តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ជឿថា សិទ្ធិមនុស្សគួរត្រូវការពារ អ្នកការពារសិទ្ធិមនុស្សគួរត្រូវសរសើរ ហើយអ្នកប្រព្រឹត្តិការរំលោភសិទ្ធិមនុស្សត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីការបរទេស Antony Blinken នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
លោក Blinken ថ្លែងដូច្នេះថា៖ «ដូចដែលសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្សបានបង្ហាញ សិទ្ធិមនុស្សទាំងអស់មានលក្ខណៈជាសាកល មិនអាចកាត់ផ្ដាច់បាន អាស្រ័យគ្នាទៅវិញទៅមក និងមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក»។
លោក Blinken បានបន្ថែមថា៖ «សហរដ្ឋអាមេរិកចាត់ទុកលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សជាគោលគ្រឹះនៃនយោបាយការបរទេសរបស់យើង ដោយសារតែវាមានសារៈសំខាន់សម្រាប់សន្តិភាពនិងស្ថិរភាព។ ការប្ដេជ្ញានេះ គឺម៉ឺងម៉ាត់ និងមានឫសគល់នៅក្នុងបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើងក្នុងនាមជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ។ ទោះបីជាការប្ដេជ្ញារបស់យើងមិនបានល្អឥតខ្ចោះ និងជារឿយៗមិនបានបំពេញឲ្យបានពេញលេញតាមឧត្តមគតិផ្ទាល់ខ្លួនរបស់យើងក៏ដោយ ក៏យើងតែងតែប្រឹងប្រែងឲ្យក្លាយជាប្រទេសមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ មានការគោរព និងមានភាពសេរី»។
វាក៏ជាមូលហេតុចម្បងមួយក្នុងចំណោមមូលហេតុចម្បងៗផ្សេងទៀតផងដែរ ដែលសហរដ្ឋអាមេរិក មានបំណងចង់ស្វែងរកការគាំទ្រឲ្យបានកាន់កាប់អាសនៈនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤។
លោករដ្ឋមន្ត្រី Blinken បានបញ្ជាក់ថា៖ «យើងនឹងផ្ដោតលើការធានាថា សមាជិកភាពនៅក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ នឹងឆ្លុះបញ្ចាំងឲ្យឃើញអំពីស្ដង់ដារខ្ពស់សម្រាប់ការប្រកាន់ខ្ជាប់តាមគោលការណ៍សិទ្ធិមនុស្ស។ អ្នកដែលមានប្រវត្តិអាក្រក់ផ្នែកសិទ្ធិមនុស្សមិនគួរធ្វើជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនេះទេ។ យើងត្រូវតែធ្វើការទាំងអស់គ្នាដើម្បីលើកកម្ពស់កិច្ចការ និងសមាជិកភាពនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ ដើម្បីឲ្យក្រុមប្រឹក្សានេះ អាចធ្វើកិច្ចការបានច្រើនជាងនេះទៀត នៅក្នុងការធ្វើឲ្យប្រសើរឡើងនូវសិទ្ធិរបស់មនុស្សទូទៅនៅជុំវិញពិភពលោក»។
ប្រទេសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនេះជាច្រើន បានកោតសរសើរចំពោះការការពារសិទ្ធិមនុស្ស ទោះបីជាពួកគេ បានបង្អាក់ដល់គុណតម្លៃដែលអង្គការសហប្រជាជាតិផ្អែកលើពេលបង្កើតឡើងដំបូងក៏ដោយ។
លោក Blinken បាននិយាយថា៖ «យើងម្នាក់ៗក្នុងឋានៈជាបុគ្គលទទួលបាននូវសិទ្ធិមនុស្ស ហើយ ...រដ្ឋមានកាតព្វកិច្ចនៅក្នុងការការពារសិទ្ធិជាមូលដ្ឋានទាំងនោះ»។
លោកថ្លែងដូច្នេះថា៖ «អ្នកដែលមានបំណងបំផ្លាញសិទ្ធិមនុស្សនៅក្រោមស្លាកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដែលក្នុងនោះរួមមានទាំងការរំលោភសិទ្ធិមនុស្សផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ យើងនឹងបន្តរិះគន់ជាសាធារណៈលើការបំពានសិទ្ធិមនុស្សនៅតាមប្រទេសមួយចំនួនដូចជាប្រទេសវ៉េណេស៊ុយអេឡា នីការ៉ាហ្គា គុយបា និងអ៊ីរ៉ង់ជាដើម។ យើងបញ្ជាក់ជាថ្មីម្ដងទៀតនូវការអំពាវនាវរបស់យើងឲ្យរដ្ឋាភិបាលរុស្ស៊ីដោះលែងជាបន្ទាន់និងគ្មានលក្ខខណ្ឌនូវលោក Alexei Navalny និងពលរដ្ឋរុស្ស៊ីរាប់រយនាក់ផ្សេងទៀត ដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់សម្រាប់ការអនុវត្តសិទ្ធិរបស់ខ្លួន។ យើងនឹងនិយាយគាំទ្រគុណតម្លៃជាសាកលនានា នៅពេលដែលមានការប្រព្រឹត្តិអំពើឃោរឃៅនៅតំបន់ Xinjiang ឬក៏នៅពេលដែលមានការបំផ្លិចបំផ្លាញសេរីភាពជាមូលដ្ឋាននៅក្នុងទីក្រុងហុងកុង»។
លោក Blinken បានបន្តថា៖ «សហរដ្ឋអាមេរិកប្ដេជ្ញាពេញទំហឹងចំពោះការការពារនិងការលើកកម្ពស់សិទ្ធិមនុស្សជាសាកល»។
លោកបានបន្ថែមដូច្នេះថា៖ «សហរដ្ឋអាមេរិកទន្ទឹងរង់ចាំធ្វើការរួមគ្នាជាមួយនឹងមិត្តភក្ដិនិងដៃគូនានានៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងនៅក្នុងសហគមន៍អង្គការក្រៅរដ្ឋាភិបាលមកពីគ្រប់តំបន់ទាំងអស់ ដើម្បីធានាថា ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះគោរពតាមអាណត្តិរបស់ខ្លួន និងរួមចំណែកប្រកបដោយប្រសិទ្ធភាពចំពោះសិទ្ធិមនុស្សនៅជុំវិញពិភពលោក»៕