Accessibility links

Breaking News

បទវិចារណកថា៖ ការបង់ខាត​ច្រើន​ដល់​សកម្មភាព​ប្រទេស​រុស្ស៊ី


រូបឯកសារ៖ បុគ្គលិក​ផ្នែក​សង្គ្រោះ​បន្ទាន់​ម្នាក់ អង្គុយ​សម្រាក​នៅ​ជិត​អគារ​មួយ​កន្លែង​ដែល​ត្រូវបាន​ខូចខាត​ដោយសារ​ការវាយប្រហារ​ដោយ​កាំជ្រួច​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន។
រូបឯកសារ៖ បុគ្គលិក​ផ្នែក​សង្គ្រោះ​បន្ទាន់​ម្នាក់ អង្គុយ​សម្រាក​នៅ​ជិត​អគារ​មួយ​កន្លែង​ដែល​ត្រូវបាន​ខូចខាត​ដោយសារ​ការវាយប្រហារ​ដោយ​កាំជ្រួច​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ការវាយប្រហារ​ដោយ​ខុសច្បាប់​របស់ប្រទេស​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ ប្រាកដជា​មានផល​ប៉ះពាល់​អវិជ្ជមាន​នៅ​ទូទាំង​ពិភពលោក។ ប្រទេសដែល​មិនទាក់​ទិននឹង​សង្គ្រាម​នេះក៏​បានរង​ការលំបាក​ដែរ។ ការឈ្លានពាន​នេះ នាំឱ្យមាន«ការ​ទង្គុកទង្គើ​ខ្លាំង​ និង​ជា​ប្រវត្តិសាស្ត្រ​ក្នុងវិស័យថាមពល» ក្នុង​ទីផ្សារ​សាកល ហើយ​ជា​កត្តា​មួយក្នុង​ចំណោមកត្តា​ធំៗដែល​នាំ​ឱ្យ​ការលូតលាស់​សេដ្ឋកិច្ចកាល​ពី​ឆ្នាំទៅ ថមថយ​មកនៅតែ ៣,១% ប៉ុណ្ណោះ។ នេះបើ​តាមរបាយការណ៍មួយ​ចេញ​ផ្សាយ​ដោយអង្គការកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​ការអភិវឌ្ឍ​កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ២០២២។

អ្វីដែល​ធ្ងន់ធ្ងរ​ជាងនេះ​ គឺផលវិបាក​សម្រាប់មនុស្ស​ដែលត្រូវការ​ជំនួយស្បៀង​អាហារ​។ នៅពេល​ផ្នែក​ខ្លះ​នៃ​ទ្វីបអាហ្វ្រិកនិងមជ្ឈិមបូព៌ា​ប្រឈមនឹង​វិបត្តិ​ស្បៀងអាហារ​មិនធ្លាប់មានពី​ពេល​មុន ​រុស្ស៊ី​បាន​រារាំងសមត្ថភាព​របស់​អ៊ុយក្រែនក្នុង​ការ​ដាំដុះដំណាំ​អាហារ ​និង​ដឹកជញ្ជូន​កសិផល​ចេញ​ពីកំពង់ផែ​សមុទ្រ​ខ្មៅ​របស់ខ្លួន។

ប៉ុន្តែ​គ្មាននរណា​រងទុក្ខវេទនាជាង​ក្រុម​ជន​ស៊ីវិលអ៊ុយក្រែន​ដែលស្ថិត​នៅក្រោមការវាយប្រហារដោយចេតនា​របស់​កងយោធា​រុស្ស៊ី​ក្នុង​សង្គ្រាម​នេះ​ទេ។ ក្នុង​ពេល១៤ខែកន្លង​ទៅនេះ​ ការិយាល័យ​អគ្គស្នងការអ.ស.ប.ខាង​សិទ្ធិ​មនុស្ស​បានកត់ត្រា​ថា ជន​ស៊ីវិលជិត​២​ម៉ឺន ៤ពាន់​នាក់បានស្លាប់។ តែ​យ៉ាង​ណា​ក៏ដោយក៏ទីភ្នាក់ងារ​ UNHCR កត់​សម្គាល់​ថា តួលេខពិត​ប្រាកដ​មានច្រើន​ជាង​នេះ។

