេល២៦​ឆ្នាំ​របស់​ Aleksandr Lukashenka ដោយបាន​ប្រឈម​យ៉ាង​ក្លាហាន​នឹង​ការ​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារនៅ​ក្រោយ​ការបោះឆ្នោត​ដែល​មាន​ជម្លោះ។

អ្នកនាង Phyoe Phyoe Aung គឺ​ជាមេដឹកនាំ​លេច​ធ្លោ​ម្នាក់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

អង្គការ​របស់អ្នកនាង​ គឺ​វិទ្យាស្ថាន Wings ជួយ​សម្រួលដល់​ការ​ផ្លាស់ប្តូរ​ចំណេះដឹងរវាង​ក្រុម​អ្នក​មាន​ជាតិសាសន៍ និង​សាសនា​ខុសៗ​គ្នា ​និង​ជួយ​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​ឱ្យ​មាន​ការ​កសាង​សន្តិភាព​និង​ការ​ផ្សះផ្សា​គ្នា​ផង​ដែរ។

ជ័យលាភី​ម្នាក់ទៀត​នៃ​ពាន​រង្វាន់​នេះ ​គឺ​អ្នកស្រី​ Maximilenne Ngo Mbe នៃ​ប្រទេស​កាមេរូន ដែល​បានជួយលើក​កម្ពស់​សិទ្ធិ​មនុស្ស និងជា​អ្នកនិយាយ​រិះគន់​ឥត​សំចៃ​មាត់​ម្នាក់​ក្នុង​ចំណោម​សមាជិក​នៃ​អង្គការសង្គម​ស៊ីវិល ដោយ​ជា​ញឹកញយ​បាន​លះបង់សុវត្ថិភាព​ផ្ទាល់​ខ្លួនរបស់​អ្នកស្រី​នៅ​ក្នុង​ការ​ជំរុញឱ្យ​មាន​ដំណោះស្រាយដោយ​សន្តិវិធី​នូវ​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​កាមេរូន។

អ្នកស្រី​ Wang Yu គឺ​ជា​មេធាវីសិទ្ធិ​មនុស្សដ៏​ល្បី​ឈ្មោះ​ម្នាក់​នៅ​ក្នុង​ប្រទេសចិន។ អ្នកស្រី​ បាន​ប្រឈម​នឹងការ​ចាប់​ខ្លួន​ និង​ការ​ចាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ ដោយសារ​តែ​អ្នកស្រី​បាន​ការពារក្រុម​សកម្មជន។

អ្នកស្រី Julienne Lusenge នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ គឺ​ជា​សកម្មជនស្ត្រី​នាំ​មុខ​ម្នាក់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ។

ជ័យលាភី​ឯ​ទៀតៗ ​រួម​មាន​អ្នកស្រី​ Mayerlis Angarita នៃប្រទេស​កូឡុំប៊ី អ្នកស្រី​ចៅក្រម​ Erika Aifan មក​ពី​ប្រទេស​ក្វាតេម៉ាឡា អ្នកស្រី Shohreh Bayat នៃ​ប្រទេស​អ៊ីរ៉ង់ អ្នកស្រី Muskan Khatun នៃ​ប្រទេស​នេប៉ាល់​ ដូនជី​កាតូលិក Alicia Vacas Moro នៃ​ប្រទេសអេស្ប៉ាញ អ្នកស្រី Ranitha Ghanarajah នៃ​ប្រទេស​ស្រីលង្កា អ្នកស្រី Canan Gullu នៃ​ប្រទេសតួកគី ​និង​អ្នកស្រី Ana Rosario Contreras នៃ​ប្រទេស​វ៉េណេស៊ុយអេឡា។

លោក​រដ្ឋមន្ត្រី​ Blinken បានកត់​សម្គាល់​ថា​ ជា​ញឹកញយ​ក្រុម​ស្ត្រី​ទាំង​នេះ «ងាយរង​គ្រោះ​ខ្លាំង​ណាស់ដោយសារ​ការរំលោភ​បំពាន​សិទ្ធិមនុស្ស»។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ព្រោះ​ហេតុ​នេះ​ហើយ​ បាន​ជា​សិទ្ធិ​ស្មើគ្នានិង​សេចក្តី​ថ្លៃថ្នូររបស់ស្ត្រីជា​អាទិភាព​មួយ​នៃ​គោលនយោបាយ​ការបរទេស​សហរដ្ឋ​អាមេរិក។ នៅ​ពេលយើង​រៀបចំ​គោលនយោបាយ​ការបរទេស​របស់​យើងដោយ​គិតគូរ​អំពីសិទ្ធិ និងសេចក្តី​ត្រូវការរបស់​ស្ត្រី​និង​នារី​ គោលនយោបាយរបស់​យើង​មាន​ប្រសិទ្ធភាព​ជាង​មុន មានភាព​មនុស្សធម៌ជាង​មុន​ ហើយកាន់​តែ​អាច​ផ្ដល់​អត្ថប្រយោជន៍​ប្រកប​ដោយ​ចីរភាព​ដល់​ប្រជាជន​»។

ថ្លែង​ទៅ​កាន់ជ័យលាភី​ទាំង​នេះ​ លោក​រដ្ឋមន្ត្រី Blinken បាន​មានប្រសាសន៍​ថា៖ «ពួក​អ្នកស្រី​បាន​ធ្វើ​ឱ្យ​ពិភពលោក​យើង​មានយុត្តិធម៌​ ស្ថិរភាព សន្តិភាព និង​សេរីភាព​ជាង​មុន។ សហរដ្ឋ​អាមេរិក​មាន​មោទនភាព​ណាស់​ដែល​បានចូលរួម​ជាមួយ​ពួកអ្នកស្រី»៕