តទៅនេះ ជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើបណ្តាញគេចពីទណ្ឌកម្មមួយដែលធ្វើការឱ្យអ្នកផ្តល់ប្រាក់កាសម្នាក់ឱ្យក្រុម Hizballah ឈ្មោះ Nazem Said Ahmad តាមរយៈអំណាចដាក់ទណ្ឌកម្មប្រឆាំងនឹងភេរវកម្មរបស់ខ្លួន។ កាលពីចុងឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើឈ្មោះ Ahmad ដោយសារបានផ្តល់ការគាំទ្រខាងសម្ភារៈឱ្យពួក Hizballah ដែលជាអង្គការមួយសហរដ្ឋអាមេរិកបានចាត់ទុកថាជាក្រុមភេរវជន។
កាលពីថ្ងៃទី១៨ ខែមេសា ក្រសួងការបរទេសសហរដ្ឋអាមេរិកនិងក្រសួងហិរញ្ញវត្ថុអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលនិងអង្គភាពចំនួន៥២ដែលបានសម្រួលការបង់ប្រាក់ និងការដឹកជញ្ជូន ប្រាក់កាស ពេជ្រ ត្បូងមានតម្លៃ សិល្បៈវត្ថុនិងទំនិញប្រណិតៗឱ្យឈ្មោះ Nazem Said Ahmad អ្នកប្រមូលវត្ថុសិល្បៈនិងអ្នកជួញដូរពេជ្រ។
លោក Nazem Said Ahmad ដឹកនាំបណ្តាញសាកលមួយដែលមានពួកសមាជិកគ្រួសារ ក្រុមសហការីនិងក្រុមហ៊ុនដែលទាញយកប្រយោជន៍ពីភាពកម្សោយក្នុងនិយ័តកម្មពេជ្រ ត្បូងមានតម្លៃនិងផ្សារវត្ថុសិល្បៈដើម្បីឱ្យទទួលបានទំនិញប្រណិតៗ។ បណ្តាញនេះប្រើវិធីផ្លូវច្បាប់និងវិធីខុសច្បាប់ដើម្បីទាក់ទាញពួកអ្នកចូលរួមឱ្យកែប្រែវិញ្ញាបនប័ត្រសម្រាប់អនុញ្ញាតឱ្យ Ahmad បំភ្លៃតម្លៃពេជ្រនិងពន្ធដារ និងទិញឬផ្ញើទុកវត្ថុប្រណិតៗនិងវត្ថុសិល្បៈពីកន្លែងដេញថ្លៃនិងវិចិត្រសាលនៅទូទាំងពិភពលោក។ បណ្តាញនេះបានបញ្ចុះតម្លៃវិក្ក័យប័ត្រសម្រាប់វត្ថុប្រណិតដឹកចូលក្នុងប្រទេសលីបង់តាមកំពង់ផែដោយមិនបង់ពន្ធគយ។
ពួកបុគ្គលសំខាន់ៗត្រូវដាក់ទណ្ឌកម្មមានរួមឈ្មោះ Firas Ahmad កូនប្រុសរបស់លោក Nazem Said Ahmad ដែលបំពេញកិច្ចការធុរកិច្ចរបស់ឪពុកគាត់នៅអាហ្វ្រិកខាងត្បូង; កូនស្រីរបស់ លោកNazem Said Ahmad ឈ្មោះ Hind Ahmad ដែលធ្វើឱ្យមានកិច្ចព្រមព្រៀងនានាក្នុងនាមឳពុកអ្នកស្រីនិងបានជួយបង្កើតឈ្មោះប្តូរមួយដើម្បីជួយគាត់ឱ្យគេចពីការដាក់ទណ្ឌកម្មនិងទិញវត្ថុសិល្បៈពីក្រុមហ៊ុនអាមេរិក; បងប្អូនថ្លៃគាត់ឈ្មោះ Rami Baker ដែលបម្រើការជាអ្នកតំណាង Nazem Said Ahmad ក្នុងក្រុមហ៊ុនជាច្រើនក្នុងប្រទេសលីបង់និងប្រទេសអង់ហ្គោឡា; និងប្រពន្ធគាត់ឈ្មោះ Rima Baker ដែលចាត់ការអំពីការដឹកជញ្ជូននិងការផ្តល់ភ័ស្តុភារនៃវត្ថុសិល្បៈពីសហរដ្ឋអាមេរិកនិងវិចិត្រសាលបរទេសមានតម្លៃរាប់លានដុល្លារចូលទៅក្នុងប្រទេសលីបង់និងជួយគាត់ឱ្យគេចពីការដាក់ទណ្ឌកម្មសហរដ្ឋអាមេរិក។
លោក Brian E. Nelson អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុខាងភេរវកម្មនិងការស៊ើបការណ៍សម្ងាត់ហិរញ្ញវត្ថុបាននិយាយថា៖«ពួកបុគ្គលទាក់ទិននឹងបណ្តាញនេះបានប្រើក្រុមហ៊ុនគ្មានធុរកិច្ចសកម្មឬគ្មានធនធានគ្រប់គ្រាន់ដើម្បីលាក់បាំងមុខនាទីរបស់លោក Nazem Said Ahmad ក្នុងកិច្ចការជំនួញ។ ក្រុមអ្នកមានអាជីវកម្មក្នុងផ្សារវត្ថុប្រណិតៗគួរប្រុងប្រយ័ត្ននឹងកលល្បិចនិងគម្រោងការទុច្ចរិតទាំងនេះដែលអនុញ្ញាតឱ្យពួកអ្នកផ្តល់ប្រាក់ឱ្យពួកភេរវជន ក្រុមអ្នកលាងលុយកខ្វក់និងក្រុមអ្នកគេចពីការដាក់ទណ្ឌកម្មលាងសម្អាតប្រាក់បានមកពីសកម្មភាពខុសច្បាប់តាមរយៈការទិញនិងការផ្ញើវត្ថុប្រណិតៗ»៕