បទវិចារណកថា៖ សហរដ្ឋ​អាមេរិក ថ្កោលទោស​អំពើ​ហិង្សា​លើ​បុគ្គលិក​ជំនួយ​មនុស្សធម៌

រូបឯកសារ៖ កងរក្សាសន្តិភាព​របស់​អង្គការសហ​ប្រជាជាតិ ដឹកនាំ​ការល្បាត​ពី​ក្រុង Bentiu ឆ្ពោះ​ទៅ​ភូមិ Nhialdiu នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង ដែល​នេះ ជា​ផ្នែក​មួយ​នៃ​ការបង្កើន​ការល្បាត។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រទេស​ស៊ូដង់​ខាងត្បូង ដែល​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​ស៊ូដង់​នៅ​ក្នុង​ឆ្នាំ ២០១១ បាន​ប្រឈម​នឹង​បញ្ហា​មនុស្សធម៌​ជាច្រើន។

សង្គ្រាម​រយៈពេល ២០ ឆ្នាំ រវាង​ផ្នែក​ខាង​ជើង​និង​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​ស៊ូដង់​មុន​ពេល​ប្រទេស​ស៊ូដង់​ខាង​ត្បូង ​ផ្ដាច់​ឯករាជ្យ​ពី​ប្រទេស​ស៊ូដង់ ភាព​ក្រីក្រ និង​ភាព​តានតឹង​ជា​បន្ត​របស់​ប្រទេស​ស៊ូដង់​ខាងត្បូង​ជាមួយ​នឹង​ប្រទេស​ស៊ូដង់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ផ្អាក​ការ​នាំ​ចេញ​ប្រេង​នៅ​ក្នុង​ឆ្នាំ ២០១២ ផងដែរ បាន​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច​របស់​ប្រទេស​ស៊ូដង់​ខាង​ត្បូង បង្ក​នូវ​អស្ថិរភាព និង​ធ្វើ​ឲ្យ​ប្រទេស​និង​រដ្ឋាភិបាល​ចុះខ្សោយ។

ជា​លទ្ធផល រដ្ឋាភិបាល​ស៊ូដង់​ខាងត្បូង​មិន​អាច​ឆ្លើយតប​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​បញ្ហា​ផ្ទៃក្នុង​ និង​គ្រោះ​មហន្តរាយ​ធម្មជាតិ​នានា​នោះ​ឡើយ។

ជាង​នេះ​ទៀត គ្រោះ​ទឹក​ជំនន់ គ្រោះ​រាំង​ស្ងួត និង​ជម្លោះ​ប្រដាប់​អាវុធ​ផ្ទៃក្នុង​ជាង ៧ ឆ្នាំ បាន​បង្អាក់​ដល់​ការ​ធ្វើ​ស្រែ​ចម្ការ​និង​សកម្មភាព​កសិកម្ម ទីផ្សារ និង​ជំនួញ ដោយ​ធ្វើ​ឲ្យ​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ​ និង​តម្រូវការ​ផ្នែក​មនុស្សធម៌​កាន់តែ​យ៉ាប់យ៉ឺន​ឡើង។

សព្វថ្ងៃ​នេះ ប្រទេស​ស៊ូដង់​ខាងត្បូង​ពឹងផ្អែក​ភាគច្រើន​លើ​សហគមន៍​មនុស្សធម៌​សម្រាប់​ស្បៀង​អាហារ ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​រក្សា​សន្តិភាព ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​បង្ការ​ និង​ការ​ឆ្លើយតប​ចំពោះ​អំពើ​ហិង្សា​យេនឌ័រ​ផងដែរ។

ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ស៊ូដង់​ខាងត្បូង​ទាំង១២ លាន​នាក់ ប្រជាពលរដ្ឋ​ប្រហែល៨ លាន ៣ សែន​នាក់ ឬ​ក៏ ៧០% នឹង​ត្រូវការ​ជំនួយ​មនុស្សធម៌ ឬ​ជំនួយ​ម្ហូប​អាហារ​បន្ទាន់​នៅ​ក្នុង​ឆ្នាំ ២០២១ នេះ។ នេះ​បើ​យោង​តាម​អង្គការ​សហប្រជាជាតិ។