អ្នកតំណាង​បម្រុងរបស់​ស.រ.អ.​ខាងកិច្ចការនយោបាយពិសេស​នៅ​អ.ស.ប.លោក​ Robert Wood បាន​និយាយ​ថា «គ្មាន​ប្រទេស​ណា​មួយ​បង់ខាត​ច្រើនជាង​ប្រទេស​អ៊ុយក្រែន​ទេ។ ក្រោយ​ពេល​១៤ខែ...យើងមិនទាន់​បាន​បញ្ចប់ការរងទុក្ខ​ខាង​មនុស្សធម៌បណ្តាលមក​ពីសង្គ្រាម​គ្មានការបង្ករឿងរបស់​រុស្ស៊ីប្រឆាំងនឹង​អ៊ុក្រែន​នៅ​ឡើយ​ទេ។ ការស្លាប់កើនឡើង​ដោយសារការវាយប្រហារ​ដោយមីស៊ីល​និង​ដ្រូន​របស់រុស្ស៊ី​លើ​មជ្ឈមណ្ឌល​ជន​ស៊ីវិល​នៅអ៊ុយក្រែន»។​

លោក​ Wood បាននិយាយថា «ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែ​ឧសភា រុស្ស៊ីបាន​វាយ​ប្រហារ​តាមអាកាស​ចំនួន​ ១៤៥ លើកនៅទូទាំង​អ៊ុយក្រែន។ ការវាយប្រហារទាំង​នេះ​មានន័យថា ​ជា​មធ្យមមានការវាយប្រហារ​ដោយ​មីស៊ីល ដ្រូន ឬ​គ្រាប់បែក​លើសពី​មួយដង ជារៀងរាល់​ម៉ោង ក្នុងរយៈពេល​២៤ម៉ោង​ក្នុងមួយ​ថ្ងៃ​ បីថ្ងៃជាប់ៗ​គ្នា។​ ក្នុង​ពេល​តែ​បីថ្ងៃនោះ ការ​វាយប្រហាររបស់​រុស្ស៊ី​បាន​សម្លាប់ និងធ្វើឱ្យ​របួសជនស៊ីវិល​ជាង១០០នាក់ មានរួមទាំង​កូនក្មេង​យ៉ាងតិច​ ៥ នាក់ផង​ដែរ»។​

លោក​ឯកអគ្គរដ្ឋទូត Wood បានថ្លែងថា ​នៅ​ពេល​ជា​មួយគ្នា​នេះ​ «អង្គការមនុស្សធម៌បានរាយការណ៍​អំពី​ស្ថានភាព​អាក្រក់​ជាងមុន​ក្នុងតំបន់​ជួរមុខ​ ​ហើយនាំឱ្យខ្វះ​អគ្គិសនី ស្បៀងអាហារ​ និងប្រេងឥន្ធនៈ ដែលជារបស់ត្រូវការចាំបាច់»។

លោក​បានពោលថា​ «ការ​បង្កើនការវាយប្រហាររបស់​លោក​ប្រធានាធិបតី Vladimir Putin ​លើហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗរបស់​អ៊ុយក្រែ​ន គឺ​គំរាមកំហែងដល់​យើង​ទាំង​អស់គ្នា​...រុស្ស៊ីមិន​យក​ចិត្ត​ទុកដាក់សម្រាលផលប៉ះពាល់​នៃ​សង្គ្រាមរបស់​ខ្លួន​ប្រឆាំងនឹងអ៊ុយក្រែន​ទេ ដូចគ្នានឹងការដែល​ប្រទេស​នេះមិនបានបង្ហាញការយកចិត្ត​ទុកដាក់​ពិតប្រាកដក្នុងកិច្ច​ចរចា​ ឬ​ការទូត​»។​

លោកឯកអគ្គរដ្ឋទូត Wood ​បាន​មានប្រសាសន៍​ថា «ជាថ្មី​ទៀត យើងអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់​ការវាយប្រហាររបស់​ខ្លួន​លើពលរដ្ឋ​អ៊ុយក្រែន និងដក​កងកម្លាំង​ខ្លួន​ទាំង​ស្រុងចេញ​ពីដែនដី​អ៊ុយក្រែន។​ មានតែរុស្ស៊ី​ទេ ​ដែល​មានអំណាចបញ្ឈប់សង្គ្រាម​នេះដែល​ខ្លួន​បាន​ចាប់ផ្តើម​ធ្វើ​ដោយ​ឥតសមហេតុផល​នោះ»៕

XS
SM
MD
LG