តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ដោយចាត់វិធានការផ្អែកលើជំនឿដែលថា ការប្រកួតប្រជែងខ្លាំងក្លាតម្រូវឱ្យមានការទូតខ្លាំងក្លា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី ១៦ ខែមិថុនាដើម្បីជួបជាមួយនឹងថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន។
កាលពីខែកុម្ភៈ លោករដ្ឋមន្ត្រី Blinken បានលុបចោលទស្សនកិច្ចគ្រោងទុកទៅកាន់ទីក្រុងប៉េកាំង បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិនបានបង្ហោះបាឡុងចារកម្មកាត់ពីលើសហរដ្ឋអាមេរិក។
នៅក្នុងសន្និសីទកាសែតតាមទូរស័ព្ទជាមួយនឹងអ្នកយកព័ត៌មាន ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកលោក Daniel Kritenbrink បាននិយាយថា៖ «មិនមានការជំនួសណាមួយសម្រាប់ការប្រជុំដោយផ្ទាល់នោះទេ ហើយសហរដ្ឋអាមេរិក...មានបទពិសោធន៍ជ្រាលជ្រៅនៅក្នុងការចរចានិងសូម្បីតែការធ្វើការជាមួយនឹងគូប្រជែងរបស់ខ្លួននៅពេលមានការពាក់ព័ន្ធនឹងផលប្រយោជន៍របស់ខ្លួន»។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mathew Miller បាននិយាយមុនដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី Blinken ទៅកាន់ប្រទេសចិននេះថា ទស្សនកិច្ចនេះមានគោលបំណង ៣។
លោកថ្លែងដូច្នេះថា៖ «សម្រាប់គោលបំណងទីមួយ លោករដ្ឋមន្ត្រី [Blinken] ចង់បង្កើតបណ្ដាញទំនាក់ទំនងដែលបើកចំហនិងផ្ដល់សិទ្ធិអំណាចក្នុងការពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗ ដោះស្រាយការភាន់ច្រឡំ និងបង្ការការប៉ាន់ស្មានខុសដើម្បីគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសយើងទាំងពីរ»។
លោកបានបន្តថា៖ «គោលបំណងទីពីរគឺដូចដែលយើងតែងតែធ្វើដូច្នេះដែរ លោករដ្ឋមន្ត្រី [Blinken] នឹងងើបឈរនិយាយការពារគុណតម្លៃនិងផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ លោកនឹងលើកឡើងយ៉ាងច្បាស់និងដោយស្មោះត្រង់អំពីក្ដីបារម្ភរបស់យើងលើបញ្ហាជាច្រើន ហើយលោកនឹងពិភាក្សាអំពីបញ្ហាផ្សេងៗទាំងក្នុងតំបន់និងលើពិភពលោក»។
លោក Miller បានបន្ថែមថា៖ «សម្រាប់គោលបំណងទីបី លោករដ្ឋមន្ត្រី [Blinken] តាំងចិត្តនៅក្នុងការស្វះស្វែងរកកិច្ចសហប្រតិបត្តិការដែលអាចទៅរួចណាមួយលើបញ្ហាប្រឈមឆ្លងព្រំដែន នៅពេលដែលវាពាក់ព័ន្ធនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិកលើផ្នែកនានាដូចជាអាកាសធាតុនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចសាកលលោកជាដើម»។
លោក Miller បានថ្លែងទៀតថា លោករដ្ឋមន្ត្រី Blinken «មើលឃើញច្បាស់លាស់» អំពីដំណើរទស្សនកិច្ចនេះនិងភាពខុសគ្នាដែលសហរដ្ឋអាមេរិកមានជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិនលើបញ្ហាជាច្រើន។
លោក Miller បានរំឭកមិនឱ្យមានការរំពឹងទុកណាមួយថានឹងមានការទម្លាយភាពទាល់ច្រកទាក់ទិននឹងបញ្ហាទាំងនេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី Blinken នេះ។
ប៉ុន្តែ លោក Miller បានប្រកាសថា ក្នុងនាមជាប្រទេសមហាអំណាចពីរនៅលើពិភពលោក វាសំខាន់ដែលសហរដ្ឋអាមេរិកនិងសាធារណរដ្ឋប្រជាមានិតចិន «ធ្វើឱ្យប្រាកដថាមិនមានការប៉ាន់ស្មានខុសណាមួយលើភាគីម្ខាងទៀតអំពីគោលបំណងរបស់ភាគីនោះ នៅពេលដែលយើងកំពុងតាមដានមើលគ្នាទៅវិញទៅមកនិងតាមដានមើលវិធានការដែលយើងអនុវត្ត និងថានៅពេលដែលយើងមានបញ្ហា យើងអាចលើកឡើងអំពីបញ្ហាទាំងនោះដោយផ្ទាល់ជាមួយគ្នាទៅវិញទៅមក។ ដូច្នេះ ការយល់ច្រឡំនឹងមិនអាចឈានទៅដល់ការប៉ាន់ស្មានខុសប្រកបដោយគ្រោះថ្នាក់បានទេ»៕