តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ពាក្យថា «ដំណើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ» សំដៅលើការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ដោយសារតែមេដឹកនាំដែលជ្រើសរើសតាមបែបប្រជាធិបតេយ្យ បានធ្វើឱ្យចុះខ្សោយដល់ស្ថាប័ននយោបាយរបស់រដ្ឋ ដែលជួយទ្រទ្រង់លទ្ធិប្រជាធិបតេយ្យនោះ។
ដំណើរការនេះ ដែលគេស្គាល់ថា «អត្តាធិបតេយ្យនីយកម្ម» បានចាប់ផ្ដើមនៅក្រោយសម័យសង្គ្រាមត្រជាក់ និងបានកើនឡើងចាប់តាំងពីពេលនោះមក។
អ្នកស្រី Uzra Zeya រដ្ឋលេខាធិការក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខពលរដ្ឋស៊ីវិល លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា៖ «អង្គការសង្គមស៊ីវិល បានកត់ត្រាការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅលើពិភពលោកក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នា។ ដូច្នេះ តើការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យមានន័យដូចម្ដេចនៅក្នុងការអនុវត្តជាក់ស្ដែង?»។
អ្នកស្រី Zeya បញ្ជាក់ដូច្នេះថា៖ «ទីមួយ ការដឹកនាំបែបអត្តាធិបតេយ្យ បានបង្អាក់ដល់ការបោះឆ្នោតដែលជាការបង្ហាញឆន្ទៈរបស់ប្រជាពលរដ្ឋ បំផ្លាញដល់ឯករាជ្យភាពនៃអង្គនីតិបញ្ញត្តិ និងអង្គតុលាការ និងរំលោភលើសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ ទីពីរ បុគ្គលពុករលួយបានរឹតត្បិតជ្រុលហួសហេតុដល់ការទទួលបានព័ត៌មាន។ ករណីនេះ បានប្រើប្រាស់ថវិកាសាធារណៈ និងធ្វើឱ្យបាត់បង់ទំនុកចិត្តសាធារណៈដែលថា អភិបាលកិច្ចបែបប្រជាធិបតេយ្យ អាចនាំមកនូវអនាគតដ៏ប្រសើរបាន។ ទីបញ្ចប់ សូម្បីតែប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យរឹងមាំហើយក៏ដោយ ដូចជាសហរដ្ឋអាមេរិកជាដើម ក៏នៅតែប្រឈមនឹងបញ្ហានានា ដូចជាការបែកបាក់ខាងនយោបាយ ការផ្សព្វផ្សាយព័ត៌មានប្រឌិត ការរើសអើង និងអយុត្តិធម៌ជាតិសាសន៍ជាដើម»។
អ្នកស្រីបន្ថែមដូច្នេះថា៖ «ជាងនេះទៀត យើងដឹងថា សង្គមណាដែលគោរព និងការពារសិទ្ធិមនុស្ស ប្រកាន់ខ្ជាប់នីតិរដ្ឋ និងគាំទ្រអភិបាលកិច្ចដែលរួមបញ្ចូលពលរដ្ឋទាំងអស់ និងមានការទទួលខុសត្រូវសម្រាប់ប្រជាពលរដ្ឋរបស់ពួកគេ គឺជាសង្គមដែលមាននូវលទ្ធភាពល្អបំផុតនៅក្នុងការស្វែងរកដំណោះស្រាយដ៏ឋិតថេរសម្រាប់បញ្ហាទូទៅសូម្បីតែបញ្ហាដែលពិបាកបំផុតក៏ដោយ»។
ដោយយោងលើប្រសាសន៍របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken អ្នកស្រីរដ្ឋលេខាធិការ Zeya បានកត់សម្គាល់ថា៖ «ប្រទេសដែលមានការទទួលខុសត្រូវ មិនត្រូវបង្អាក់ដោយសារតែការពិនិត្យពិច័យលើប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួននោះទេ។ ប៉ុន្តែ ប្រទេសទាំងនោះ គួរតែទទួលស្គាល់នូវបញ្ហាសិទ្ធិមនុស្សនេះប្រកបដោយឆន្ទៈដើម្បីធ្វើវាឱ្យប្រសើរឡើងវិញ»។
ចំណុចនេះហើយដែលធ្វើឱ្យការតាមដានពិនិត្យរបស់សង្គមស៊ីវិលលើប្រវត្តិសិទ្ធិមនុស្សរបស់ប្រទេសទាំងនេះ មានសារៈសំខានមិនអាចកាត់ថ្លៃបាន។
អ្នកស្រី Zeya បានលើកឡើងថា៖ «សង្គមស៊ីវិលដើរតួដ៏សំខាន់ផ្នែកតាមដាននិងតស៊ូមតិនៅក្នុងលទ្ធិប្រជាធិបតេយ្យរបស់យើង។ ការលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋាភិបាល គឺពិតជាសំខាន់»។
អ្នកស្រីនិយាយដូច្នេះថា៖ «សកម្មជន អ្នកតស៊ូមតិ និងសមាជិកផ្សេងទៀតនៃសង្គមស៊ីវិល គឺមានសារៈសំខាន់ចំពោះអភិបាលកិច្ចដែលមានតម្លាភាព សមធម៌ និងចេះអើពើ។ ការធ្វើជាដៃគូជាមួយនឹងសង្គមស៊ីវិល គឺមានសារៈសំខាន់ចំពោះការសម្រេចបាននូវគោលបំណងនៃកិច្ចប្រជុំ [អំពីប្រជាធិបតេយ្យ] នៅពេលដែលយើងងាកទៅរកមេដឹកនាំមូលដ្ឋាន និងអ្នកជំនាញនានាឱ្យជួយធានាថា ការសន្យារបស់រដ្ឋាភិបាលមានផលវិជ្ជមានចំពោះប្រជាពលរដ្ឋ»។
ដំណើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ «បង្ហាញនូវការប្រឈមដ៏ធំចំពោះស្ថិរភាពនិងវិបុលភាពសាកលលោក ដែលអាចដោះស្រាយបានរួមគ្នាជាមួយនឹងប្រទេសប្រជាធិបតេយ្យដូចគ្នាផ្សេងទៀត ដែលរួមកម្លាំងគ្នាកែប្រែដំណើរថយក្រោយនេះឱ្យដូចដើមវិញ»។
សហរដ្ឋអាមេរិក អញ្ជើញមិត្តភក្ដិនិងសម្ព័ន្ធមិត្តដែលមានគំនិតដូចគ្នាទាំងអស់ឱ្យជួយកែប្រែទំនោរនៃដំណើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនេះ តាមរយៈការចូលរួមជាមួយសហរដ្ឋអាមេរិកនៅក្នុងការទប់ទល់ប្រឆាំងនឹងរបបផ្ដាច់ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងជំរុញការគោរពសិទ្ធិមនុស្សទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។ កិច្ចប្រជុំអំពីប្រជាធិបតេយ្យ [ដែលបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ] គឺជាជំហានឆ្ពោះទៅមុខមួយសម្រាប់ពិភពលោកនៅក្នុងដំណើរនេះ»៕