តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
អង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការអឺរ៉ុប (OSCE) បានចេញរបាយការណ៍មួយដោយបង្ហាញឲ្យឃើញអំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅក្នុងប្រទេសបេឡារុស ដែលប្រព្រឹត្តិឡើងដោយរបបគ្រប់គ្រងរបស់លោកប្រធានាធិបតី Aleksandr Lukashenko នៅក្នុងអំឡុងពេលនៃការបោះឆ្នោតដែលមានការលួចបន្លំនៅថ្ងៃទី ៩ ខែសីហា និងក្នុងអំឡុងពេលក្រោយការបោះឆ្នោត។
របាយការណ៍របស់អង្គការ OSCE នេះ បានអះអាងថា គោលដៅចម្បងបំផុតនៃការបង្ក្រាបរបស់លោក Lukashenko គឺ «ដើម្បីដាក់ទោសលើក្រុមបាតុករនិងដើម្បីបំភិតបំភ័យពួកគេ និងអ្នកដទៃទៀតដែលចង់ធ្វើបាតុកម្ម»។
ការរំលោភបំពានលើក្រុមបាតុករដែលតវ៉ាដោយសន្តិវិធី សកម្មជនគណបក្សប្រឆាំង និងអ្នកកាសែត មានដូចជាការធ្វើទារុណកម្ម ការចាប់ឃុំឃាំងតាមអំពើចិត្ត និងការរារាំងសេរីភាពបញ្ចេញមតិ សេរីភាពបង្កើតសមាគម និងសេរីភាពនៃការប្រមូលផ្តុំគ្នាដោយសន្តិវិធីជាដើម។
លោក Wolfgang Benedek ដែលជាអ្នកនិពន្ធនាំមុខនិងជាសាស្ត្រាចារ្យច្បាប់អន្តរជាតិ បានកត់សម្គាល់នៅក្នុងរបាយការណ៍នោះថា វាជា «ក្ដីបារម្ភជាពិសេសដែលករណីនៃការធ្វើទារុណកម្មនិងការធ្វើបាបដែលមានភស្តុតាងជាក់ច្បាស់នៅក្នុងការបង្ក្រាបដែលធ្វើឡើងដោយកងកម្លាំងសន្តិសុខលើក្រុមអ្នកប្រឆាំងខាងនយោបាយ មិនទាន់ឈានដល់ការទទួលខុសត្រូវរបស់នរណាម្នាក់នៅឡើយទេ។ ចំណុចនេះសបញ្ជាក់ឲ្យឃើញថា ពិតជាត្រឹមត្រូវតាមការចោទប្រកាន់ដែលថា មាននិទណ្ឌភាពជាទូទៅ ដោយសារការគ្មានការកាត់ក្តីដោយយុត្តិធម៌លើសំណុំរឿងនយោបាយនានា»។
បាតុកម្មទ្រង់ទ្រាយធំ នៅតែបន្តធ្វើនៅទូទាំងប្រទេសបេឡារុសចាប់តាំងពីការបោះឆ្នោតដែលមានជម្លោះមក។ បាតុកម្មទាំងនេះ បានបង្កើនការដាក់សម្ពាធលើលោកប្រធានាធិបតី Lukashenko ដែលបានគ្រប់គ្រងប្រទេសនេះអស់រយៈពេល ២៦ ឆ្នាំមកហើយ និងដែលបានប្រកែកមិនព្រមទទួលស្គាល់ថា ការបោះឆ្នោតនេះមានការលួចបន្លំ។
បើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាននានា លោកប្រធានាធិបតី Lukashenko បានបន្តឹងការក្ដោបក្តាប់អំណាចរបស់ខ្លួន តាមរយៈការបិទផ្នែកខ្លះនៃព្រំដែនខាងលិច ការដករដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញពីតំណែង និងការជំរុញមន្ត្រីសន្តិសុខដែលទប់ទល់នឹងបាតុកម្មឲ្យបង្កើនការបង្ក្រាបលើក្រុមបាតុករ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក «នៅតែមានការជំរុញទឹកចិត្តដោយភាពមិនចេះទ្រុឌទ្រោមនិងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋបេឡារុស។ សហរដ្ឋអាមេរិកនៅតែបន្តអំពាវនាវដល់អាជ្ញាធរបេឡារុស ឱ្យបញ្ឈប់ការបង្ក្រាបរបស់ពួកគេ ហើយធ្វើតាមការទាមទាររបស់ប្រជាពលរដ្ឋបេឡារុសដែលចង់ឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅក្រោមការសង្កេតការណ៍ឯករាជ្យ»។
អនុសាសន៍នៅក្នុងរបាយការណ៍របស់អង្គការ OSCE បានផ្តល់ឱ្យអាជ្ញាធរបេឡារុសនូវមធ្យោបាយសម្រាប់បញ្ចប់វិបត្តិនេះ។ មធ្យោបាយនោះមានដូចជា បេសកកម្មរបស់អ្នកសង្កេតការណ៍របស់អង្គការ OSCE ការបញ្ចប់អំពើហិង្សាប្រឆាំងនឹងប្រជាពលរដ្ឋបេឡារុស និងការធានាឲ្យមាននូវការទទួលខុសត្រូវសម្រាប់អ្នកដែលត្រូវបានគេរកឃើញថាជាអ្នកប្រព្រឹត្តិការរំលោភបំពានកាលពីអតីតកាល។ បន្ថែមពីលើនេះទៀត គេត្រូវតែដោះលែងអ្នកដែលត្រូវគេចាប់ដាក់ឃុំដោយអយុត្តិធម៌ទាំងអស់ ហើយត្រូវតែមានការសន្ទនាថ្នាក់ជាតិប្រកបដោយផ្លែផ្កាជាមួយអ្នកតំណាងនៃគណបក្សប្រឆាំង និងសង្គមស៊ីវិល។
សហរដ្ឋអាមេរិក ឈរជាមួយប្រជាពលរដ្ឋនៃប្រទេសបេឡារុសនៅក្នុងការស្វែងរកយុត្តិធម៌ និងការបោះឆ្នោតដោយសេរីនិងយុត្តិធម៌៕