តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
លោកប្រធានាធិបតី Joe Biden បានបង្ហាញចំណុចសំខាន់ៗនៃគោលនយោបាយការបរទេសធំៗរបស់លោកសម្រាប់ពេលអនាគតដ៏ខ្លីខាងមុខនេះ។ ចំណុចសំខាន់ធំមួយក្នុងបណ្តាចំណុចសំខាន់ៗទាំងនេះ គឺការបញ្ចាប់សង្គ្រាមក្នុងប្រទេសយេម៉ែន។
ប្រទេសយេម៉ែន ជាប្រទេសក្រីក្របំផុតក្នុងបណ្តាប្រទេសអារ៉ាប់ទាំងអស់។ ប្រទេសនេះ បានរងគ្រោះជាយូរមកហើយដោយសារភាពទីទាល់ក្រតាមតំបន់ដែលភាគច្រើនដោយសារការខ្វះទឹកនិងធនធានផ្សេងទៀត ការកើនចំនួនប្រជារាស្ត្រយ៉ាងច្រើន ជម្លោះក្នុងមូលដ្ឋាន និងអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរ។ បន្ថែមពីលើនេះ សង្គ្រាមស៊ីវិលមួយដែលបានចាប់ផ្តើមកាលពីឆ្នាំ២០១៤ មិនយូរប៉ុន្មាន បានក្លាយទៅជាសង្គ្រាមប្រយោលមួយរវាងប្រទេសអ៊ីរ៉ង់ និងបណ្តាប្រទេសអារ៉ាប់ដឹកនាំដោយប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត។ ហើយជាលទ្ធផល គឺប្រជារាស្ត្រស៊ីវិលជាអ្នករងគ្រោះបំផុត។
សព្វថ្ងៃនេះ មនុស្សជាង២៤លាន ៣សែននាក់ក្នុងប្រទេសយេម៉ែន មានសិទ្ធិទទួលជំនួយមនុស្សធម៌ និងការការពារ។ ចាប់តាំងពីឆ្នាំ២០១៥មក ជនស៊ីវិលរាប់ម៉ឺននាក់ត្រូវបានសម្លាប់ ហើយមនុស្សប្រមាណ៣លាន ៦សែននាក់ទៀត បានខ្ចាត់ព្រាត់ពីផ្ទះសំបែងពួកគេ។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា «យើង...កំពុងបង្កើនកិច្ចការទូតរបស់យើងដើម្បីបញ្ចប់សង្គ្រាមក្នុងប្រទេសយេម៉ែន ដែលជាសង្គ្រាមមួយបានបង្កើតឱ្យមានមហន្តរាយខាងមនុស្សធម៌និងខាងយុទ្ធសាស្ត្រ»។
លោកប្រធានាធិបតីបានមានប្រសាសន៍ទៀតថា «ខ្ញុំបានសុំដល់ក្រុមការងារខ្ញុំ ដែលទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ាឱ្យគាំទ្រដល់ការផ្តើមគំនិតរបស់អង្គការសហប្រជាជាតិក្នុងការអនុវត្តន៍ការឈប់បាញ់គ្នាមួយ បើកចំហបណ្តាញមនុស្សធម៌ និងធ្វើឱ្យមានកិច្ចចរចាសន្តិភាពឡើងវិញ»។
នៅពេលជាមួយគ្នានោះ លោកប្រធានាធិបតី បានប្រកាសអំពីការតែងតាំងអ្នកការទូតជើងចាស់និងជាអ្នកជំនាញខាងកិច្ចការតំបន់ឈូងសមុទ្រ Perse គឺលោក Timothy Lenderking ឱ្យកាន់តំណែងជាប្រេសិតពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការប្រទេសយេម៉ែន។ លោកនឹងមើលការខុសត្រូវអំពីកិច្ចខិតខំប្រឹងប្រែងខាងការទូតរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមនេះ។ លោកប្រធានាធិបតី Biden បានមានប្រសាសន៍ទៀតថា៖
«លោក Tim មានបទពិសោធន៍មួយជីវិតក្នុងតំបន់នោះ ហើយលោកនឹងធ្វើការជាមួយប្រេសិតអង្គការសហប្រជាជាតិ និងភាគីទាំងអស់នៃជម្លោះនេះដើម្បីជំរុញឱ្យមានដំណោះស្រាយខាងការទូតមួយ។ ហើយកិច្ចការទូតរបស់លោក Tim នឹងត្រូវទ្រទ្រង់ដោយទីភ្នាក់ងារជំនួយ USAID និងក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីឱ្យប្រាកដប្រជាថា ជំនួយមនុស្សធម៌ បានទៅដល់ពលរដ្ឋយេម៉ែន ដែលបានរងគ្រោះដោយសារការខ្ទេចខ្ទាំ ដែលមិនអាចទ្រាំទ្របានទៀតទេ»។
ជាទីបញ្ចប់ លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបញ្ឈប់ការគាំទ្រទាំងអស់របស់សហរដ្ឋអាមេរិកដល់កិច្ចប្រតិបត្តិការវាយលុកក្នុងសង្គ្រាមក្នុងប្រទេសយេម៉ែន ដោយមានរួមបញ្ចូលទាំងការលក់អាវុធផងដែរ។ តែយ៉ាងណាក៏ដោយ ក៏សហរដ្ឋអាមេរិក នឹងមិនបោះបង់យុទ្ធនាការរបស់ខ្លួនប្រឆាំងពួក al-Qa’ida ក្នុងឧបទ្វីបអារ៉ាប់ទេ ដែលភាគច្រើនធ្វើក្នុងប្រទេសយេម៉ែន ហើយក៏មិនបញ្ឈប់ការគាំទ្ររបស់ខ្លួនដល់សមត្ថភាពការពាររបស់ប្រទេសអារាប៊ីសាអ៊ូឌីតដែរ។ លោកប្រធានាធិបតី Biden បានមានប្រសាសន៍បន្ថែមទៀតថា៖
«ប្រទេសអារាប៊ីសាអ៊ូឌីត ប្រឈមនឹងការវាយប្រហារដោយមីស៊ីល ការវាយប្រហារដោយយន្តហោះគ្មានអ្នកបើកបរ UAV និងការគំរាមកំហែងឯទៀតៗពីកងកម្លាំងទទួលជំនួយពីអ៊ីរ៉ង់នៅក្នុងប្រទេសជាច្រើន។ យើងនឹងបន្តគាំទ្រនិងជួយប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីតការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី ព្រមទាំងប្រជាពលរដ្ឋរបស់ផងខ្លួន»។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា «សង្គ្រាមនេះ ត្រូវតែចប់»៕