Accessibility links

Breaking News

បទវិចារណកថា៖ ការគាបសង្កត់​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​នីការ៉ាហ្គា


រូបឯកសារ៖ ប្រធានាធិបតី​នីការ៉ាហ្គា​លោក Daniel Ortega និយាយ​​នៅក្បែរ​​អ្នកស្រី​អនុ​ប្រធានាធិបតី Rosario Murillo ​នៅក្នុង​អំឡុង​ពិធី​មួយ នៅ​ទីក្រុង​ម៉ាណាហ្គា ប្រទេស​នីការ៉ាហ្គា។
រូបឯកសារ៖ ប្រធានាធិបតី​នីការ៉ាហ្គា​លោក Daniel Ortega និយាយ​​នៅក្បែរ​​អ្នកស្រី​អនុ​ប្រធានាធិបតី Rosario Murillo ​នៅក្នុង​អំឡុង​ពិធី​មួយ នៅ​ទីក្រុង​ម៉ាណាហ្គា ប្រទេស​នីការ៉ាហ្គា។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក ​បាន​ដាក់​ទណ្ឌកម្ម​លើ​សមាជិក ៤ នាក់​នៃ​របប​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Daniel Ortega និង​អ្នកស្រី​អនុ​ប្រធានាធិបតី Rosario Murillo ក្នុង​ប្រទេសនីការ៉ាហ្គា ស្រប​ពេល​ដែល​រលក​នៃ​ការ​គាប​សង្កត់​ និង​ការ​គំរាមកំហែង​នៅ​ក្នុង​ប្រទេស​នេះ​ ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ថ្មី​មួយ។

សមាជិក​ទាំង ៤ នាក់​នេះ​មាន​ដូចជា អ្នក​តំណាង​ខាង​អង្គ​នីតិបញ្ញត្តិ​ជាតិ អ្នក​តំណាង​ខាង​វិស័យ​ធនាគារ អ្នក​តំណាង​ខាង​យោធា និង​កូនស្រី​របស់​លោក Ortega និង​អ្នកស្រី Murillo។

ក្នុង​ពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ប្រទេសនីការ៉ាហ្គា​ចូល​មក​ដល់​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ មេដឹកនាំ​គណបក្ស​ប្រឆាំង​ផ្សេងៗ​សំខាន់ៗ​ចំនួន ២៧ នាក់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​ចំនួន ៦ រូប​ផងដែរ ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់​ដែល​ប្រឌិត​ឡើង​យ៉ាង​ជាក់ច្បាស់​ទាក់ទិន​នឹង​អំពី​ពុករលួយ​និង​សន្តិសុខ​ជាតិ។

អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ ​គឺ​អ្នកស្រី Christiana Chamorro លោក Arturo Cruz លោក Felix Maradiaga លោក Juan Sebastian Chamorro លោក Miguel Mora និង​លោក Medardo Mairena ក៏​ដូចជា​មេដឹកនាំ​និស្សិត អ្នក​តំណាង​វិស័យ​ឯកជន និង​សកម្មជន​សង្គម​ស៊ីវិល​ផ្សេង​ទៀត​ផងដែរ។

របប​ដឹកនាំ​នេះ ​នៅតែ​បន្ត​យាយី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត​ដែល​បង្ហាញ​ការ​ប្រឆាំង​ចំពោះ​របប​នេះ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ថ្កោលទោស​សកម្មភាព​ចុងក្រោយ​បង្អស់​របស់​របប​ដឹកនាំ​របស់​លោក Ortega និង​អ្នកស្រី Murillo និង​បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក «ឲ្យ​លោក​ប្រធានាធិបតី Ortega និង​អ្នក​ដែល​សមគំនិត​នៅ​ក្នុង​សកម្មភាព​ទាំង​នេះ​ទទួល​ខុសត្រូវ​ចំពោះ​សុវត្ថិភាព​និង​សុខុមាលភាព​របស់​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន»។

