Accessibility links

Breaking News

បទវិចារណកថា៖ ក្រុម​ប្រទេស​នៃ​អង្គការ OSCE ត្រូវ​ធ្វើតាម​ការប្តេជ្ញា​របស់ខ្លួន


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov ចាប់រលាក់ដៃ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ក្នុង​កិច្ចប្រជុំ​នៅខាង​ក្រៅ​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី OSCE នៅ​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov ចាប់រលាក់ដៃ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ក្នុង​កិច្ចប្រជុំ​នៅខាង​ក្រៅ​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី OSCE នៅ​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋមន្ត្រី​ការបទេស​ស.រ.អ. លោក Antony Blinken បាន​ប្រកាស​នៅ​ក្នុង​សុន្ទរកថា​របស់លោកទៅ​កាន់ការ​ប្រជុំនៃក្រុមរដ្ឋមន្ត្រី​នៃអង្គការសន្តិសុខ និង​កិច្ច​សហប្រតិបត្តិការក្នុង​ទ្វី​ប​អឺរ៉ុប​ហៅ OSCE ក្នុង​ប្រទេស​ស៊ុយ​អែត​ថា «សន្តិភាព​ និង​ភាពសំបូរ​រុង​រឿង​យូរអង្វែង​តម្រូវឱ្យ​មាន​ការ​គោរព​ដល់អធិបតេយ្យភាព​ និង​បូរណភាពដែន​ដី​រ​បស់​ប្រទេស​នានា​ និង​សិទ្ធិមនុស្សនៃប្រជារាស្ត្រ​ទាំង​អស់»។

មាន​ការ​ទាក់​ទង​គ្នា​រវាង​សេរីភាព ​និង​ស្ថិរភាព​ ហើយ​ក៏​មានការ​ទាក់ទង​រវាង​ការ​សង្កត់​សង្កិន​ក្នុង​ប្រទេស​ និង​អំពើ​ឈ្លានពានឆ្លង​កាត់​ព្រំដែនដែរ។​ លោក​រដ្ឋមន្ត្រី Blinken បានគូសបញ្ជាក់​ថា​៖ «...ពួក​ប្រទេស​ដែល​រំលោភជា​ប្រព័ន្ធ​លើ​សិទ្ធិមនុស្សនៅ​ខាងក្នុង​ប្រទេស​សាប​ព្រោះឱ្យ​មានអស្ថិរភាព​នៅ​ក្នុង​ប្រទេស​ឯ​ទៀតៗ...ហើយពួក​អ្នក​គ្រប់គ្រង​ដែល​រំលោភ​អំណាច​ និងមិនអើពើដល់សិទ្ធិរបស់ប្រជារាស្ត្រ​ខ្លួន ផ្តល់​អាជ្ញាបណ្ណឱ្យពួក​មេដឹកនាំ​នៅ​កន្លែង​ផ្សេងទៀត ធ្វើដូច្នេះដែរ‍»។​

លោក​រដ្ឋមន្ត្រី Blinken ​បាន​កត់​សម្គាល់​ថា៖ «នៅពេល​នេះ ទោះ​ជា​មានកិច្ច​ប្រឹងប្រែងខ្ជាប់​ខ្ជួន​របស់​អង្គការ OSCE ក៏ដោយ ក៏​គុណតម្លៃ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស​ សង្គម​ស៊ីវិល​ បណ្តាញ​ព័ត៌មាន​សេរី​ នីតិរដ្ឋ​កំពុង​ប្រឈម​នឹង​ឧបសគ្គនៅ​ក្នុងប្រទេស​ជា​ច្រើន»។ លោក​រដ្ឋមន្ត្រី Blinken បានមាន​ប្រសាសន៍​ថា ​ជា​ការពិត«ប្រទេស​បេឡារុស​បន្ត​រំលោភ​លើ​ច្បាប់​អន្តរជាតិ​ និង​ការ​ប្តេជ្ញា​នៃ​អង្គការ OSCE»។ លោក​បាន​បន្ត​ថា​ «ជា​ថ្មី​ទៀត​ ​យើងអំពាវនាវដល់អាជ្ញាធរបេឡារុសឱ្យ​បញ្ឈប់​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​របស់ផង​ខ្លួន​ ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​អស់ យកចិត្ត​ទុក​ដាក់នឹងការ​ទាមទារ​របស់ប្រជារាស្ត្រ​ឱ្យ​មានការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ ដោយ​មាន​ការ​សង្កេតការឯករាជ្យ និងឈប់​យកចំណាក​ស្រុកធ្វើ​ជា​អាវុធ»។

