បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​និង​សិង្ហបុរី​ប្ដេជ្ញា​ដើម្បី​អនាគត​ដ៏​ប្រសើរ

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken (ស្តាំ) ចាប់ដៃ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​លោក Vivian Balakrishnan។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រទេស​សិង្ហបុរី​គឺ​ជា «ដៃគូ​ពិត​ប្រាកដ» មួយ​របស់​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​លោក Vivian Balakrishnan កាលពី​ពេល​ថ្មីៗ​នេះ។

លោក​រដ្ឋមន្ត្រី Blinken ថ្លែង​ដូច្នេះ​ថា៖ «អស់​រយៈពេល ៦ ទសវត្សរ៍​មក​ហើយ នៅ​ពេល​នេះ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​សិង្ហបុរី ដែល​ចាក់​ឫស​នៅ​ក្នុង​ការ​គោរព​របៀប​រៀបរយ​អន្តរជាតិ​ដែល​ផ្អែក​លើ​ច្បាប់ បាន​ជួយ​ពង្រឹង​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​និង​ជុំវិញ​ពិភពលោក»។

លោក​រដ្ឋមន្ត្រី Blinken បាន​កោត​សរសើរ​កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​សិង្ហបុរី​រួម​ជាមួយ​នឹង​កិច្ច​ប្រឹងប្រែង​របស់​សមាគម​អាស៊ាន (ASEAN) ផង​ដែរ​នៅ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ប្រកប​ដោយ​សន្តិវិធី​សម្រាប់​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដែល​នៅ​ទី​នោះ «រដ្ឋប្រហារ​របស់​យោធា​និង​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​នៅតែ​បន្ត​បង្ក​ទុក្ខ​វេទនា​ដល់​ជន​ស៊ីវិល ដក​ហូត​សិទ្ធិ​របស់​ពួកគេ​នៅ​ក្នុង​ការ​ជ្រើសរើស​មាគ៌ា​ផ្ទាល់​ខ្លួន និង​គំរាមកំហែង​ដល់​ស្ថិរភាព​នៅ​ក្នុង​តំបន់»។

លោក Blinken បាន​បន្ថែម​ថា៖ «វា​ជា​រឿង​សំខាន់​បំផុត​ដែល​យើង​ទាំង​អស់​គ្នា​បន្ត​ដាក់​សម្ពាធ​សមរម្យ​លើ​របប​យោធា​មីយ៉ាន់ម៉ា ស្វែងរក​វិធី​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ក្រុម​ប្រឆាំង​នៅ​មីយ៉ាន់ម៉ា​អាច​ចូលរួម​បាន និង​រិះរក​វិធី​ដែល​អាច​ទៅ​រួច​ទាំង​អស់​ដើម្បី​ពន្លឿន​ការ​វិល​ត្រឡប់​របស់​មីយ៉ាន់ម៉ា​ទៅ​រក​មាគ៌ា​ប្រជាធិបតេយ្យ​របស់​ខ្លួន​ឡើង​វិញ បញ្ចប់​អំពើ​ហិង្សា និង​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​នូវ​អ្នក​ដែល​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌»។

បន្ថែម​ពី​លើ​នេះ​ទៀត សហរដ្ឋ​អាមេរិក​ស្វាគមន៍​ភាព​ជា​ដៃគូ​របស់​ប្រទេស​សិង្ហបុរី​នៅ​ក្នុង «ការ​រក្សា​ការ​ដាក់​សម្ពាធ​សេដ្ឋកិច្ច​ចាំបាច់» លើ​ក្រុម​ជន​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ទាំង​នេះ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Blinken។

ប្រទេស​សិង្ហបុរី​ក៏​បាន​ចូលរួម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ផង​ដែរ​នៅ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី​សម្រាប់​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។

លោក​រដ្ឋមន្ត្រី Blinken បាន​ថ្លែង​ថា៖ «ប្រទេស​យើង​ទាំង​ពីរ​ក៏​បាន​ក្ដាប់​ឱកាស​ថ្មី​ផង​ដែរ​នៅ​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​គ្នា​តាំងពី​ផ្នែក​ដែន​អវកាស​និង​ផ្នែក​ដែន​អ៊ីនធឺណិត​រហូត​ដល់​ផ្នែក​ភាព​ធន់​នៃ​សង្វាក់​ផ្គត់ផ្គង់​និង​ថាមពល​ស្អាត»។

ករណី​នេះ​គឺ​រួម​មាន​ទាំង​គម្រោង​បញ្ហា​ប្រឈម​ផ្នែក​ដឹក​ជញ្ជូន​តាម​សមុទ្រ​ដែល​ល្អ​ចំពោះ​បរិស្ថាន (Green Shipping Challenge) ផង​ដែរ ដែល​នៅ​ក្រោម​គម្រោង​នេះ ប្រទេស​សិង្ហបុរី​ប្ដេជ្ញា​ធ្វើការ​ជាមួយ​នឹង​កំពង់ផែ​ទីក្រុង Los Angeles និង​ទីក្រុង Long Beach របស់​សហរដ្ឋ​អាមេរិក​ដើម្បី​លើក​កម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​របស់​ខ្លួន​និង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​ទៅ​ក្នុង​បរិយាកាស។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​សិង្ហបុរី​បាន​ពង្រីក​ភាព​ជា​ដៃគូ​របស់​ខ្លួន​លើ​ផ្នែក​ប្រែប្រួល​អាកាសធាតុ ដែល​ក្នុង​នោះ​រួម​មាន​ទាំង «កិច្ច​សហប្រតិបត្តិការ​ថ្មី​និង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ភាព​ប្រសើរ​ជាង​មុន​លើ​ផ្នែក​មួយ​ចំនួន​ដូចជា​ការ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​និង​ការ​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​សាងសង់​អគារ​ដែល​មាន​ប្រសិទ្ធផល​ផ្នែក​ថាមពល​ជាដើម»។

សហរដ្ឋ​អាមេរិក​ក៏​ធ្វើការ​ផង​ដែរ​ជាមួយ​នឹង​អាស៊ាន​ដើម្បី​បង្កើន​ការ​ប្រើប្រាស់​ថាមពល​ស្អាត​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​ជា​ពិសេស​ជួយ​ប្រទេស​សិង្ហបុរី​សម្រេច​ឱ្យ​បាន​នូវ​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​ទៅ​ក្នុង​បរិយាកាស​មាន​តុល្យភាព​នៅ​ត្រឹម​ឆ្នាំ ២០៥០ ខាង​មុខ។

លោក​រដ្ឋមន្ត្រី Blinken បាន​មាន​ប្រសាសន៍​ថា៖ «មិត្តភក្តិ​របស់​យើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​គឺ​សំខាន់​ចំពោះ​ការ​សម្រេច​ឱ្យ​បាន​នូវ​អ្វី​ដែល​ជា​ចក្ខុវិស័យ​រួម​សម្រាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​មាន​ភាព​សេរី​និង​បើក​ចំហ វិបុលភាព សុវត្ថិភាព ភាព​ត​ភ្ជាប់​គ្នា និង​ភាព​ធន់ ដែល​មនុស្ស ទំនិញ និង​ទស្សនៈ​នានា​អាច​មាន​ដំណើរការ​ដោយ​សេរី ហើយ​ច្បាប់​នានា​ត្រូវ​បាន​អនុវត្ត​ដោយ​យុត្តិធម៌​និង​មាន​តម្លាភាព»៕