តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ឯកអគ្គរដ្ឋទូតគោចរសហរដ្ឋអាមេរិក (ស.រ.អ.) ទទួលបន្ទុកខាងយុត្តិធម៌ព្រហ្មទណ្ឌ សាកលគឺលោកស្រី Beth Van Schaack បានកត់សម្គាល់នៅក្នុងសន្និសីទកាសែតមួយកាលពីពេលថ្មីៗនេះថា ការចូលឈ្លានពានពេញទំហឹងរបស់ប្រធានាធិបតីរុស្ស៉ីលោក Vladimir Putin ក្នុងប្រទេសអ៊ុយក្រែនបាននាំឱ្យមានវិនាសអន្តរាយដល់មនុស្សច្រើនណាស់។ លោកស្រីបាននិយាយថា៖ «យើងបានឃើញជនស៊ីវិលរាប់ពាន់នាក់ត្រូវបានសម្លាប់ ពលរដ្ឋអ៊ុយក្រែនរាប់លាននាក់ត្រូវបង្ខំឱ្យរត់គេចខ្លួនចេញពីផ្ទះពួកគេ។ ប្រជារាស្ត្រអ៊ុយក្រែនច្រើននាក់បានក្លាយជាជនភៀសខ្លួននៅក្នុងប្រទេសឯទៀតៗ ហើយទីក្រុងប្រវត្តិសាស្ត្រនានាបានរងការវាយប្រហារក្លាយជាកម្ទេចបែកបាក់»។
សង្គ្រាមឈ្លានពានរបស់រដ្ឋាភិបាលរុស្ស៊ីប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយជាការរំលោភជាក់ស្តែងលើធម្មនុញ្ញអ.ស.ប.។ ក្រុមសមាជិកនៃកងកម្លាំងរុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ មានរួមអំពើមនុស្សឃាត ការរំលោភសេពសន្ធវៈ ការធ្វើទារុណកម្ម ដូចពួកមន្ត្រីរុស្ស៊ីឯទៀតៗ និងការនិរទេសប្រជារាស្ត្រអ៊ុយក្រែន មានរួមទាំងក្រុមកុមារផងដែរ។
លោកស្រីឯកអគ្គរដ្ឋទូត Van Schaack បានថ្លែងថា៖ «មានភ័ស្តុតាងច្រើនឡើងៗអំពីអំពើឃោរឃៅទាំងនេះ ដែលបានប្រព្រឹត្តនៅក្នុងតំបន់ទាំងអស់នៃប្រទេសអ៊ុយក្រែន គឺនៅគ្រប់កន្លែងដែលកងកម្លាំងរុស្ស៊ីឈរជើង»។
លោកស្រីបានប្រកាសថា៖ «ការឈ្នះសង្គ្រាមមានលើសពីជ័យជម្នះលើសមរភូមិ។ វាក៏មានន័យដែរថា ជាការឈ្នះការប្រយុទ្ធដើម្បីយុត្តិធម៌»។ វាជាការចាំបាច់ដែលយុត្តិធម៌និងការទទួលខុសត្រូវនៅតែជាការផ្តោតការយកចិត្តទុកដាក់មួយរបស់សហគមន៍អន្តរជាតិ។
លោកស្រីឯកអគ្គរដ្ឋទូតស.រ.អ.រូបនេះបានសង្កេតឃើញថា នៅពេលនេះ មានវិធីប្រតិបត្តិការចំនួនបីដើម្បីស៊ើបអង្កេតអំពីឧក្រិដ្ឋកម្មសង្គ្រាមនិងអំពើឃោរឃៅឯទៀតៗក្នុងប្រទេសអ៊ុយក្រែន។ វិធីទីមួយមានទាក់ទិនជាមួយតុលាការក្នុងប្រទេសអ៊ុយក្រែនផ្ទាល់។ អគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែនបានកត់ត្រាហេតុការណ៍ជាង៧ម៉ឺនដែលអាចជាឧក្រិដ្ឋកម្មសង្គ្រាមនិងជាអំពើឃោរឃៅ។ ក្រុមផ្តល់យោបល់អំពីឧក្រិដ្ឋកម្មនៃអំពើឃោរឃៅ (The Atrocity Crimes Advisory Group) ដែលត្រូវបានបង្កើតដោយស.រ.អ. សហភាពអឺរ៉ុបនិងចក្រភពអង់គ្លេសបានគាំទ្រអគ្គរដ្ឋអាជ្ញាអ៊ុយក្រែនដោយបានបញ្ជូនពួកអ្នកជំនាញដើម្បីជួយប្រមែប្រមូលនិងរក្សាទុកឯកសារនិងធ្វើវិភាគភ័ស្តុតាង។
វិធីទីពីរគឺតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC។ តុលាការ ICC មានការទាក់ទិនពីព្រោះរដ្ឋាភិបាលអ៊ុយក្រែនបានយល់ព្រមជាមួយយុត្តាធិការរបស់តុលាការនេះលើឧក្រិដ្ឋកម្មប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រែនតាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ នៅពេលរុស្ស៊ីចូលកាន់កាប់តំបន់គ្រីមៀ។
ជាទីបញ្ចប់ លោកស្រីឯកអគ្គរដ្ឋទូត Van Schaack បានមានប្រសាសន៍ថា តុលាការក្នុងប្រទេសនានានៅទូទាំងពិភពលោក ជាពិសេសនៅអឺរ៉ុបបានបើកធ្វើការស៊ើបអង្កេតអំពីឧក្រិដ្ឋកម្មសង្គ្រាមនិងអំពើឃោរឃៅឯទៀតៗក្នុងប្រទេសអ៊ុយក្រែនតាមរយៈគោលការណ៍នៃយុត្តាធិការសាកល ដែលអនុញ្ញាតឱ្យមានការកាត់ទោសអំពីឧក្រិដ្ឋកម្មប្រព្រឹត្តនៅក្រៅដែនដីប្រទេសមួយបាន។
លោកស្រីឯកអគ្គរដ្ឋទូត Van Schaack បាននិយាយថា៖ «សង្គ្រាមរបស់រុស្ស៊ីប្រឆាំងប្រទេសអ៊ុយក្រែនជាបញ្ហាសីលធម៌ធំមួយដែលសហគមន៍អន្តរជាតិត្រូវតែដោះស្រាយ។ វាលែងតែយើងធ្វើឲ្យមានការទទួលខុសត្រូវខ្លាំងដែលធ្វើឲ្យមានការខ្លាចញញើតដល់កម្រិតខ្ពស់បំផុត ទើបមេដឹកនាំពិភពលោកឯទៀតៗគិតពិចារណាហ្មត់ចត់នៅមុនពេលពួកគេចាប់ផ្តើមធ្វើសង្គ្រាមឈ្លានពានតាមវិធីដែលប្រធានាធិបតី Putin បានធ្វើ»៕