ប្រទេសរុស្ស៊ី​ ក៏​បន្តរំលោភ​លើ​ការ​ប្តេជ្ញាជា​មូល​ដ្ឋាន​នៃ​អង្គការ​ OSCE ដែរ។ ការក្តាប់​យក​ដោយ​កម្លាំងនូវ​តំបន់ Crimea​ បាន​នាំ​ឱ្យ​មានការរំលោភឥតឈប់​ឈរប្រឆាំង​ក្រុម​ជនអំបូរ Tatars នៅ Crimea ក្រុមជន​ជាតិ​អ៊ុយក្រែន និង​ក្រុម​ជន​ឯ​ទៀតៗ​ដែលប្រឆាំង​ដោយ​សន្តិវិធី​ដល់​ការកាន់កាប់តំបន់​នោះ។ លោក​រដ្ឋមន្ត្រី Blinken បានបន្ថែម​ថា៖ «យើង​ខ្វល់ខ្វាយ​ខ្លាំងដោយ​មានភ័ស្តុតាង​ថា ​រុស្ស៊ីបានរៀបចំផែនការ​ធ្វើការ​ឈ្លានពាន​ថែម​ទៀតប្រឆាំង​នឹងអ៊ុយក្រែន។ ដូច្នេះ យើង​អំពាវ​នាវ​ដល់​រុស្ស៊ី​ឱ្យ​គោរព​អធិបតេយ្យភាព​និង​បូរណភាព​ដែន​ដី​នៃ​ប្រទេស​អ៊ុយក្រែន​ដោយ​បន្ថយ​ភាព​តានតឹង​ ប្រែ​ក្រឡះការបង្កើន​ក្រុមទាហានកាល​ពី​ពេល​ថ្មីៗ​នេះ បញ្ជូន​កង​កម្លាំង​ទៅ​កាន់ទីតាំងធម្មតា​វិញ និង​អនុវត្ត​ខ​មានចែង​អំពី​ការ​ឈប់​បាញ់គ្នានិងខ​នានា​ដែល​អនុញ្ញាត​ឱ្យ​ OSCE តាមឃ្លាំ​មើល​ស្ថានការណ៍​ដោយ​គ្មាន​ការ​រារាំង»។​

នៅក្នុង​ប្រទេស​ហ្សកហ្ស៊ី រុស្ស៊ី​ បាន​រំលោភ​លើការ​សន្យា​អំពី​ការត្រួតត្រាអាវុធ​ដោយ​បានរក្សា​កងកម្លាំង​នៅ​ក្នុង​តំបន់ Abkhazia និង Osssetia ខាង​ត្បូង។ ​ក្រុម​ទាហាន​រុស្ស៊ី នៅ​តែ​ឋិត​ក្នុងប្រទេស​ម៉ុលដាវី​ដោយ​គ្មានការ​យល់ព្រម​ពីប្រទេស​នេះ​ទេ។ នៅ​ក្នុងប្រទេស អាជ្ញាធរ​រុស្ស៊ី បង្ក្រាប​លើអង្គការ​សង្គម​ស៊ីវិល​ ការបង្ក្រាប​ថ្មីៗបំផុ​ត ​មានធ្វើ​ទៅ​លើ​សាខានៃ​ក្រុម​សិទ្ធិ​មនុស្ស Memorial និងបណ្តាញ​ព័ត៌មាន​ឯករាជ្យ។

លោក​រដ្ឋមន្ត្រី Blinken បាន​ប្រកាស​ថា៖ «យើងមានជំនឿលើអំណាចនៃក្រុម​ប្រទេសប្រជាធិបតេយ្យក្នុង​ការ​ធ្វើឱ្យ​ប្រទេស​នីមួយៗខ្លាំង​ជាងមុន និង​ទៅ​លើ​សក្តានុពល​នៃ​ពួក​ប្រទេស​មិន​ទាន់​មានលទ្ធិប្រជាធិបរយ្យ​នៅ​ឡើយឱ្យលូតលាស់​ក្នុង​ទិសដៅ​នេះ​សម្រាប់​ភាព​ល្អ​ប្រសើរ​នៃ​ប្រជារាស្ត្រ​ពួក​គេ។ អង្គការ OSCE នៅ​តែ​ជា​វេទិកា​សំខាន់​មួយ​សម្រាប់​ជំរុញទស្សនៈវិស័យ​នេះ៕

XS
SM
MD
LG