តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
អាជ្ញាធរតង់សានី កំពុងបង្ក្រាបក្រុមប្រឆាំងបន្ទាប់ពីពួកគេបានអំពាវនាវឲ្យបោះឆ្នោតជាថ្មី និងតវ៉ាប្រឆាំងនឹងការបោះឆ្នោតដែលមានបញ្ហាកាលពីថ្ងៃទី២៨ ខែតុលា កន្លងទៅនេះ។ ជាការពិតលោក Tundu Lissu បេក្ខជនប្រនាធិបតីដ៏សំខាន់មួយរូបខាងគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួន ហើយបន្ទាប់បានត្រូវដោះលែងវិញ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានបង្ហោះសារនៅលើប្រព័ន្ធ Twitter ថា៖ «យើងមានក្តីបារម្ភជាខ្លាំងពាក់ព័ន្ធនឹងសេចក្តីរាយការណ៍នានាអំពីភាពមិនប្រក្រតីនៃការបោះឆ្នោត ការចាប់ខ្លួនដោយហេតុផលនយោបាយ និងអំពើហិង្សានៅអំឡុងពេលការបោះឆ្នោតក្នុងប្រទេសតង់សានី។ យើងជំរុញឲ្យអាជ្ញាធរដោះស្រាយភាពមិនប្រក្រតីទាំងនេះឲ្យបានពេញលេញ និងពិនិត្យមើលការចោទប្រកាន់នានាពាក់ព័ន្ធនឹងការប្រើប្រាស់កងកម្លាំងប្រឆាំងជនស៊ីវិល»។
អ្នកនាំពាក្យក្រសួងការបរទេសលោក Cale Brown បានថ្លែងថា៖ «ភាពមិនប្រក្រតីទាំងនេះ បង្កឲ្យមានការចោទសួរទៅលើការប្តេជ្ញាចិត្តរបស់តង់សានីចំពោះគុណតម្លៃលទ្ធិប្រជាធិបតេយ្យ»។
ខណៈដែលគណកម្មការបោះឆ្នោតតង់សានីបានប្រកាសថា លោកប្រធានាធិបតី John Magufuli ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីក្តី ក៏សហរដ្ឋអាមេរិកនៅតែមានក្តីកង្វល់យ៉ាងខ្លាំងចំពោះផលប៉ះពាល់នៃភាពមិនប្រក្រតី ការចាប់ខ្លួន និងអំពើហិង្សាទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោតនេះ។
សហរដ្ឋអាមេរិក បន្តជំរុញឲ្យគណបក្សទាំងអស់មានការអត់ធ្មត់ និងស្វែងរកដំណោះស្រាយនៃជម្លោះទាំងនេះដោយសន្តិវិធី។ អាជ្ញាធរតង់សានីចាំបាច់ត្រូវស៊ើបអង្កេតការចោទប្រកាន់នានាពាក់ព័ន្ធនឹងភាពមិនប្រក្រតី និងអំពើហិង្សាដោយកងកម្លាំងសន្តិសុខ ហើយត្រូវធានាឲ្យបានថា បេក្ខជនទាំងអស់ អាចដោះស្រាយជម្លោះនៃការបោះឆ្នោតនេះដោយសន្តិវិធី។
សហរដ្ឋអាមេរិក អំពាវនាវដល់រដ្ឋាភិបាលនៃប្រទេសតង់សានីឲ្យគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានទាំងអស់ រួមទាំងសេរីភាពក្នុងការបញ្ចេញមតិ ព្រមទាំងសិទ្ធិប្រមូលផ្តុំដោយសន្តិវិធី និងលើកកម្ពស់សេរីភាពនៃការប្រើប្រាស់អ៊ិនធឺណិត និងសិទ្ធិទទួលបានព័ត៌មានដោយសេរីផងដែរ។
សហរដ្ឋអាមេរិក សហការជាមួយដៃគូនានារបស់ខ្លួន នឹងពិចារណាទៅលើការរឹតត្បិតទិដ្ឋាការ ដើម្បីឲ្យបុគ្គលដែលរំលោភសិទ្ធិមនុស្ស និងជ្រៀតជ្រែកក្នុងការបោះឆ្នោតមកទទួលខុសត្រូវ។
លោក Brown បានថ្លែងបន្តថា៖ «ពលរដ្ឋតង់សានីក៏ដូចជាពលរដ្ឋផ្សេងទៀតនៅគ្រប់ទីកន្លែងដែរ ដែលសមទទួលបានតម្លាភាព និងអភិបាលកិច្ចដែលមានភាពទទួលខុសត្រូវ និងការគោរពស្មើគ្នានៅក្រោមច្បាប់ និងអាចប្រើប្រាស់សិទ្ធិរបស់ពួកគេដោយមិនខ្លាចថា នឹងមានការសងសឹក។
ដើម្បីរក្សាទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិកនិងប្រទេសតង់សានី រាល់ភាគីនយោបាយទាំងអស់ត្រូវមានសិទ្ធិឈរឈ្មោះ និងអាចប្រើប្រាស់សិទ្ធិនិងសេរីភាពជាមូលដ្ឋានរបស់ពួកគេដោយគ្មានការគំរាមកំហែង៕