Accessibility links

Breaking News

បទវិចារណកថា៖ ការគាំទ្រ​ការរើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​នៅ​អ៊ុយក្រែន​និង​ម៉ុលដាវី


រូបឯកសារ៖ ក្រដាសប្រាក់​របស់អ៊ុយក្រែន និងក្រដាសប្រាក់របស់​សហរដ្ឋ​អាមេរិក។
រូបឯកសារ៖ ក្រដាសប្រាក់​របស់អ៊ុយក្រែន និងក្រដាសប្រាក់របស់​សហរដ្ឋ​អាមេរិក។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ក្នុង​ឆ្នាំ ១៩៩៥ គឺ​ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន​នៅ​ក្រោយ​ការ​បែកបាក់​របស់​សហភាព​សូវៀត សហរដ្ឋ​អាមេរិក​បាន​បង្កើត​នូវ​មូលនិធិ​វិនិយោគ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​រុស្ស៊ី (U.S. Russia Investment Fund) ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​វិនិយោគ​ផ្នែក​ឯកជន​ក្នុង​សេដ្ឋកិច្ច​រុស្ស៊ី។ ភាគ​ច្រើន​នៃ​ថវិកា​នេះ​បាន​មកពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID)។

ប្រធាន​ទីភ្នាក់ងារ USAID អ្នកស្រី Samantha Power បាន​និយាយ​ថា៖ «មូលនិធិ​វិនិយោគ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​រុស្ស៊ី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​កសាង​សេដ្ឋកិច្ច​ទីផ្សារ​មួយ​ដែល​មាន​លក្ខណៈ​បើក​ចំហ​និង​មាន​តម្លាភាព​នៅ​ក្នុង​ប្រទេស​រុស្ស៊ី គឺ​សេដ្ឋកិច្ច​មួយ​ដែល​នឹង​គាំទ្រ​មិន​ត្រឹមតែ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​រុស្ស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ក្ដី​សុបិន​របស់​ពួកគេ​អំពី​សង្គម​មួយ​ដែល​មាន​ភាព​សេរី​ផង​ដែរ»។

អ្នកស្រី Power បាន​បន្ថែម​ថា៖ «ជា​អកុសល ចាប់​តាំងពី​ពេល​នោះ​មក រដ្ឋាភិបាល​រុស្ស៊ី​បាន​រារាំង​ក្ដី​សុបិន​ទាំង​នោះ ដោយ​វាយ​ប្រហារ​លើ​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដាក់​ការ​ត្រួតត្រា​របស់​រដ្ឋ​លើ​ឧស្សាហកម្ម​នានា​ដែល​ផ្ដល់​ប្រយោជន៍​ជា​ចម្បង​ដល់​ក្រុម​ដែល​ជិតស្និទ្ធ​បំផុត​នឹង​ប្រធានាធិបតី [រុស្ស៊ី​លោក Vladimir] Putin និង​ឈ្លានពាន​យ៉ាង​ព្រៃផ្សៃ​លើ​ប្រទេស​អ៊ុយក្រែន​ដែល​ជា​ប្រទេស​អធិបតេយ្យ​នៅ​ជិតខាង​ខ្លួន»។

ដោយ​ពិចារណា​អំពី​ចំណុច​នេះ វា​ដល់​ពេល​ដែល​ត្រូវ​ប្ដូរ​យុទ្ធសាស្ត្រ​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Power។ កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ អ្នកស្រី​បាន​ប្រកាស​ថា ថវិកា​ចំនួន ១៥០ លាន​ដុល្លារ​ដែល​ត្រូវ​បាន​បង្កក​នៅ​ក្នុង​មូលនិធិ​សហរដ្ឋ​អាមេរិក​សម្រាប់​រុស្ស៊ី (U.S. Russia Foundation) ដែល​មិន​ដំណើរការ​នឹង​ត្រូវ​ផ្ទេរ​ទៅ​ឱ្យ​អ្នក​ដែល​តតាំង​នឹង​ភាព​គឃ្លើន​ឈ្លានពាន​របស់​រដ្ឋាភិបាល​រុស្ស៊ី។ មូលនិធិ​សហរដ្ឋ​អាមេរិក​សម្រាប់​រុស្ស៊ី​នេះ​គឺ​ជា​មូលនិធិ​បន្ត​ពី​មូលនិធិ​វិនិយោគ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​រុស្ស៊ី។