ទោះជា​យ៉ាង​នេះ​ក្ដី ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ «ជា​បន្ត​រហូត​មក ប្រទេស​ស៊ូដង់​ខាងត្បូង​គឺជា​ប្រទេស​ដ៏​គ្រោះថ្នាក់​បំផុត​មួយ​សម្រាប់​បុគ្គលិក​ជំនួយ​មនុស្សធម៌​នៅ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​នៅ​ទីនោះ។ បើ​យោង​តាម​អង្គការ​សហប្រជាជាតិ ចាប់​តាំងពី​ដើម​ឆ្នាំ ២០២០ មក មាន​ហេតុការណ៍​ហិង្សា​ជាង ៤០០ ករណី​កើតឡើង​លើ​បុគ្គលិក​ជំនួយ​មនុស្សធម៌»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Samantha Power ប្រធាន​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ពេល​ថ្មីៗ​នេះ។

អ្នកស្រី Power បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​ថ្កោលទោស​អំពើ​ហិង្សា​នេះ និង​អំពាវនាវ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ូដង់​ខាងត្បូង​ឲ្យ​ការពារ​ជន​ស៊ីវិល​និង​បុគ្គលិក​ជំនួយ​មនុស្សធម៌ និង​ចាប់ខ្លួន​ឧក្រិដ្ឋជន​នៅ​ក្រុង Renk ក្រុង Torit និង​ក្រុង Jamjang ឲ្យ​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់»។

អ្នកស្រី​បាន​ថ្លែង​ថា៖ «អំពើ​ហិង្សា​លើ​អង្គការ​ជំនួយ​មនុស្សធម៌​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ជីវិត​របស់​បុគ្គលិក​ជំនួយ​មនុស្សធម៌​ប្រឈម​នឹង​ហានិភ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្អាក់​ដល់​លំហូរ​ជំនួយ​សង្គ្រោះ​ជីវិត​សម្រាប់​អ្នក​ដែល​ត្រូវការ​ជា​ចាំបាច់​ផងដែរ។ ការ​វាយ​ប្រហារ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្ខំ​ឲ្យ​អង្គការ​មួយ​ចំនួន​ផ្អាក​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​នៅ​ក្នុង​រដ្ឋ Unity និង​រដ្ឋ Upper Nile ដែល​ជា​រដ្ឋ​ជិត​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​គ្រោះ​ទុរ្ភិក្ស។ ករណី​នេះ​មាន​ន័យ​ថា មនុស្ស​ប្រមាណ ៤៥.០០០ នាក់ អាច​បាត់បង់​លទ្ធភាព​ទទួល​បាន​ជំនួយ ដែល​ពួកគេ​ត្រូវការ​ខ្លាំង»។

អ្នកស្រី Power បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ដៃគូ​មនុស្សធម៌​នានា​របស់​យើង​ធ្វើការ​ដោយ​គ្មាន​ខ្លាច​នឿយ​ហត់ និង​ប្រឈម​នឹង​ហានិភ័យ​ផ្ទាល់​ខ្លួន​ខ្ពស់​បំផុត​នៅ​ក្នុង​ការ​ចែកចាយ​ជំនួយ។ ការ​រក្សា​សុវត្ថិភាព​របស់​ពួកគេ​និង​ការ​រក្សា​លទ្ធភាព​គ្មាន​ការ​បង្អាក់​ក្នុង​ការ​ចែកចាយ​ជំនួយ​ដល់​មនុស្ស​ដែល​ត្រូវការ​គឺ​សំខាន់​បំផុត​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវិត​បន្ត​រស់នៅ​ត​ទៅ​មុខ​ទៀត​បាន។ ការ​វាយ​ប្រហារ ការ​បំភិតបំភ័យ ឬ​ក៏​ការ​គំរាមកំហែង​លើ​បុគ្គលិក​ជំនួយ​មនុស្សធម៌ មិន​ថា​ពួកគេ​ជា​ជនជាតិ​អ្វី​ក៏ដោយ គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «រដ្ឋាភិបាល​ស៊ូដង់​ខាងត្បូង​ត្រូវតែ​ចាត់​វិធានការ​បន្ទាន់​និង​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ការពារ​បុគ្គលិក​ជំនួយ​មនុស្សធម៌ និង​ផ្ដល់​លទ្ធភាព​ជា​បន្ត​ដែល​គ្មាន​ការ​បង្អាក់​ដល់​ការ​ផ្ដល់​ជំនួយ​ដល់​អ្នក​ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ​និង​បញ្ហា​តម្រូវការ​មនុស្សធម៌​បន្ទាន់​ផ្សេងៗ​ទៀត»៕