Accessibility links

Breaking News

បទ​វិចារណកថា៖ សហរដ្ឋ​អាមេរិក​​ដាក់​ទណ្ឌកម្ម​អង្គភាព​ភូមា​ដោយសារ​​​គាំទ្រ​​ក្រុមប្រឹក្សា​យោធា


ប៉ូលិស​ដើរ​​ល្បាត​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២១ ​នៅ​ខាង​ក្រៅ​តុលាការ​ក្រុង Kamayut​ ជា​កន្លែង​ដែល​មាន​ការ​ជំនុំ​ជម្រះ​អ្នក​សារព័ត៌មាន ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​អំឡុុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​​ភូមា។
ប៉ូលិស​ដើរ​​ល្បាត​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២១ ​នៅ​ខាង​ក្រៅ​តុលាការ​ក្រុង Kamayut​ ជា​កន្លែង​ដែល​មាន​ការ​ជំនុំ​ជម្រះ​អ្នក​សារព័ត៌មាន ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​អំឡុុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​​ភូមា។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

របប​គ្រប់គ្រង​យោធា​ភូមា​បាន​ប្រកែក​មិន​ព្រម​ធ្វើ​ឱ្យ​មាន​ឡើង​វិញ​នូវ​មាគ៌ារបស់​ប្រទេស​ភូមា​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យហើយ​នៅ​តែ​បន្តយក​ជា​ទី​ដៅ​វាយ​ប្រហារនិង​សម្លាប់ក្រុម​បាតុករ​ដោយ​សន្តិវិធីបន្ថែមពី​លើ​ការការ​វាយ​ប្រហារ​ដោយព្រាវៗ​ទៅ​លើ​ពួក​អ្នក​ឈរ​មើល​ផង​ដែរ។ នេះ​មានរួម​បញ្ចូល​សកម្មភាពឃោរឃៅរបស់កង​កម្លាំង​សន្តិសុខ​កាលពី​ថ្ងៃទី២៧ ខែ​មីនាដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង​១០០​នាក់​ស្លាប់។ កង​កម្លាំង​សន្តិសុខ​បានសម្លាប់​មនុស្ស​ជាង​៦០០ ​នាក់ដោយ​មាន​រួម​បញ្ចូល​ទាំង​កុមារ​រាប់​សិប​នាក់ផង​ដែរ។

ជា​ការ​ឆ្លើយ​តប​នឹងសកម្មភាពហិង្សា​ទាំង​នេះ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​សហគ្រាសត្បូង​មីយ៉ាន់ម៉ា​ដែល​ជា​សហគ្រាស​រដ្ឋតាម​រយៈ​បទបញ្ញត្តិ​អង្គនីតិ​ប្រតិបត្តិ​លេខ​១៤០១៤។ កងយោធា​ភូមាបាន​ទាញ​យក​អត្ថប្រយោជន៍ពី​ត្បូងនិង​ប្រភព​ធម្មជាតិ​ឯ​ទៀតៗ​ដើម្បីបង្កើន​ធនធាន​ពួក​គេ​ហើយសហគ្រាស​ត្បូង​មីយ៉ាន់ម៉ា​ជា​ក្រុមហ៊ុន​នាំ​មុខ​សកម្មភាព​ត្បូង​ក្នុង​ប្រទេស​ភូមា។ ការដាក់​ទណ្ឌកម្ម​ទាំង​នេះតម្រង់​ទៅ​រក​របប​គ្រប់គ្រង​ហើយ​មិន​មែន​សំដៅ​លើប្រជារាស្ត្រភូមា​ទេ។

