Accessibility links

Breaking News

បទវិចារណកថា៖ ការដាក់​ទណ្ឌកម្ម​លើ​អ្នកជួយ​ជ្រោមជ្រែង​ប្រធានាធិបតី​នីការ៉ាហ្គា


រូបឯកសារ៖ ប៉ូលិសនីការ៉ាហ្គា រារាំងអ្នកសារព័ត៌មាននៅ​ខាងក្រៅ​គេហដ្ឋាន​របស់​មេដឹកនាំ​ប្រឆាំង គឺអ្នកស្រី Cristiana Chamorro បន្ទាប់ពី​រដ្ឋអាជ្ញា​បាន​ស្វែងរក​ចាប់ខ្លួន​អ្នកស្រី​ពីបទ​លាងលុយ​កខ្វក់ និងបទឧក្រិដ្ឋ​ផ្សេងៗ​ទៀត​នៅ​ទីក្រុង​ម៉ាណាហ្គា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោក Daniel Ortega និង​អ្នកស្រី Rosario Murillo ដែល​ជា​ភរិយា​របស់​លោក បាន​ប្ដេជ្ញា​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​លោក​អាច​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​នៃ​ប្រទេស​នីការ៉ាហ្គា​នៅ​អាណត្តិ​ទី ៤ ជា​បន្ត​ទៀត។

ដើម្បី​សម្រេច​ឲ្យ​បាន​គោល​បំណង​នេះ ពួកគេ​បាន​អនុវត្ត​យុទ្ធនាការ​ដ៏​ធំ​មួយ​ដើម្បី​សម្លុត យាយី និង​គាប​សង្កត់​សង្គម​ស៊ីវិល អ្នក​កាសែត អ្នក​រិះគន់ និង​គូ​ប្រជែង​នយោបាយ។

ពួកគេ​បាន​រៀបចំ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​តឹងតែង​នានា ក្នុង​គោល​បំណង​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​និង​ការ​រិះគន់​តាម​អនឡាញ។

មួយ​វិញ​ទៀត ពួកគេ​បាន​តម្រូវ​ឲ្យ​អាជីវកម្ម​និង​អង្គការ​ណា​ដែល​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​បរទេស​ឲ្យ​ចុះ​ឈ្មោះ​ជា​ភ្នាក់ងារ​បរទេស ដើម្បី​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​តាមដាន​ហិរញ្ញវត្ថុ​របស់​អង្គភាព​ទាំង​នោះ។

បន្ថែម​ពី​លើ​នេះ​ទៀត ពួកគេ​បាន​ជំរុញ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នីការ៉ាហ្គា ដែល​អនុញ្ញាត​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​សម្រាប់​បទ​ឧក្រិដ្ឋ​ដែល​កំណត់​មិន​ច្បាស់លាស់ ដែល​នោះ​គឺ «ឧក្រិដ្ឋកម្ម​ណា​ដែល​ជំរុល​ឡើង​ដោយ​ការ​ស្អប់​គំុកួន​រដ្ឋាភិបាល»។

ក្រុមប្រឹក្សា​កំពូល​នៃ​ការ​បោះឆ្នោត (Supreme Electoral Council) ដែល​គ្រប់គ្រង​ដោយ​លោក Ortega និង​អ្នកស្រី Murillo បាន​ដកហូត​សិទ្ធិ​របស់​គណបក្ស​ប្រឆាំង​ចម្បង​បំផុត​មិន​ឲ្យ​ចូលរួម​ប្រកួត​នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​ជិត​ចូល​មក​ដល់ តាម​រយៈ​ការ​ផ្អាក​ឋានៈ​ស្របច្បាប់​របស់​គណបក្ស​នេះ។

បេក្ខជន​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ឃុំ​ខ្លួន យាយី ដក​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន និង​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​នានា​ដូចជា​ការ​លាង​លុយ​កខ្វក់​និង «ការ​វាយ​ប្រហារ​លើ​សង្គម​និង​សិទ្ធិ​ប្រជាពលរដ្ឋ​នីការ៉ាហ្គា» ជាដើម ឬ​ក៏​ពេល​ខ្លះ​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​មិន​មាន​មូលហេតុ​អ្វី​ឲ្យ​បាន​ច្បាស់លាស់​ផងដែរ។

