តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីថ្ងៃទី២៤ ខែកុម្ភៈ វីអូអេសំឡេងសហរដ្ឋអាមេរិក បានប្រារព្ធខួបឆ្នាំទី៧៩នៃការផ្សាយលើកដំបូងរបស់ខ្លួន។
ក្នុងរយៈពេលដ៏ខ្មៅងងឹតនៅដើមសង្គ្រាមលោកលើកទីពីរ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចថា មានសេចក្តីត្រូវការដើម្បីទប់ទល់នឹងការឃោសនារបស់ពួក Nazi ដោយបង្កើតបណ្តាញវិទ្យុអន្តរជាតិផ្ទាល់ខ្លួនមួយ ដែលអាចផ្តល់ព័ត៌មានត្រឹមត្រូវ និងគ្មានលម្អៀង។ ដូច្នេះ វីអូអេត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែកុម្ភៈឆ្នាំ១៩៤២ ហើយបានផ្សាយជាលើកដំបូងរបស់ខ្លួនចំនួន១៥នាទីជាភាសាអាល្លឺម៉ង់នៅថ្ងៃទី២៤កុម្ភៈ។
« Hier spricht die Stimme Amerika. Heute, und taeglich von Heute an...នេះជាសំឡេងមួយនិយាយចេញពីប្រទេសអាមេរិក។ ជារៀងរាល់ថ្ងៃនៅពេលនេះ យើងនឹងនិយាយទៅកាន់លោកអ្នកអំពីប្រទេសអាមេរិក និងសង្គ្រាម។ ព័ត៌មានអាចល្អ ឬអាក្រក់។ យើងនឹងនិយាយប្រាប់លោកអ្នកអំពីការពិត»។
ចាប់តាំងពីដំបូងមក វីអូអេសំឡេងសហរដ្ឋអាមេរិក ស្វះស្វែងផ្តល់ព័ត៌មានអំពីជីវិតរស់នៅក្នុងប្រទេសអាមេរិក។ ជាការពិត ដូចការតម្រូវក្នុងច្បាប់វីអូអេចាំបាច់ត្រូវផ្សាយព័ត៌មានត្រឹមត្រូវ មិនលម្អៀង និងទូលំទូលាយ បង្ហាញគំនិត និងស្ថាប័នសំខាន់ៗរបស់អាមេរិកាំងដោយមានតុល្យភាពនិងទូលំទូលាយ ព្រមទាំងបង្ហាញនូវគោលនយោបាយរបស់សហរដ្ឋអាមេរិកផងដែរ។
លោកប្រធានាធិបតី John Kennedy បានមានប្រសាសន៍នៅខួបឆ្នាំទី២០នៃវីអូអេថា កាតព្វកិច្ចរបស់វីអូអេ គឺ«និយាយអំពីរឿងរបស់ប្រទេសអាមេរិកប្រាប់ពិភពលោក»។ លោកប្រធានាធិបតី Kennedy បានមានប្រសាសន៍ថា៖
«នេះជាកាតព្វកិច្ចពិបាកនិងត្រូវមានការប្រយ័ត្នប្រយែងជាទីបំផុត។ ម្យ៉ាងលោកអ្នកជាសាខារបស់រដ្ឋាភិបាល ហេតុដូច្នេះជាសាខារបស់ប្រទេសជាតិ ហើយនេះជាកាតព្វកិច្ចលោកអ្នកក្នុងការផ្សាយរឿងរបស់យើងទៅទូទាំងពិភពលោកក្នុងបែបបទមួយដែលតំណាងឲ្យលទ្ធិប្រជាធិបតេយ្យនិងសហរដ្ឋអាមេរិក យ៉ាងល្អប្រសើរបំផុត។ តែម្យ៉ាងទៀតជាផ្នែកមួយនៃបុព្វហេតុសេរីភាព និងជាសាខាមួយនៃសេរីភាព លោកអ្នកត្រូវតែនិយាយរឿងរបស់យើងដោយពិតប្រាកដ ដោយនិយាយរឿងរបស់យើងដូចដែលលោក Oliver Cromwell បាននិយាយអំពីគំនូររូបលោកថា «ចូរគូររូបយើងដោយបង្ហាញស្នាមជាំនិងមុនលើមុខទាំងអស់របស់យើង គឺអ្វីៗទាំងអស់អំពីយើងដែលប្រហែលជាមើលទៅមិននាំឱ្យមានភាពទាក់ទាញភ្លាមៗនោះទេ»។
មនុស្សនៅទូទាំងពិភពលោក បានឮអំពីព្រឹត្តិការណ៍ធំៗក្នុងសតវត្សរ៍ទី២០តាមរយៈវីអូអេសំឡេងសហរដ្ឋអាមេរិកដោយមានរួមបញ្ចូលទាំងមនុស្ស៦១៥លាននាក់ ដែលបានស្តាប់ព័ត៌មានអំពីការចុះចតលើឋានព្រះច័ន្ទ្ កាលពីថ្ងៃទី២០ ខែកក្កដាឆ្នាំ១៩៦៩ ផងដែរ។
ដូចដែលក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសារ Twitter មួយកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ស្រាប់ហើយថា «នៅក្នុងការផ្សាយលើកដំបូងរបស់ខ្លួន វីអូអេបាននិយាយប្រាប់អ្នកស្តាប់ថា «ព័ត៌មានអាចល្អ ឬអាក្រក់។ យើងនឹងនិយាយការពិតប្រាប់លោកអ្នក»។ ចាប់តាំងពីការផ្សាយនោះមកដល់ថ្ងៃនេះ វីអូអេបានផ្សាយព័ត៌មានពាក់ព័ន្ធ និងការផ្សារជាប់ជាមួយប្រជាពលរដ្ឋនៅទូទាំងពិភពលោកក្នុងការគាំទ្រសេរីភាព និងលទ្ធិប្រជាធិបតេយ្យ»៕