អ្នកស្រី Power បាន​ថ្លែង​ថា៖ «ថវិកា​ចំនួន ១៣៥ លាន​ដុល្លារ​នៃ​មូលនិធិ​ដែល​បាន​ផ្ទេរ​នេះ​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​មូលនិធិ Western New Independent States Enterprise Fund ដើម្បី​គាំទ្រ​ដល់​ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​និង​ប្រទេស​ម៉ុលដាវី»។ ប្រទេស​អ៊ុយក្រែន​និង​ប្រទេស​ម៉ុលដាវី​នេះ​គឺ​ជា​ប្រទេស​ដែល​បាន​បង្ហាញ​នូវ​ភាព​ធន់​យ៉ាង​អស្ចារ្យ។

ការ​វាយ​ប្រហារ​របស់​លោក Putin លើ​ប្រជាជន​អ៊ុយក្រែន​បាន​បំផ្លិចបំផ្លាញ​ដល់​សេដ្ឋកិច្ច​របស់​អ៊ុយក្រែន។ ប្រទេស​ម៉ុលដាវី​ក៏​បាន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ផង​ដែរ​ដោយសារ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​នេះ។ ម៉ុលដាវី​បាន​បាត់បង់​ទីផ្សារ​នាំចេញ​សំខាន់​បំផុត​ពីរ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​និង​រុស្ស៊ី ហើយ​អតិផរណា​បាន​ធ្វើ​ឱ្យ​ស្ថានការណ៍​លំបាក​កាន់តែ​អាក្រក់​ឡើង។ ទោះជា​យ៉ាងណា​ក៏ដោយ ប្រទេស​ម៉ុលដាវី​នៅតែ​ទទួល​យក​ជន​ភៀសខ្លួន​អ៊ុយក្រែន​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំង​អស់​បើ​គិត​តាម​ចំនួន​ពលរដ្ឋ​ម្នាក់ៗ​នៃ​ប្រទេស​នេះ។

អ្នកស្រី Power បាន​លើកឡើង​ថា៖ «ការ​គាំទ្រ​ជា​បន្ទាន់​ចំពោះ​វិស័យ​ឯកជន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​និង​ម៉ុលដាវី​គឺ​សំខាន់​ដើម្បី​ពង្រឹង​ប្រទេស​ទាំង​ពីរ នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​នេះ​ការពារ​ខ្លួន​ពី​ភាព​គឃ្លើន​ឈ្លានពាន​របស់​លោក Putin»។

អ្នកស្រី​បាន​បញ្ជាក់​បន្ត​ថា៖ «ប្រជាជន​រុស្ស៊ី​ក៏​ត្រូវ​បាន​បង្ខំ​ផង​ដែរ​ឱ្យ​ទ្រាំទ្រ​នឹង​ភាគ​គឃ្លើន​និង​គោល​នយោបាយ​ជិះជាន់​របស់​លោក Putin តាម​វិធី​ផ្សេងៗ»។ ដូច្នេះ ថវិកា​ដែល​នៅ​សល់​ចំនួន ១៨ លាន​ដុល្លារ​នៃ​មូលនិធិ​សហរដ្ឋ​អាមេរិក​សម្រាប់​រុស្ស៊ី​នេះ​នឹង​ត្រូវ​ប្រើ​ដើម្បី​គាំទ្រ​ដល់​ពលរដ្ឋ​រុស្ស៊ី​ណា​ដែល​ប្រយុទ្ធ​ដើម្បី​ប្រទេស​រុស្ស៊ី​មួយ​ដែល​មាន​ភាព​សេរី។ ថវិកា​នេះ​នឹង​គាំទ្រ​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​កសាង​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​របស់​រុស្ស៊ី​នៅ​ក្នុង​ដំណាក់កាល​ដ៏​លំបាក​បំផុត​នេះ។

អ្នកស្រី Power បាន​បន្ថែម​ថា៖ «យើង​ដឹង​ថា សេរីភាព​គឺ​ជា​កម្លាំង​ដ៏​មាន​ឥទ្ធិពល​មួយ​ដែល​បាន​លើក​ទឹកចិត្ត​មនុស្ស​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក និង​បន្ត​ធ្វើ​ឱ្យ​មាន​ភាព​សកម្ម​ឡើង​នូវ​ការ​តស៊ូ​របស់​អ៊ុយក្រែន​និង​ការ​តស៊ូ​របស់​ម៉ុលដាវី។ ហើយ​យើង​ដឹង​ថា ការ​ចង់​បាន​សេរីភាព​នៅតែ​ជា​សេចក្ដី​ប្រាថ្នា​ដ៏​ខ្លាំងក្លា​របស់​ពលរដ្ឋ​រុស្ស៊ី​ជា​ច្រើន​ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​រុស្ស៊ី»៕

XS
SM
MD
LG