ការ​វាយ​ប្រហារ​ដ៏​អាក្រក់​បំផុត​របស់​លោក Ortega និង​អ្នកស្រី Murillo លើ​អ្វី​ដែល​នៅ​បន្ត​ជា​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​នីការ៉ាហ្គា​គឺ​អាច​ធ្វើ​ទៅ​បាន​អាស្រ័យ​ដោយ​មាន​អ្នក​ជួយ​ជំរុញ​បន្ថែម​នៅ​ក្នុង​អង្គ​នីតិ​ប្រតិបត្តិ អង្គ​នីតិ​បញ្ញត្តិ អង្គ​តុលាការ និង​ស្ថាប័ន​បោះឆ្នោត​របស់​រដ្ឋាភិបាល។

សម្រាប់​អ្នក​ណា​ដែល​ជួយ​ជ្រោមជ្រែង​ដល់​ការ​វាយ​ប្រហារ​របស់​លោក Ortega នេះ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ចាត់​វិធានការ​ដាក់​កំហិត​ទិដ្ឋាការ​លើ​បុគ្គល ១៩ នាក់​នៃ​ប្រទេស​នីការ៉ាហ្គា ដែល​ជា​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​និង​មន្ត្រី​គណបក្ស​នយោបាយ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​ថា៖ «សម្រាប់​រយៈពេល ៣ ខែ​កន្លង​មក​នេះ លោក​ប្រធានាធិបតី Daniel Ortega និង​អ្នកស្រី Rosario Murillo ដែល​ជា​ភរិយា​របស់​លោក​និង​ជា​អនុ​ប្រធានាធិបតី បាន​បំភិតបំភ័យ​អ្នក​ណា​ដែល​ប្រឆាំង​នឹង​កិច្ច​ប្រឹងប្រែង​របស់​ពួកគេ​នៅ​ក្នុង​ការ​ពង្រឹង​អំណាច​នៅ​ក្នុង​ប្រទេស​នីការ៉ាហ្គា។ ការ​បំភិតបំភ័យ​នោះ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ចាប់​ខ្លួន​មនុស្ស​រាប់​សិប​នាក់​ដែល​ជា​អ្នក​នយោបាយ អ្នក​កាសែត និស្សិត មេដឹកនាំ​អាជីវកម្ម បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នក​តស៊ូ​មតិ​ផ្នែក​សិទ្ធិ​មនុស្ស ក៏​ដូចជា​តាម​រយៈ​ការ​ដក​សិទ្ធិ​របស់​បេក្ខជន​ណា​ដែល​ចង់​ឈរ​ឈ្មោះ​ប្រជែង​នឹង​ខ្លួន​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ​ទី ៧ ខែ​វិច្ឆិកា​ខាង​មុខ​ផងដែរ»។

វិធានការ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​វិធានការ​កាលពី​លើក​មុន​ដែល​ដាក់​កំហិត​ទិដ្ឋាការ​លើ​បុគ្គល ១៥០ នាក់ នៅ​ក្នុង​ប្រទេស​នីការ៉ាហ្គា ដូចជា​ចៅក្រម រដ្ឋអាជ្ញា និង​សមាជិក​ក្រុម​គ្រួសារ​នៃ​មន្ត្រី​ទាំង​នោះ។

គោល​នយោបាយ​ដាក់​កំហិត​ទិដ្ឋាការ​នេះ​សំដៅ​លើ​ជនជាតិ​នីការ៉ាហ្គា​ណា​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ ឬ​ក៏​បាន​ប្រព្រឹត្តិ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដូចជា​ការ​គាប​សង្កត់​លើ​ការ​តវ៉ា​ដោយ​សន្តិវិធី​ជាដើម។ គោល​នយោបាយ​នេះ​ក៏​សំដៅ​លើ​សមាជិក​ផ្ទាល់​នៃ​ក្រុម​គ្រួសារ​របស់​មន្ត្រី​ទាំង​នោះ​ផងដែរ។

លោក Price បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ជាមួយ​នឹង​វិធានការ​នៅ​ថ្ងៃ​នេះ យើង​គូស​បញ្ជាក់​អំពី​ការ​តាំង​ចិត្ត​របស់​យើង​នៅ​ក្នុង​ការ​លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​អ្នក​ទាំង​ឡាយ​ណា​ដែល​ចូល​ដៃ​នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​រដ្ឋាភិបាល​លោក Ortega និង​អ្នកស្រី Murillo លើ​លទ្ធិ​ប្រជាធិបតេយ្យ។ សហរដ្ឋ​អាមេរិក​មិន​ស្វាគមន៍​អ្នក​ទាំង​នោះ​ទេ​នៅ​ក្នុង​ទឹកដី​របស់​សហរដ្ឋ​អាមេរិក»៕

XS
SM
MD
LG