បទ​វិចារណកថា៖ សម្ព័ន្ធភាព​មួយ​​​រវាង​​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​ដែល​ខ្លាំង​និង​​លូតលាស់

រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin និង​​​​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​លោក Hamada Yasukazu ត្រួត​ពល​នៅ​ក្រសួងការពារ​ជាតិ​ជប៉ុន​​នៅ​រាជធានី​តូក្យូ ប្រទេស​ជប៉ុន។

តទៅ​នេះ​ ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​

នៅ​ក្នុង​ទស្សនកិច្ច​កាលពី​ពេល​ថ្មីៗ​នេះ​របស់​លោក​ក្នុង​ប្រទេស​ជប៉ុន រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បានហៅពេល​វេលានេះ​ថា​ជា៖ «ពេល​វេលា​មួយនៃ​សម្ទុះជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុងសម្ព័ន្ធភាពរវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជប៉ុន»។

លោកបាន​និយាយ​ថា៖ «កងយោធា​របស់​យើង​ធ្វើ​កិច្ចប្រតិបត្តិការ​និង​ហ្វឹកហ្វឺន​ជាមួយ​គ្នា​ដូច​ពេល​មុនៗ​ដើម្បីរក្សាឱ្យ​មាន​សន្តិភាព​ ​ធ្វើ​ឱ្យ​ញញើត​មិន​ហ៊ាន​ឈ្លានពាននិងឆ្លើយ​តប​នឹងវិបត្តិ»។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​លោក Hamada Yasukazu ​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាននិយាយយោង​ដល់ឧបសគ្គ​មួយ​ចំនួននៅ​ពេល​បច្ចុប្បន្ន​នេះ។

លោក Austin បាននិយាយ​ថា៖ «យើងខ្វល់ខ្វាយ​ខ្លាំង​ដោយសារ​ការ​បង្ខិតបង្ខំ​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ការ​ប៉ុនប៉ង​របស់​ចិន​ក្នុង​ការ​បំផ្លាញសណ្ដាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើបទបញ្ញត្តិ។ ហើយ​នៅ​ពេល​ជា​មួយគ្នា​នេះ រុស្ស៊ី​នៅ​តែ​បន្ត​ធ្វើ​សង្គ្រាមគ្មាន​ការ​បង្កហេតុ​ ដ៏​ឃោរឃៅប្រឆាំងនឹង​ប្រទេស​អ៊ុយក្រែន។​ យើងអរគុណដល់​ជំនួយរបស់ជប៉ុនដល់​អ៊ុយក្រែនដើម្បីប្រឆាំង​នឹង​កិច្ចប្រឹងប្រែង​នានា​ដើម្បី​កែប្រែភាព​ស្ថានភាពបច្ចុប្បន្នដោយ​ការ​ប្រើ​កម្លាំង»។

​កម្មវិធីនុយក្លេអ៊ែរនិង​មីស៊ីលប្រកបដោយ​គ្រោះថ្នាក់​និង​ធ្វើ​ឱ្យ​មាន​អស្ថិរភាពរបស់​កូរ៉េខាងជើង មាន​រួមការ​បង្ហោះ​ផ្កាយ​រណប​វិទ្យាសាស្ត្រគ្មានជោគជ័យកាលពី​ពេល​ថ្មី​នេះរបស់​ប្រទេស​នេះ ក៏​គំរាមកំហែង​ដល់សន្តិភាពនិង​ស្ថិរភាព​ក្នុង​តំបន់​ដែរ។

លោក Austin បាន​មាន​ប្រសាសន៍​ថា៖ «ដោយសារយើង​ប្រឈម​នឹង​ឧបសគ្គដូច​គ្នា ខ្ញុំស្ថិត​នៅ​ទីនេះ​ដើម្បី​បញ្ជាក់​ជា​ថ្មីអំពី​ការ​ប្តេជ្ញា​គ្មាន​ងាករេរបស់​អាមេរិកដល់​ប្រទេស​ជប៉ុន។ នេះមានរួមការ​បន្ត​ធ្វើ​ឱ្យ​ញញើតដោយសារ​ការ​ផ្តល់​អាវុធ​ធម្មតា​មិនមែន​ជា​អាវុធ​នុយក្លេអ៊ែរ​និង​សមត្ថភាព​នុយក្លេអ៊ែរ»។

លោក​រដ្ឋមន្ត្រី Austin បាន​សរសើរ​គោល​នយោបាយ​សន្តិសុខ​ជាតិ​ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​របស់​ប្រទេស​ជប៉ុន មានរួមការសម្រេចចិត្តបង្កើនចំណាយ​ខាង​ការពារ​ជាតិនិងការមាន​សមត្ថភាពទប់ទល់​នឹង​ការវាយប្រហារ។ លោកបាន​កត់សម្គាល់ដោយ​មោទនភាព​អំពី​សេចក្តី​សម្រេចរបស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ទីតាំងកង​កម្លាំង​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​ជប៉ុន​ដោយ​តាំងទី​កងកម្លាំង​រហ័សរហួន ចល័ត​និង​មាន​ភាព​ធន់​ជាង​មុន មានរួមទាំងកង​វរសេនា​ធំ Marine Corps Regiment ផង​ដែរ។

ប្រទេស​ទាំង​ពីរ​ក៏​ពង្រឹង​ការ​ចែកចាយព័ត៌មាន ​ការ​ធ្វើ​ការ​ជាមួយ​គ្នាអំពី​បច្ចេកវិទ្យា​ទំនើប មានរួម​ប្រព័ន្ធ​ស្វ័យភាព​សម្រាប់ធ្វើការ​រួមគ្នា​ជា​មួយកង​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​និង​ប្រព័ន្ធ​ការពារ​ដែនអាកាសទំនើប ​និង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាងចង្វាក់​ផ្គត់ផ្គង់របស់​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​និងមូលដ្ឋាន​ឧស្សាហកម្ម។

រដ្ឋមន្ត្រីការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Austin ក៏បាន​កត់សម្គាល់ការងារ​សំខាន់ដែល​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជប៉ុន​កំពុង​ធ្វើ​ជាមួយ​ពួក​ដៃគូ​មាន​គំនិត​ដូចគ្នា មាន​រួម​ប្រទេស​អូស្ត្រាលី សាធារណរដ្ឋ​កូរ៉េ ឥណ្ឌា​និង​ប្រទេស​ហ្វីលីពីន​«ដែល​មាន​គុណតម្លៃ​និង​គោលដៅដូចគ្នា​ដើម្បី​បន្ត​លើក​តម្កើងតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​មួយដែល​សេរីនិង​បើក​ចំហ»។

លោក​រដ្ឋមន្ត្រី Austin ​បាន​ប្រកាសអំពី​ទស្សនកិច្ចរបស់​លោកថា៖ ​«អ្វី​ដែល​ជា​ចំណុចសំខាន់​គឺ ​សហរដ្ឋ​អាមេរិក​និង​ជប៉ុនបាន​ធ្វើ​ឱ្យ​មាន​ការ​ជឿនលឿនជាមួយ​គ្នា​ ហើយខ្ញុំមានការ​ជឿទុកចិត្តថាសម្ព័ន្ធភាព​របស់​យើង​នឹង​លូតលាស់ខ្លាំង​ជាង​មុននៅ​ពេល​យើងកសាងបន្ថែម​លើ​សន្ទុះ​នេះ»៕