Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក ដាក់ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី​ចំពោះ​ការបំពុល​លោក Navalny


រូបឯកសារ៖ លោក Alexei Navalny មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី ឈរ​នៅ​ខាង​ក្នុង​បន្ទប់​កញ្ចក់​សម្រាប់​​ជនជាប់ចោទ ក្នុង​អំឡុងពេល​នៃ​សវនាការ​មួយ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។
រូបឯកសារ៖ លោក Alexei Navalny មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី ឈរ​នៅ​ខាង​ក្នុង​បន្ទប់​កញ្ចក់​សម្រាប់​​ជនជាប់ចោទ ក្នុង​អំឡុងពេល​នៃ​សវនាការ​មួយ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាល​ពី​ថ្ងៃ​ទី២០ ​ខែ​សីហា​ ឆ្នាំ​២០២០ លោក Aleksey Navalny សកម្មជន​រុស្ស៊ីប្រឆាំងអំពើ​ពុក​រលួយ​ និង​ជា​អ្នក​រិះ​គន់​ប្រធានាធិបតី​ Vladimir Putin ​បានឈឺធ្ងន់នៅ​ពេល​លោក​ធ្វើដំណើរ​តាម​យន្តហោះ​ក្នុង​ប្រទេស​រុស្ស៊ី។ នៅពេលលោក​បាន​ទទួល​ការ​ព្យាបាល​នៅក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ការធ្វើតេស្ត​សារធាតុ​ពុល​នៅ​ក្នុងប្រទេស​អាល្លឺម៉ង់ បារាំង​ និង​ប្រទេស​ស៊ុយអែត​ និង​ដោយ​អង្គការហាមប្រាមអាវុធ​គីមី​ ​បាន​បញ្ជាក់ថា​ ​លោក Navalny ត្រូវ​បានបំពុល​ដោយ​សារធាតុ​បំផ្លាញ​សរសៃ​ប្រសាទ Novichok។ នៅពេលលោកបានជា​សះស្បើយ​ឡើង​វិញ​ កាលពី​ខែ​មករា​ឆ្នាំ២០២១ លោកបាន​វិល​ត្រឡប់​ទៅ​ប្រទេស​រុស្ស៊ីវិញ ដែល​នៅទី​នោះ លោកត្រូវបានចាប់​ខ្លួន​ជា​បន្ទាន់ ត្រូវ​កាត់ក្តីដោយ​ឱ្យ​មានទោស​ជាប់ពន្ធនាគារ២ឆ្នាំ ៨​ខែ​ ដោយ​ថា លោក​បាន​រំលោភ​លើលក្ខខណ្ណនៅ​ក្រៅ​ឃុំទាក់​ទិននឹងការរកឃើញ​ថា ​មានទោសមួយ​កាល​ពី​ឆ្នាំ២០១៤ ទាក់​ទិននឹង​រឿង​នយោបាយ។

កាលពី​ថ្ងៃទី​២​ ខែមីនា​ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បានចេញសេចក្តី​ថ្លែងការណ៍​មួយដែល​លោក​រដ្ឋមន្ត្រី​ការ​បរទេស Anthony Blinken «បានកំណត់​ថារដ្ឋាភិបាល​នៃ​សហព័ន្ធ​រុស្ស៊ី​ បានប្រើ​អាវុធ​គីមី​មួយប្រឆាំង​នឹង​ជន​ជាតិ​របស់ខ្លួន​ឯង​ផ្ទាល់ ដោយរំលោភ​លើ​អនុសញ្ញាខាង​អាវុធ​គីមី»។ ជាការ​ឆ្លើយ​តប​ សហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្មលើ​ប្រទេសរុស្ស៊ី​ ស្រប​តាម​សហភាព​អឺរ៉ុប​។

