តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងសុន្ទរកថាបើកសម្ពោធសន្និសីទឥណ្ឌូប៉ាស៊ីហ្វិកស្តីពីការពង្រឹងអភិបាលកិច្ចទន្លេឆ្លងកាត់ព្រំដែននាពេលថ្មីៗនេះ លោក David Stilwell ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ថ្លែងថា៖ «ទន្លេមិនមែនគ្រាន់តែជាលក្ខណៈភូមិសាស្ត្រមួយនោះទេ។ វា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ជីវិតមនុស្ស»។
លោក David Stilwell បន្តថា៖ «ហើយជាពិសេសប្រជាជននៅតំបន់ទន្លេមេគង្គដឹងអំពីការពិតនេះ ពីព្រោះពួកគេកំពុងរស់នៅជាមួយនឹងផលលំបាកដ៏អាក្រក់បណ្តាលមកពីការគ្រប់គ្រងទឹកនៃតំបន់ជាប់ទន្លេមេគង្គផ្នែកខាងលើ។ មនុស្សរាប់សិបលាននាក់ ដែលចាត់ទុកទន្លេមេគង្គជាជីវិត កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដែលកំពុងកើនឡើង»។
ស្ថាប័នសិក្សាស្រាវជ្រាវ East-West Center ក្រោមការសហការជាមួយក្រសួងការបរទេសសហរដ្ឋអាមេរិក និងគម្រោងភាពជាដៃគូតំបន់ទន្លេមេគង្គនិងសហរដ្ឋអាមេរិក បានរៀបចំសន្និសីទតាមអ៊ីនធឺណិតមួយនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ ដោយប្រមូលអ្នកបង្កើតគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ សមាជិកសង្គមស៊ីវិល និងបណ្តាភាគីពាក់ព័ន្ធបញ្ហាទន្លេឆ្លងកាត់ព្រំដែនពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីឲ្យមកចែករំលែកការអនុវត្តល្អៗ ទាក់ទងនឹងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការគ្រប់គ្រងដោយសហប្រតិបត្តិការនៃទន្លេឆ្លងកាត់ព្រំដែននានា។
លោកឧបការីរដ្ឋមន្ត្រីការបរទេស Stilwell បានគូសបញ្ជាក់អំពីគម្រោងភាពជាដៃគូតំបន់ទន្លេមេគង្គនិងសហរដ្ឋអាមេរិកថ្មី និងតួនាទីនៃគម្រោងនេះ ក្នុងការពង្រីកការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយប្រទេសទាំង៥ នៃអនុតំបន់ទន្លេមេគង្គ។
លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ទន្លេមេគង្គដូចដែលបានបង្ហាញដោយទឹកប្រាក់ផ្តល់ទៅក្នុងតំបន់នោះចាប់តាំងពីឆ្នាំ២០០៩ ចំនួន៣,៩ ពាន់លានដុល្លារអាមេរិក ក៏ដូចជាការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់សហរដ្ឋអាមេរិក ចំពោះគណៈកម្មការទន្លេមេគង្គ និងអភិបាលកិច្ចទន្លេឆ្លងកាត់ព្រំដែនប្រកបដោយតម្លាភាព។
លោក Stilwell ក៏បានលើកឡើងអំពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកចំពោះការគ្រប់គ្រងដោយឯកតោភាគីរបស់ប្រទេសចិនលើលំហូរទឹកទន្លេមេគង្គ និងអំពីតម្រូវការសម្រាប់ការចែករំលែកទិន្នន័យទឹកគ្រប់ជ្រុងជ្រោយពេញមួយឆ្នាំៗតាមរយៈគណៈកម្មការទន្លេមេគង្គផងដែរ។
នៅក្នុងសុន្ទរកថាបិទកម្មវិធី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ លោក Michael DeSombre មានប្រសាសន៍ថា៖ «ភាពជោគជ័យនៅក្នុងតំបន់ទន្លេមេគង្គនឹងមិនត្រឹមតែអាស្រ័យលើស្ថាប័ននិងភាពជាដៃគូរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើលំហូរទិន្នន័យប្រកបដោយតម្លាភាពផងដែរ។ នោះហើយជាមូលហេតុដែលសហរដ្ឋអាមេរិក បានបង្កើតគំនិតផ្តួចផ្តើមទិន្នន័យទឹកទន្លេមេគង្គ ឬ Mekong Water Data Initiative ដោយមានការចូលរួមពីដៃគូរដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាលជាង៦០ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការចែករំលែកទិន្នន័យ និងការសម្រេចចិត្តផ្អែកលើវិទ្យាសាស្ត្រ។ វេទិកាវ៉េបសាយ The MekongWater.org ដែលប្រកាសដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo កាលពីឆ្នាំមុន មានឧបករណ៍ជាង៤០ រាប់ចាប់ពីការព្យាករណ៍អាកាសធាតុ រហូតដល់ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្ររបស់ប្រជាពលរដ្ឋ។
លោកឯកអគ្គរដ្ឋទូត DeSombre និយាយថា សហរដ្ឋអាមេរិក«គ្រោងនឹងបង្ហាញពីការធ្វើឱ្យប្រសើរឡើងដ៏សំខាន់មួយ សម្រាប់វេទិកានេះ នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ»។
សហរដ្ឋអាមេរិករួមជាមួយបណ្តាប្រទេសជាមិត្តនិងសម្ព័ន្ធមិត្តមកពីទូទាំងពិភពលោក ប្តេជ្ញាបន្តភាពជាដៃគូជាមួយបណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ ដើម្បីកសាងអនាគតប្រកបដោយភាពរុងរឿង និរន្តរភាព និងសុខុមាលភាព ផ្អែកលើធនធានរួមទាំងនេះ៕