តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក កំពុងធ្វើសកម្មភាពដើម្បីឧបត្ថម្ភផ្ចុងផ្តើមការទទួលខុសត្រូវសម្រាប់ពួកមន្ត្រីនីការ៉ាហ្គានៅក្រោយការបោះឆ្នោតក្លែងបន្លំកាលពីខែវិច្ឆិកាក្នុងប្រទេសនីការ៉ាហ្គា។ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ការិយាល័យត្រួតត្រាធនធានបរទេសនៃក្រសួងហិរញ្ញវត្ថុអាមេរិកហៅកាត់ថា OFAC បានដាក់ទណ្ឌកម្មប្រឆាំងក្រសួងសាធារណៈនីការ៉ាហ្គា និងមន្ត្រីរដ្ឋាភិបាលប្រទេសនេះចំនួន៩នាក់។
កាលពីថ្ងៃទី៧ ខែវិច្ឆិកា របបគ្រប់គ្រង Ortega-Murillo បានធ្វើការបោះឆ្នោតមួយដែលបដិសេធលទ្ធភាពរបស់ប្រជារាស្ត្រនីការ៉ាហ្គាក្នុងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្រោយពីមានការបង្ក្រាបជាច្រើនខែ មានការអនុម័តច្បាប់រឹតត្បិត និងមានការចាប់បុគ្គល៣៩នាក់ដាក់ក្នុងពន្ធនាគារដោយមានរួមបញ្ចូលមនុស្ស៧នាក់ដែលមានសក្តានុពលជាបេក្ខជនប្រធានាធិបតី ពួកសមាជិកក្រុមប្រឆាំង អ្នកកាសែត និស្សិត និងពួកសមាជិកនៃក្រុមសង្គមស៊ីវិលផងដែរ។ ជាច្រើនឆ្នាំមកហើយ របបគ្រប់គ្រង Ortega-Murillo បានរំលាយស្ថាប័នប្រជាធិបតេយ្យប្រទេសនីការ៉ាហ្គា និងបានអនុញ្ញាតឱ្យមានអំពើពុករលួយ និងភាពគ្មានទោសពៃរ៍។
ជាលទ្ធផល ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងក្រសួងសាធារណៈនីការ៉ាហ្គា និងមន្ត្រីប្រទេសនេះចំនួន៩នាក់។ ក្រសួងសាធារណៈ បំពេញមុខនាទីចម្បងមួយពាក់ព័ន្ធនឹងការចាប់ខ្លួនដោយរបបគ្រប់គ្រងនេះនូវពួកជនមានសក្តានុពលជាបេក្ខជនប្រធានាធិបតី ពួកដឹកនាំសង្គមស៊ីវិលឯទៀតៗ មេដឹកនាំវិស័យឯកជន និស្សិត និងក្រុមអ្នកសារព័ត៌មាននៅមុនការបោះឆ្នោត។
ការិយាល័យ OFAC បានសម្គាល់ឈ្មោះមន្ត្រីនីការ៉ាហ្គា៩នាក់សម្រាប់ដាក់ទណ្ឌកម្មតាមរយៈបទបញ្ជានីតិប្រតិបត្តិលេខ ១៣៨៥១ ដោយសារជនទាំងនេះ ជាមន្ត្រីរដ្ឋាភិបាលនីការ៉ាហ្គា ឬបានបម្រើការជាមន្ត្រីនៃប្រទេសនេះ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០០៧ ឬក្រោយថ្ងៃនោះ។ ពួកបុគ្គលទាំង៩នាក់នេះ បានជួយសម្រួលឱ្យមានការបង្ក្រាបដោយរបបគ្រប់គ្រង Ortega-Murillo ដោយមានរួមបញ្ចូលការរំលោភលើសិទ្ធិមនុស្ស ឬចាត់ចែងស្ថាប័នដែលផ្តល់ប្រាក់ឱ្យរបបគ្រប់គ្រង Ortega-Murillo ដែលមិនគោរពលទ្ធិប្រជាធិបតេយ្យ ឬមួយធ្វើឱ្យរបបគ្រប់គ្រងនេះ មានជីវិតដោយលះបង់ប្រជារាស្ត្រនីការ៉ាហ្គា។
តាមរយៈការដាក់ទណ្ឌកម្មទាំងនេះ សហរដ្ឋអាមេរិកដោយមានការចូលរួមពីពួកដៃគូអន្តរជាតិរបស់យើង បន្តចាត់វិធានការជាក់ស្តែងដើម្បីឆ្លើយតបនឹងការវាយប្រហារដោយរបបគ្រប់គ្រង Ortega-Murillo ទៅលើសេរីភាពស៊ីវិល និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៥ ខែវិច្ឆិកាថា «យើងស្វាគមន៍ដែលប្រទេសកាណាដា និងចក្រភពអង់គ្លេស បានចូលរួមដាក់ទណ្ឌកម្ម»។ មហាសន្និបាតនៃអង្គការរដ្ឋក្នុងទ្វីបអាមេរិកឬ OAS បានចែងយ៉ាងច្បាស់កាលពីថ្ងៃទី១២ ខែវិច្ឆិកាថា នៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Ortega និងអនុប្រធានាធិបតី Morillo រដ្ឋាភិបាលនីការ៉ាហ្គា កាន់តែងាកទៅរកភាពឯកោ ឬឃ្លាតឆ្ងាយពីអន្តរជាតិ ប្រសិនបើរដ្ឋាភិបាលនេះ នៅតែបន្តបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងបដិសេធសិទ្ធិប្រជារាស្ត្រនីការ៉ាហ្គា។ យើងឈរជាមួយពួកមេដឹកនាំនៃអឌ្ឍគោលខាងលិចក្នុងការអំពាវនាវឱ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញក្នុងប្រទេសនីការ៉ាហ្គា និងឱ្យមានការដោះលែងក្រុមអ្នកទោសនយោបាយជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ៕