លោក​រដ្ឋមន្ត្រី​ការ​បរទេស Anthony Blinken​ បានមានប្រសាសន៍នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​មួយ​ជា​លាយលក្ខណ៍​អក្សរ​ថា «សហរដ្ឋ​អាមេរិក​ចូល​រូម​ជា​មួយ​សហភាព​អឺរ៉ុបក្នុងការថ្កោលទោស​ និង​ឆ្លើយ​តបដល់​ការប្រើ​អាវុធ​គីមី​ដោយ​សហព័ន្ធ​រុស្ស៊ីក្នុង​ការ​ប៉ុនប៉ងធ្វើឃាតលោក Aleksey Navalny ឥស្សរជន​ប្រឆាំង ​កាល​ពីខែ​សីហា​ឆ្នាំ២០២០ និងការ​ដាក់លោកក្នុ​ងពន្ធនាគារក្នុង​ខែ​មករា ឆ្នាំ​២០២១។ យើងមានកង្វល់ដូច​សហភាព​អឺរ៉ុប​ដែរ​ ​ទាក់​ទិននឹង​អំណាចផ្តាច់ការ​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​រុស្ស៊ី ហើយ​ស្វាគមន៍​ដល់​ការ​ប្តេជ្ញា​របស់​សហភាព​អឺរ៉ុប​ក្នុង​ការដាក់ទណ្ឌកម្មលើ​រុស្ស៊ីតាម​រយៈ​អំណាច​សាកលខាង​សិទ្ធិ​មនុស្ស​របស់​សហភាព​នេះ»។

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ពង្រីក​ការ​ដាក់ទណ្ឌកម្មមានស្រេច​ហើយដែល​ត្រូវបានដាក់​ដំបូងលើ​ប្រទេស​រុស្ស៊ីនៅ​ក្រោយការ​វាយ​ប្រហារ​ដោយ​សារធាតុ​ Novichok កាល​ពី​ឆ្នាំ២០១៨ លើ​លោក Sergei Skripal នៅក្នុងចក្រភព​អង់គ្លេស។​ ក្រសួង​ហិរញ្ញវត្ថុនិង​ក្រសួង​ការបរទេស បានដាក់​ទណ្ឌកម្ម​លើ​ពួក​បុគ្គលនិងអង្គភាព​រុស្ស៊ី​មួយ​ចំនួនដែល​មានការទាក់ទិនជា​មួយ​កម្មវិធីអាវុធ​គីមីនិង​វិស័យ​ការពារ​ប្រទេស​ ​និង​ស៊ើបការណ៍​សម្ងាត់របស់​សហព័ន្ធ​រុស្ស៊ី។ ប្រទេសរុស្ស៊ី ​ក៏​នឹង​បញ្ចូល​ទៅ​ក្នុង​បញ្ជីនៃ​ពួក​ប្រទេសដែលត្រូវ​ហាមប្រាមមិន​ឱ្យ​នាំ​ចេញ​សម្ភារៈខាងការពារ​ប្រទេស​ និងសេវា​ខាង​ការពារ​ប្រទេស។

លោករដ្ឋមន្ត្រី​ Blinken បាន​មានប្រសាសន៍​ថា «រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ បាន​ប្រើ​អំណាច​របស់ខ្លួន​ក្នុង​ការ​បញ្ជូនសញ្ញាច្បាស់លាស់​មួយថា ការ​ប្រើអាវុធ​គីមី​ និង​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស​ដោយ​ប្រទេសរុស្ស៊ី​ មានផល​វិបាក​ធ្ងន់ធ្ងរ។ ការប្រើ​អាវុធ​គីមី ​ជា​ការ​មិនអាច​ទទួល​យក​បានទេ ហើយ​ជា​ការល្មើស​និងបទដ្ឋាន​អន្តរជាតិ​ថែម​ទៀត​ផង»។

លោករដ្ឋមន្ត្រី​ Blinken បាន​មានប្រសាសន៍ទៀត​ថា «​សហរដ្ឋ​អាមេរិក​តែង​តែចាត់​ទុក​ការវាយ​ប្រហារខាងផ្លូវ​ច្បាប់ប្រឆាំង​នឹង​លោក Navalny ថា ​ជាការ​ជម្រុញ​ឡើង​ដោយ​រឿង​នយោបាយដែល​ជា​ការវាយ​តម្លៃដូចការ​វាយ​តម្លៃ​ដោយ​ក្រុមប្រទេស​ G7 ​និង​ដែល​ជា​ដៃគូ​របស់យើងនិងតុលាការអឺរ៉ុបខាង​សិទ្ធិ​មនុស្ស​ដែរ។ យើង​និយាយ​ជា​ថ្មី​ទៀត​អំពី​ការ​អំពាវនាវ​របស់​យើង​ដល់រដ្ឋាភិបាលរុស្ស៊ីឱ្យដោះលែង​លោក Navalny ជាបន្ទាន់ និង​គ្មានលក្ខខណ្ឌ»៕

XS
SM
MD
LG