តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ក្នុងរយៈពេលពីរបីឆ្នាំកន្លងទៅនេះ សេចក្តីត្រូវការសាកលនៃអាហារសមុទ្រមានលើសពីកំណើនប្រជារាស្ត្រ។ លទ្ធផល គឺការនេសាទហួសកម្រិត ជាពិសេសនៅក្នុងដែនសមុទ្រងាយទៅដល់។ ក៏ប៉ុន្តែ នៅពេលដែលត្រីបានថយចំនួន ពួកអ្នកនេសាទត្រូវធ្វើដំណើរឆ្ងាយថែមទៀតដើម្បីចាប់ត្រី។ ការធ្វើដំណើរបែបនេះ បង្កើនចំណាយដូចជាប្រេងឥន្ធនៈនិងពលកម្ម ហើយពួកប្រតិបត្តិករដែលមានមនសិការតិច បានប្រើវិធីខុសច្បាប់ដើម្បីបង្កើនកម្រៃ។
វិធីមួយក្នុងការកាត់បន្ថយចំណាយ គឺការពឹងពាក់លើពលកម្មដោយបង្ខំ។
របាយការណ៍ថ្មីមួយអំពីការជួញដូរមនុស្សក្នុងសង្វាក់ផ្តល់អាហារសមុទ្រដាក់ស្នើរួមគ្នាជូនសភាស.រ.អ.ដោយក្រសួងការបរទេសស.រ.អ.និងរដ្ឋបាលជាតិខាងមហាសមុទ្រនិងបរិយាកាសហៅកាត់ថា NOAA ចែងថា «វិស័យនេសាទនាំឱ្យមានការប្រថុយប្រថានខ្ពស់ខាងការជួញដូរមនុស្ស។ ការងារនេះ ត្រូវចាត់ទុកថា មានគ្រោះថ្នាក់ ហើយជាញឹកញយពឹងពាក់ច្រើនលើកម្លាំងពលកម្មមានជំនាញតិចតួច ជាពួកជនចំណាកស្រុកងាយស្រួលត្រូវជំនួសដែលអាចរងគ្រោះដោយងាយដោយសារការជួញដូរមនុស្ស»។
ការអនុវត្តបទឧក្រិដ្ឋនេះត្រូវលាក់បាំងដោយងាយ ពីព្រោះការនេសាទនៅដាច់ពីគេ។ កងនាវានេសាទជួនកាលចំណាយពេលរាប់ខែ ឬច្រើនឆ្នាំក្នុងសមុទ្រ។ ការណ៍នេះ ធ្វើឱ្យក្រុមអ្នកនេសាទក្នុងស្ថានភាពពលកម្មបង្ខំសឹងតែមិនអាចរត់គេចខ្លួន ឬរាយការណ៍អំពីការធ្វើបាបពួកគេ។ ជាញឹកញាប់ ពួកជនរងគ្រោះដោយសារការជួញដូរមនុស្ស បានរងការរំលោភខាងផ្លូវចិត្តនិងលើរាងកាយដែលជួនកាលស្លាប់បាត់បង់ជីវិត ការធ្វើការច្រើនម៉ោង ស្ថានភាពរស់នៅមិនល្អ និងប្រាក់បៀវត្សរ៍ទាប ឬការលួចប្រាក់បៀវត្សរ៍ថែមទៀត។
ការប្រើពលកម្មដោយបង្ខំនៅក្នុងឧស្សាហកម្មនេសាទ ក៏មានទំនងច្រើនថា កើតមាននៅក្នុងពួកប្រទេសគ្មានស្ថិរភាពនយោបាយដែលមានការការពារខាងផ្លូវច្បាប់ខ្សោយសម្រាប់សេរីភាពពលរដ្ឋ និងសិទ្ធិក្រុមពលករ អំពើពុករលួយកម្រិតខ្ពស់ ឧក្រិដ្ឋកម្មនៃអំពើហិង្សា និងភាពក្រីក្រ។ ដូច្នេះ សេចក្តីរាយការណ៍នេះ ផ្តល់អនុសាសន៍ដល់ស.រ.អ.ឱ្យអនុវត្តវិធានការបួនឆ្ពោះទៅលុបបំបាត់ការនាំឱ្យមានទុក្ខទោសនេះ។ វិធានការទីមួយគឺ ស.រ.អ.ត្រូវអភិវឌ្ឍការឆ្លើយតបទាំងស្រុងរបស់រដ្ឋាភិបាលដល់ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅក្នុងសង្វាក់ផ្គត់ផ្គង់អាហារសមុទ្រទាំងក្នុងប្រទេសនិងជាអន្តរជាតិ។
វិធានការទីពីរគឺ ស.រ.អ.គួរឧបត្ថម្ភផ្ចុងផ្តើមកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សក្នុងបណ្តាប្រទេសដែលគេដឹងថាមានបញ្ហាជាមួយពលកម្មដោយបង្ខំក្នុងឧស្សាហកម្មនេសាទ។
វិធានការទីបីគឺ ស.រ.អ.គួរឧបត្ថម្ភផ្ចុងផ្តើមនិងគាំទ្រកិច្ចខិតខំប្រឹងប្រែងតាមដានសាកល និងទាក់ទងជាមួយឧស្សាហកម្មនេសាទនិងអង្គការក្រៅរដ្ឋាភិបាលក្នុងចំណោមអង្គការពាក់ព័ន្ធឯទៀតៗ។
ហើយជាទីបញ្ចប់ វិធានការទាំងនេះ គួរធ្វើបន្តនិងពង្រឹងកិច្ចខិតខំប្រឹងប្រែងមានមកហើយរបស់ក្រសួងការបរទេសស.រ.អ.និង NOAA ដើម្បីដោះស្រាយបញ្ហាជួញដូរមនុស្សក្នុងសង្វាក់ផ្គត់ផ្គង់អាហារសមុទ្រ។
ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សក្នុងវិស័យម្ហូបសមុទ្រជាសិទ្ធិមនុស្សសំខាន់មួយ និងជាបញ្ហាឧក្រិដ្ឋកម្មព្រមទាំងជាអាទិភាពរបស់គោលនយោបាយការបរទេសស.រ.អ.មួយផងដែរ។ របាយការណ៍ថ្មីនេះ ជាវិធានការសំខាន់មួយក្នុងការពង្រឹងនិងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ស.រ.អ.ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សក្នុងវិស័យអាហារសមុទ្រ៕