សហរដ្ឋ​អាមេរិក ​បាន​ដាក់​ទណ្ឌកម្ម​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​រលក​នៃ​ការ​គាប​សង្កត់​កាលពី​ពេល​ថ្មីៗ​នេះ ក៏​ដូចជា​ទៅ​នឹង​ការ​បរាជ័យ​នៃ​របប​ដឹកនាំ​នេះ​នៅ​ក្នុង​ការ​អនុវត្ត​កំណែ​ទម្រង់​ការ​បោះឆ្នោត​ដ៏​សំខាន់ ដែល​ទាមទារ​ដោយ​អង្គការ​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាមេរិក (OAS) និង​គាំទ្រ​ដោយ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។

ទោះបីជា​យុទ្ធនាការ​ថ្មី​ចុងក្រោយ​បង្អស់​នៃ​ការ​បំភិតបំភ័យ​និង​ការ​គាប​សង្កត់​នេះ​មាន​លក្ខណៈ​ប្លែក​ជា​ពិសេស​ក៏ដោយ ក៏​គេ​ឃើញ​ថា ការ​រំលោភ​បំពាន​របស់​របប​ដឹកនាំ​លោក Ortega លើ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។

ការ​បង្ក្រាប​ហិង្សា​របស់​រដ្ឋាភិបាលនីការ៉ាហ្គា​លើ​ការ​តវ៉ា​ដែល​មាន​ទំនោរ​រក​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ ២០១៨ បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច ៣២៥ នាក់​ស្លាប់ មនុស្ស​ជាង ២.០០០ នាក់​រង​របួស និង​មនុស្ស​រាប់រយ​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដោយ​ខុសច្បាប់ រង​ការ​ធ្វើ​ទារុណកម្ម និង​បាត់ខ្លួន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​និយាយ​ថា៖ «នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Ortega ប្រទេសនីការ៉ាហ្គា​កំពុង​ក្លាយជា​ប្រទេស​ដែល​ត្រូវ​គេ​ផាត់​ចេញ​ពី​អន្តរជាតិ​ដោយ​ងាក​ចេញ​ឆ្ងាយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ»។

លោក Price បាន​កត់សម្គាល់​ថា សហរដ្ឋ​អាមេរិក «មាន​វិធានការ​បន្ថែម​ដែល​អាច​អនុវត្ត​ពេល​ណា​ក៏បាន ដើម្បី​ធ្វើ​ឲ្យ​សមាជិក​នៃ​របប​ដឹកនាំ​នេះ​និង​អ្នក​ដែល​គាំទ្រ​របប​នេះ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន ហើយ​សហរដ្ឋ​អាមេរិក​នឹង​មិន​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​ធ្វើ​ដូច្នេះ​នោះ​ទេ»។

កាលពី​ថ្ងៃ​ទី ១៥ ខែ​មិថុនា ប្រទេស​ចំនួន ២៦ ដែល​ជា​សមាជិក​របស់​អង្គការ OAS បាន​គាំទ្រ​សេចក្ដី​សម្រេច​មួយ​ដែល​អំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី Ortega ចាត់​វិធានការ​បន្ទាន់​ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ និង​ដើម្បី​បង្កើត​លក្ខខណ្ឌ​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌។

កាលពី​ថ្ងៃ​ទី ២២ ខែ​មិថុនា រដ្ឋាភិបាល​ចំនួន ៥៩ បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​នៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ដែល​ជាប់​ឃុំ​ទាំង​អស់​ជា​បន្ទាន់។

កិច្ច​ប្រឹងប្រែង​ការទូត​របស់​សហរដ្ឋ​អាមេរិក​ក៏​រួម​មាន​ផងដែរ​នូវ​ការ​សម្របសម្រួល​ជាមួយ​នឹង​អង្គការ OAS សហភាព​អឺរ៉ុប និង​ដៃគូ​អន្តរជាតិ​ផ្សេង​ទៀត ដើម្បី​ដាក់​សម្ពាធ​លើ​របប​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Ortega និង​អ្នកស្រី​អនុ​ប្រធានាធិបតី Murillo ឲ្យ​បន្ធូរបន្ថយ​ការ​គាប​សង្កត់​របស់​ខ្លួន​លើ​ប្រជាពលរដ្ឋនីការ៉ាហ្គា ដែល​សក្ដិសម​នឹង​ទទួល​បាន​នូវ​រដ្ឋាភិបាល​មួយ​ដែល​មាន​ប្រព័ន្ធ​ដឹកនាំ​ពហុបក្ស៕

XS
SM
MD
LG