លោក​ស្រី Andrea Gacki ជា​នាយិកានៃការិយាល័យគ្រប់គ្រងធនធាន​បរទេស។ លោកស្រី​មាន​ប្រសាសន៍​ថា៖ «សកម្មភាពនេះ​គូស​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បដិសេធ​មិន​ឱ្យ​ពួកយោធា​មាន​ប្រភព​ប្រាក់កាស​ដោយមាន​រួម​បញ្ចូល​ទាំងសហគ្រាស​សំខាន់ៗ​នៅ​ទូទាំងប្រទេសភូមា​ផង​ដែរ។ សហរដ្ឋ​អាមេរិក​នឹង​បន្តធ្វើ​ការ​គ្មាន​នឿយ​ហត់​ជាមួយ​ពួក​ដៃគូ​នៅ​ក្នុង​តំបន់និង​ក្នុង​ពិភពលោកដើម្បី​គាំទ្រ​ដល់​ការ​ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​និងនីតិរដ្ឋ​មាន​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ភូមាហើយ​ឱ្យពួក​ជន​ដែល​ស្វះស្វែងបំផ្លាញ​គុណតម្លៃ​ទាំង​នេះ​ទទួលខុស​ដល់​សកម្មភាពពួក​គេ»។

សហរដ្ឋ​អាមេរិក​ចាត់វិធានការទាំង​នេះ​ពី​ព្រោះពួក​មេដឹកនាំ​យោធា​បាន​ចូល​រួម​ក្នុងមហា​ក្រុមហ៊ុន​ត្បូងក្នុង​ក្រុង​ណៃពីដោ​នៅ​ក្រោម​ការ​ឧបត្ថម្ភ​នៃ​សហគ្រាស​ត្បូង​មីយ៉ាន់ម៉ា។ រដ្ឋន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​កត់​សម្គាល់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «ដោយ​ដាក់​ទណ្ឌកម្ម​លើ​អង្គភាពទាំង​នេះ យើង​បញ្ជូន​សារច្បាស់លាស់​មួយ​ដល់កងយោធា​ថា សហរដ្ឋ​អាមេរិក នឹង​បង្កើន​សម្ពាធ​លើលំហូរ​ប្រាក់​ចំណូលរបស់​របប​គ្រប់គ្រង​នេះរហូត​ដល់​ពួក​គេ​បញ្ឈប់​អំពើ​ហិង្សា​ដោះលែង​ជនទាំង​អស់ដែល​ត្រូវ​បាន​ចាប់​ឃុំឃាំ​ដោយ​អយុត្តិធម៌ លុប​ចោលច្បាប់​អាជ្ញាសឹកនិងភាព​មាន​អាសន្ន​នៅ​ទូទាំង​ប្រទេស លុបចោល​ការ​រឹត្បិត​លើទូរគមនាគមន៍​និងដាក់ប្រទេស​ភូមាលើ​មាគ៌ា​នៃលទ្ធិ​ប្រជាធិបតេយ្យ​វិញ»។

សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​សម្របសម្រួលជិតស្និទ្ធ​ជាមួយ​ពួក​សម្ព័ន្ធមិត្ត​និង​ដៃ​គូ​របស់​ខ្លួន​ក្នុង​តំបន់​និងទូទាំង​ពិភពលោក នៅ​តែ​បន្ត​ការ​ប្តេជ្ញា​គ្មាន​រេ​របស់​ខ្លួនក្នុង​ការគាប​សង្កត់ពួក​យោធា​និង​កង​កម្លាំង​សន្តិសុខ​ភូមាឱ្យ​បញ្ឈប់អំពើ​ហិង្សាទាំង​អស់ប្រឆាំង​ក្រុម​បាតុករ​ដោយ​សន្តិវិធី ក្នុង​ការ​ទ្រទ្រង់​ឱ្យ​មាន​មាគ៌ា​នៃប្រទេសភូមាទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​និង​ឧបត្ថម្ភ​ផ្ចុងផ្តើមការ​ទទួល​ខុស​ត្រូវដល់រដ្ឋប្រហារនិង​អំពើ​ឃោរឃៅដ៏​សែន​អាក្រក់​អាក្រី​ប្រឆាំងនឹង​ប្រជាពលរដ្ឋភូមា៕

XS
SM
MD
LG