បទវិចារណកថា៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rubio​ និយាយ​អំពី​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន

(FILE) Gantry cranes stand near a cargo ship at Yangshan Port outside of Shanghai, Feb. 7, 2025.

(FILE) Gantry cranes stand near a cargo ship at Yangshan Port outside of Shanghai, Feb. 7, 2025.

គោល​នយោបាយ​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ចិន​និង​ផ្នែក​ផ្សេង​ទៀត​របស់​ពិភពលោក​ត្រូវតែ​ផ្តល់​ផលប្រយោជន៍​សហរដ្ឋ​អាមេរិក​ជា​មុន។

តទៅ​នេះ​ ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ចិន​ជា​មហា​អំណាច​សាកលលោក​មួយ មាន​សេដ្ឋកិច្ច​ធំ​ទី២​នៅ​ក្នុង​ពិភពលោក ដោយ​មាន​យោធា​កំពុង​រីក​លូតលាស់​ដ៏​ឆាប់រហ័ស។ នេះ​បើ​តាមលោក​រដ្ឋមន្ត្រី​ការបរទេស Marco Rubioដែល​បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកស្រី Catherine Herridgeកាលពីពេល​ថ្មីៗនេះ។ លោក​បាន​និយាយ​ទៀត​ថា៖ «យើង​ត្រូវតែ​មាន​ទំនាក់ទំនង​ជាមួយ​ចិន។ មិន​ថា​ តើ​យើង​ព្រមព្រៀង​ជាមួយ​អ្វីៗ​ដែល​ពួកគេ​ធ្វើ យើង​យល់​ថា​ ក្នុង​ករណី​ខ្លះ​យើងជា​គូ​ប្រកួតប្រជែង​គ្នា​ ក្នុង​ករណី​ផ្សេង​ទៀត យើង​ជា​គូ​សត្រូវ​ដោយ​ផ្ទាល់។ ក៏ប៉ុន្តែ ត្រូវតែ​មាន​ការទាក់ទង ពីព្រោះ​ខ្វះ​ការ​ទាក់ទង​អាច​នាំ​ឱ្យ​មាន​ជម្លោះ»។

លោក​រដ្ឋមន្ត្រី​ការបរទេស Rubioបាន​ថ្លែង​ទៀត​ថា៖ «ទោះជា​យ៉ាង​នោះ​ក្តី យើង​នឹង​មិន​រស់​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​យើង​ពឹង​ផ្អែក​លើ​ប្រទេស​ចិន ចំពោះ​រ៉ែ​កម្រ​ដ៏​សំខាន់ ចំពោះ​សមាសភាគ​សំខាន់ៗ​នៅ​ក្នុង​សង្វាក់​ផ្គត់ផ្គង់​របស់​យើង។ យើង​នឹង​មិន​មែន​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ចិន​ត្រូវ​គ្រប​សង្កត់លើ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ហើយ យើងនឹងមិន​ត្រូវ​គេ​អនុញ្ញាត​ឱ្យ​មាន​ចំណង​ទាក់ទង​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​ពីព្រោះ​តែ ពួកគេ​នឹង​ចាប់​ប្រទេស​នានា​ធ្វើ​ជា​ចំណាប់ខ្មាំង ហើយប្រទេស​នានា​ទាំង​អស់​ក្លាយ​ជា​រដ្ឋ​ចំណុះឱ្យ​សួយអាករ​នោះ​ទេ»។

លោក​រដ្ឋមន្ត្រី​ការបរទេស Rubioបាន​ថ្លែងអះអាង​ទៀត​ថា៖ «ជប៉ុន​មិន​ចាប់​អារម្មណ៍​ក្លាយ​ជា​រដ្ឋ​ចំណុះ​គេ​ទេ ហើយ​ពួកគេ​ជា​សម្ពន្ធមិត្ត​ដ៏​ជិតស្និទ្ធ​មួយ​របស់​យើង។ កូរ៉េខាងត្បូង ហ្វីលីពីន អូស្ត្រាលី ​និង​វៀតណាម ចំពោះ​បញ្ហា​នេះ មិន​ចាប់​អារម្មណ៍​នៅ​ក្នុង​ការក្លាយ​ជា​រដ្ឋ​ចំណុះ​គេ​នៅ​ក្នុង​តំបន់​នៃ​ឥទ្ធិពល​របស់​ចិន​ទេ»។

