បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​ ចូលរួម​ជា​ថ្មី​ក្នុង​អង្គការ​សុខភាព​ពិភពលោក

រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក Joe Biden ចុះ​ហត្ថលេខា​លើ​បទបញ្ជា​នីតិ​ប្រតិបត្តិ​ដែល​ជា​ផ្នែកមួយ​នៃ​ការឆ្លើយតប​ទៅនឹង​ការដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ១៩ នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក ​នៅតែ​ជា​សមាជិក​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)។ ក្នុង​ពេល​ភ្លាមៗ បន្ទាប់ពី​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក លោក​ប្រធានាធិបតី Joe Biden បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ច្បាប់​លុបចោល​សេចក្ដី​សម្រេច​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump នៅ​ក្នុង​ការ​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​អង្គការ WHO។

អ្នកស្រី​អនុ​ប្រធានាធិបតី Kamala Harris បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​អគ្គ​នាយក​អង្គការ WHO លោក Tedros Adhanom Ghebreyesus អំពី​ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ចូលរួម​ឡើង​វិញ​ជាមួយ​នឹង​អង្គការ WHO បំពេញ​កាតព្វកិច្ច​ផ្នែក​ហិរញ្ញវត្ថុ​របស់​ខ្លួន និង​ធ្វើការ​ក្នុង​នាម​ជា​ដៃគូ​វិជ្ជមាន​ដើម្បី​ពង្រឹង​និង​កែ​ទម្រង់​អង្គការ WHO។

អ្នកស្រី​អនុ​ប្រធានាធិបតី Harris បាន​សង្កត់​ធ្ងន់​ថា អ្នកស្រី​និង​លោក​ប្រធានាធិបតី Biden ជឿ​ថា អង្គការ WHO មាន​សារៈសំខាន់​ចាំបាច់​នៅ​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​កូវីដ១៩ និង​កសាង​សុខភាព​សាកលោក និង​ការ​ប្រុងប្រៀប​រៀបចំ​ទល់ទល់​នឹង​ជំងឺ​រាតត្បាត​បាន​ប្រសើរ​ជាង​មុន។

លោក​វេជ្ជបណ្ឌិត Anthony Fauci ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ថ្មី​នៃ​គណៈ​ប្រតិភូ​សហរដ្ឋ​អាមេរិក​សម្រាប់​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​លើក​ទី ១៤៨ នៃ​អង្គការ WHO។ ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​នៅ​ឯ​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​អង្គការ WHO លោក​វេជ្ជបណ្ឌិត Fauci បាន​និយាយ​ថា៖ «ខ្ញុំ​ចូលរួម​ជាមួយ​អ្នក​តំណាង​ផ្សេង​ទៀត​នៅ​ក្នុង​ការ​ថ្លែង​អំណរ​គុណ​ដល់​អង្គការ WHO សម្រាប់​តួនាទី​របស់​អង្គការ​នេះ​ នៅ​ក្នុង​ការ​ដឹកនាំ​ការ​ឆ្លើយតប​ជា​សាកល​ផ្នែក​សុខភាព​សាធារណៈ​ចំពោះ​ជំងឺ​រាតត្បាត​នេះ»។

លោក Fauci បាន​បន្ថែម​ថា៖ «រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Biden ក៏​មាន​បំណង​ផងដែរ​នៅ​ក្នុង​ការ​ចូលរួម​ពេញលេញ​ក្នុង​ការ​ធ្វើ​ឲ្យ​សុខភាព​សាកលលោក​មាន​ភាព​ប្រសើរ​ឡើង ការ​គាំទ្រ​សន្តិសុខ​សុខភាព​សាកលលោក​ និង​របៀបវារៈ​សន្តិសុខ​សុខភាព​សាកលលោក និង​ការ​កសាង​អនាគត​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​សម្រាប់​មនុស្ស​គ្រប់​គ្នា»។

លោក​វេជ្ជបណ្ឌិត Fauci បាន​ប្រកាស​អំពី​គម្រោង​របស់​រដ្ឋបាល​លោក Biden នៅ​ក្នុង​ការ​ចូលរួម​ក្នុង​កម្មវិធី​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩ របស់​អង្គការ WHO ដែល​ហៅ​ថា COVAX និង​គាំទ្រ​កិច្ច​សហ​ប្រតិបត្តិការ​សាកលលោក​នៅ​ក្នុង​ការ​ពន្លឿន​ការ​ផលិត​និង​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩ ឲ្យ​បាន​ស្មើ​ភាព​របស់​ក្រុម​ប្រទេស G20 ដែល​ហៅ​ថា ACT-Accelerator ដើម្បី​បង្កើន​កិច្ច​ប្រឹងប្រែង​ពហុ​ភាគី​សម្រាប់​វ៉ាក់សាំង​កូវីដ១៩ ការ​ចែកចាយ​និង​ការ​អភិវឌ្ឍ​វិធី​ព្យាបាល​និង​វិធី​ធ្វើ​រោគ​វិនិច្ឆ័យ​នៅ​ជុំវិញ​ពិភពលោក។

កម្មវិធី COVAX មាន​គោល​បំណង​ពន្លឿន​ការ​អភិវឌ្ឍ​និង​ការ​ផលិត​វ៉ាក់សាំង​កូវីដ១៩ និង​ធានា​ឲ្យ​ប្រទេស​នានា​នៅ​លើ​ពិភពលោក​មាន​លទ្ធភាព​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩ ដោយ​ស្មើ​ភាព​គ្នា។

អគ្គ​នាយក​អង្គការ WHO លោក Ghebreyesus បាន​និយាយ​ថា៖ «នេះ ​គឺ​ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​អង្គការ WHO និង​ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​សុខភាព​សាកលលោក»។

លោក Ghebreyesus បាន​បន្ថែម​នៅ​លើ Twitter ថា៖ «អង្គការ WHO គឺ​ជា​គ្រួសារ​នៃ​ប្រទេស​ជាតិ​នានា ហើយ​យើង​ទាំង​អស់​គ្នា​មាន​សេចក្ដី​រីករាយ​ដែល​សហរដ្ឋ​អាមេរិក ​នៅតែ​ជា​សមាជិក​របស់​គ្រួសារ​នេះ»៕