តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងកិច្ចប្រជុំពហុភាគីលើកដំបូងរបស់លោក លោកប្រធានាធិបតី Joseph Biden បានទទួលជួបពិភាក្សាតាមអនឡាញជាមួយនឹងមេដឹកនាំនៃប្រទេសអូស្ត្រាលី ឥណ្ឌា និងជប៉ុន។ ប្រទេសទាំង ៣ នេះ រួមទាំងសហរដ្ឋអាមេរិក បានបង្កើតក្រុមការទូតមិនផ្លូវការមួយដែលហៅថា Quad។
ក្រុមប្រទេស Quad បានបង្កើតដំបូងនៅក្នុងឆ្នាំ ២០០៧។ ក្រុមប្រទេសនេះ បានពង្រឹងខ្លួននៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅពេលដែលមានការប្រឈមនានាកើនឡើង ដែលក្នុងនោះរួមមានទាំងវិធានការបែបគឃ្លើនរបស់សាធារណរដ្ឋប្រជាមានិតចិនផងដែរ។
នៅឯកិច្ចប្រជុំកាលពីថ្ងៃទី ១២ ខែមីនាកន្លងទៅនេះ លោកប្រធានាធិបតី Biden បាននិយាយថា មេដឹកនាំក្រុមប្រទេស Quad ទាំងអស់ បានរួមសាមគ្គីគ្នាជុំវិញក្ដីកង្វល់របស់ពួកគេដែលចង់ឃើញ «តំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានលក្ខណៈសេរីនិងបើកចំហ»។
លោក Biden បានសន្យាថា នឹងធ្វើការជាមួយដៃគូនានានៃក្រុមប្រទេស Quad «និងសម្ព័ន្ធមិត្តទាំងអស់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ដើម្បីសម្រេចឲ្យបាននូវស្ថិរភាព» និងដើម្បីបង្កើតនូវដំណោះស្រាយនានាដែលអាចសម្រចបាននូវលទ្ធផលជាក់ស្ដែង។
របៀបវារៈនៃកិច្ចប្រជុំនេះមានដូចជាវិបត្តិជំងឺកូវីដ១៩ និងវិធានការចំពោះវិបត្តិនេះ បញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាបច្ចេកវិទ្យាលេចឡើងនានា ក្នុងចំណោមបញ្ហាផ្សេងៗទៀត។
បន្ទាប់ពីកិច្ចប្រជុំនេះបានបញ្ចប់ទៅ មេដឹកនាំទាំង ៤ រូប ដែលរួមមាននាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison និងលោកប្រធានាធិបតី Biden បានសរសេរអត្ថបទបញ្ចេញមតិមួយបោះពុម្ពនៅក្នុងកាសែត The Washington Post។
មេដឹកនាំទាំង ៤ រូបបាននិយាយថា ពួកគេ «ខិតខំធ្វើយ៉ាងណាដើម្បីធានាថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាតំបន់បើកទូលាយនិងពោរពេញដោយថាមពល ដែលឈរលើច្បាប់អន្តរជាតិនិងគោលការណ៍រឹងមាំនានាដូចជា សេរីភាពនៃការធ្វើនាវាចរណ៍និងដំណោះស្រាយដោយសន្តិវិធីសម្រាប់ជម្លោះផ្សេងៗ ក៏ដូចជាដើម្បីធានាថា ប្រទេសទាំងអស់អាចមានជម្រើសនយោបាយដោយខ្លួនឯងដោយគ្មានការបង្ខិតបង្ខំ»។
ពួកគេបានឯកភាព «សហការនិងដោះស្រាយបញ្ហាប្រឈមផ្សេងៗដែលកើតឡើងដោយសារបច្ចេកវិទ្យាថ្មី ក៏ដូចជាសហការលើបទដ្ឋាននិងស្ដង់ដារនានាដែលគ្រប់គ្រងលើនវានុវត្តន៍នៃអនាគត»។
ដោយទទួលស្គាល់នូវភាពបន្ទាន់ជាសាកលនៃបញ្ហាប្រែប្រួលអាកាសធាតុ មេដឹកនាំទាំង ៤ រូប បានសន្យាធ្វើការជាមួយគ្នាដើម្បីពង្រឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ និងដើម្បីធ្វើឲ្យប្រសើរឡើងនូវវិធានការរបស់ប្រទេសទាំងអស់ទាក់ទិននឹងបញ្ហាអាកាសធាតុ។
មេដឹកនាំទាំង ៤ រូបក៏បានសម្ដែងការតាំងចិត្តរបស់ពួកគេផងដែរដើម្បីបញ្ចប់វិបត្តិជំងឺកូវីដ១៩ និងបានប្រកាសថា ពួកគេនឹងបញ្ចូលរួមគ្នានូវ «ភាពប៉ិនប្រសប់បែបវិទ្យាសាស្ត្រ ហិរញ្ញប្បទាន សមត្ថភាពផលិតកម្មខ្លាំងក្លា និងប្រវត្តិជាយូរមកហើយនៃភាពជាដៃគូផ្នែកសុខភាពសាកលដើម្បីបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងសង្គ្រោះជីវិត ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការពហុភាគីនានា ដែលក្នុងនោះមានទាំងអង្គការសុខភាពពិភពលោក (WHO) និងកម្មវិធី COVAX របស់អង្គការនេះផងដែរ»។
ដោយកត់សម្គាលឃើញថា ពិភពលោកបានទ្រាំទ្រនឹងភាពឈឺចាប់អស់រយៈពេលជាច្រើនខែកន្លងមកនេះ មេដឹកនាំនៃប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក បានហៅ «ភាពជាដៃគូ» របស់ពួកគេថាជា «ពន្លឺនៃក្ដីសង្ឃឹមដែលបំភ្លឺផ្លូវទៅខាងមុខ»។
ពួកគេបានសរសេរថា៖ «គ្រឹះនៃលទ្ធិប្រជាធិបតេយ្យរបស់យើងនិងការតាំងចិត្តនៅក្នុងការចូលរួមបានធ្វើឲ្យយើងរួបរួមគ្នា»។
ពួកគេបានសរសេរបន្ថែមថា៖ «យើងដឹងថា យើងអាចផ្ដល់សុវត្ថិភាពនិងវិបុលភាពដល់ប្រជាពលរដ្ឋរបស់យើងនៅក្នុងប្រទេសបាន ដោយការតតាំងរួមគ្នាជាមួយនឹងវិបត្តិនានានៅលើពិភពលោក ពោរពេញដោយគោលបំណងជាក់លាក់និងការតាំងចិត្ត»៕