លោក​រដ្ឋមន្ត្រី​ការបរទេស Rubio បាន​ប្រកាស​ថា៖ «យើង​ជា​ប្រទេស​មួយ​នៅ​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ យើង​មាន​គោលបំណង​ស្ថិត​នៅ​ទី​នោះដដែល​ហើយ​នឹង​រក្សា​ទំនាក់ទំនង​របស់​យើង​នៅ​ទីនោះ។ នេះ​ជា​ខ្សែ​បន្ទាត់​ក្រហម​សម្រាប់​យើង»។

លោក​រដ្ឋមន្ត្រី​ការបរទេស Rubio បាន​សង្កត់​ធ្ងន់​ថា​ សហរដ្ឋ​អាមេរិក​ក៏​នឹង​ដោះស្រាយ បញ្ហា​ការ​ធ្វើ​ពាណិជ្ជកម្ម​មិន​យុត្តិធម៌​ដែរ។ លោក​បាន​ថ្លែង​ទៀត​ថា៖ «យើង​បាន​អនុញ្ញាត​ឱ្យ​ពួកគេ​ធ្វើ​អ្វីៗ​ដែល​ពួកគេ​ចង់​ធ្វើ​នៅ​ក្នុង​ប្រទេស​អាមេរិក។ ក៏ប៉ុន្តែ ក្រុមហ៊ុន​អាមេរិក​មិន​អាច​ធ្វើ​អ្វី​ទាំង​អស់​នៅ​ខាង​ក្នុង​ប្រទេស​ចិន ហើយ​ប្រសិន​បើ​ពួកគេ​អនុញ្ញាត​ឱ្យ​ធ្វើ​នោះ​គឺ​ព្រោះ​តែពួកគេ​ចង់​លួច​កម្មសិទ្ធ​បញ្ញា​របស់​យើង ហើយ​បន្ទាប់មក​បង្ខំ​យើង​ឱ្យ​ឈប់​ធ្វើ​ពាណិជ្ជកម្ម​និង​ជំនួស​យើង​ដោយ​ក្រុមហ៊ុន​ចិន»។

ត្រូវ​តែ​មានការ​ធ្វើ​ដូចគ្នាទៅវិញ​ទៅមក ដូចដែល​លោក​ប្រធានាធិបតី Donald Trump បានសង្កត់​ធ្ងន់​ហើយ​ម្តង​ទៀត។

លោក​រដ្ឋមន្ត្រី​ការបរទេសRubioបាន​ថ្លែង​ទៀត​ថា៖ «អ្វីៗ​ដែល​យើង​ត្រូវ​គេ​អនុញ្ញាត​ឱ្យ​ធ្វើ​នៅ​ទីនោះ​ គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​អនុញ្ញាត​ឱ្យ​គេ​ធ្វើ​នៅ​ទីនេះ។ អ្វីៗ​ដែល​ពួកគេ​យក​ពន្ធគយ​ពី​យើង​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​តែ​យកពន្ធគយ​លើ​ពួកគេ​វិញ»។

ចំពោះ​កោះ​តៃវ៉ាន់​វិញ លោក​រដ្ឋមន្ត្រី​ការបរទេសRubioបាន​និយាយ​ថា៖ ​«យើង​មិន​ចង់​ឃើញ​ជម្លោះ​ទេ។ ក៏ប៉ុន្តែ យើង​បាន​ធ្វើ​ការបញ្ជាក់យ៉ាង​ច្បាស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​អំពី​គោលនយោបាយ​របស់​យើង​គឺ​ការធានា​ចំនួន៦ ឬ Six Assurances និង​ច្បាប់​ទំនាក់​ទំនង​តៃវ៉ាន់​ ឬ Taiwan Relations Act ថា​យើង​ប្រឆាំង​ការផ្លាស់ប្តូរ​ក្នុង​ទម្រង់​ណា​មួយ​នូវ​ស្ថានភាព​បច្ចុប្បន្ន ​ដោយ​កម្លាំង ឬ​ដោយ​ការ​គំរាមកំហែង​ឬ​ ដោយ​ការ​បង្ខំ ហើយ​ការណ៍​នេះ​នៅតែ​ជា​គោលនយោបាយ​របស់​យើង»។

គោល​នយោបាយ​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ចិន​និង​ផ្នែក​ផ្សេង​ទៀត​របស់​ពិភពលោក​ត្រូវតែ​ផ្តល់​ផលប្រយោជន៍​សហរដ្ឋ​អាមេរិក​ជា​មុន៕