តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
បន្ទាប់ពីតុលាការធម្មនុញ្ញនៃប្រទេស Benin បានផ្តល់ការយល់ព្រមដល់លទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោតប្រធានាធិបតីក្នុងប្រទេសនេះ ក្នុងប៉ែកខាងលិចនៃទ្វីបអាហ្វ្រិកកាលពីថ្ងៃទី១១ ខែមេសាមក លោក Patrice Talon ប្រធានាធិបតីជាប់ឆ្នោតជាថ្មី បានអំពាវនាវនៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជារាស្ត្រនៃប្រទេសលោកឱ្យធ្វើការជាមួយគ្នាក្នុង«ការស្រុះស្រួលគ្នា ឯកភាពជាតិ សន្តិភាពនិងសន្តិសុខ»។
ក៏ប៉ុន្តែឯកភាពជាតិនិងសន្តិភាពមិនមែនជាពាក្យស្លោកសម្រាប់ព្រឹត្តិការណ៍ទាក់ទិននឹងការបោះឆ្នោតប្រធានាធិបតីក្នុងប្រទេស Benin ក្នុងឆ្នាំនេះទេ។ នៅមុនការបោះឆ្នោត ដោយមានការគាំទ្រពីប្រធានាធិបតី Talon ច្បាប់ត្រូវបានឆ្លងកាត់រដ្ឋសភាដែលនាំឱ្យពួកប្រឆាំងមានការពិបាកក្នុងការឈរឈ្មោះក្នុងការបោះឆ្នោតនេះ ហើយមេដឹកនាំប្រឆាំងច្រើននាក់ បានចាកចេញពីប្រទេស។ នៅក្នុងការបោះឆ្នោតនោះ ស្ថានីយ៍បោះឆ្នោតក្នុងតំបន់ខ្លះ មិនអាចបើកបានទេ។
បន្ថែមលើនេះ ពួកមេដឹកនាំប្រឆាំងមួយចំនួនដែលបានស្ថិតនៅក្នុងប្រទេស ត្រូវបានចាប់ខ្លួនដោយសារអ្វីដែលពួកអ្នកសង្កេតការនិយាយថា មានហេតុផលខាងនយោបាយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Ned Price អ្នកនាំពាក្យនៃក្រសួងការបរទេសសហរដ្ឋអាមេរិក «បានកត់សម្គាល់ដោយមានកង្វល់អំពីការចាប់ឃុំឃាំងពួកអ្នកដឹកនាំនយោបាយប្រឆាំងទាក់ទិននឹងការបោះឆ្នោតកាលពីថ្ងៃទី១១ ខែមេសា។ ក្នុងចំណោមគោលការណ៍ប្រជាធិបតេយ្យដែលប្រទេសយើងទាំងពីរមានដូចគ្នា គឺការសន្មតថា គ្មានទោសរហូតពេលណារកឃើញថា មានទោសពៃរ៍តាមរយៈដំណើរការព្រហ្មទណ្ឌយុត្តិធម៌ជាបន្ទាន់ មានយុត្តិធម៌ មានតម្លាភាព និងមិនទាក់ទិននឹងនយោបាយថែមទៀតផង ព្រមទាំងសេរីភាពនៃការនិយាយស្តីបញ្ចេញមតិ និងការរួមប្រជុំដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេស Benin និងសហរដ្ឋអាមេរិក។
ពួកមេដឹកនាំប្រឆាំងខ្លះត្រូវបានចាប់ខ្លួនដោយជាប់សង្ស័យថា បាន«ផ្តល់ប្រាក់កាសឱ្យពួកភេរវជន» និង«ញុះញង់ឱ្យមានអំពើហិង្សា»។
អ្នកនាំពាក្យ Price បានថ្លែងថា «នៅពេលដែលយើងគិតគូរហ្មត់ចត់អំពីការចោទប្រកាន់ពីបទភេរវកម្ម និងការញុះញង់ឱ្យមានអំពើហិង្សា ប្រជារាស្ត្រ Benin មានសិទ្ធិទទួលព័តមានជាទៀងទាត់អំពីស្ថានភាពនៃករណីទាំងនេះ។ ភាពជាដៃគូផ្នែកសន្តិសុខសាកលរបស់យើងអាស្រ័យលើបណ្តាប្រទេសដៃគូធ្វើតាមកាតព្វកិច្ច និងការប្តេជ្ញាខាងសិទ្ធិមនុស្ស និងធ្វើឱ្យប្រាកដប្រជាថា កងកម្លាំងសន្តិសុខនិងប្រព័ន្ធតុលាការ មិនត្រូវប្រើដើម្បីគោលបំណងនយោបាយ»។
លោក Price បាននិយាយទៀតថា សហរដ្ឋអាមេរិក «កំពុងឃ្លាំមើលដិតដល់សកម្ម ភាពនៃរដ្ឋាភិបាល Benin»។ លោកបានថ្លែងបន្ថែមថា «ការគោរពនិងការការពារសេរីភាពជាមូលដ្ឋាន ការជួបជុំគ្នាដោយសន្តិវិធី និងឯករាជ្យភាពនៃអង្គតុលាការមានសារៈសំខាន់ដល់ប្រទេសប្រជាធិបតេយ្យទាំងអស់។ ពួកប្រទេសដែលការពារសិទ្ធិ មនុស្ស អាចធ្វើឱ្យមានភាពសំបូររុងរឿងខ្លាំង និងសន្តិសុខសម្រាប់ប្រជារាស្ត្រទាំងអស់»៕