តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងអនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris តាំងចិត្តពង្រឹងការប្ដេជ្ញារបស់សហរដ្ឋអាមេរិកចំពោះតំបន់អឌ្ឍគោលខាងលិចជាងពេលណាៗទាំងអស់ ដោយអនុវត្តនូវគោលនយោបាយការបរទេសមួយដែលចាក់ឫសនៅក្នុងគុណតម្លៃរួម។
វាជាផ្នែកមួយនៃចក្ខុវិស័យរបស់លោកប្រធានាធិបតី Biden ដែលចង់ឃើញតំបន់អឌ្ឍគោលខាងលិចមានភាពខ្លាំងក្លារឹងមាំ មានសន្តិសុខល្អ មានប្រជាធិបតេយ្យ និងសម្បូរទៅដោយប្រជាពលរដ្ឋដែលមានជីវភាពសមរម្យ។
អ្នកស្រី Samantha Power ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បាននិយាយថា៖ «យើងប្រុងប្រៀបរួចជាស្រេចនៅក្នុងការជួយបណ្ដាប្រទេសនៅទ្វីបអាមេរិកដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងរៀបចំឱ្យមាននូវអភិបាលកិច្ចល្អជាមូលដ្ឋាន ដែលចាំបាច់សម្រាប់ទាក់ទាញវិនិយោគទុនឯកជន ផ្ដល់នូវសេវានានា និងបង្កើតឱកាសផ្សេងៗដែលយុវជនក្មេងៗស្វែងរកនិងសមនឹងទទួលបាន»។
នៅក្នុងតំបន់អាមេរិកកណ្ដាល លោកប្រធានាធិបតី Biden បានប្ដេជ្ញាវិនិយោគក្នុងទឹកប្រាក់ ៤ ពាន់លានដុល្លារនៅក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ដើម្បីពង្រីកវិបុលភាពសេដ្ឋកិច្ច ពង្រឹងអភិបាលកិច្ចល្អ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេសហុងឌូរ៉ាស អែលសាល់វ៉ាឌ័រ និងក្វាតេម៉ាឡា។
លោកប្រធានាធិបតី Biden គឺជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងបង្អស់ដែលចេញអនុស្សរណៈមួយចាត់ទុកការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយថា ជាអាទិភាពស្នូលផ្នែកសន្តិសុខជាតិ។
ជាលើកដំបូងបង្អស់ ទីភ្នាក់ងារ USAID បានបង្កើតក្រុមការងារពិសេសផ្នែកប្រឆាំងអំពើពុករលួយ (Anti-Corruption Task Force) ដើម្បីជួយគាំទ្រដល់អ្នកស៊ើបអង្កេត និងអ្នកធ្វើកំណែទម្រង់ណាដែលធ្វើការដើម្បីវែកមុខបុគ្គលពុករលួយនិងកម្ចាត់ប្រព័ន្ធដែលជួយដល់បុគ្គលទាំងនោះ។
នៅពេលដែលមេដឹកនាំនានាបង្ហាញនូវឆន្ទៈនៅក្នុងការគោរពប្រព័ន្ធតុល្យភាពនិងត្រួតពិនិត្យអំណាច និងបង្ហាញការប្ដេជ្ញាចិត្តនៅក្នុងការប្រឆាំងនឹងនិទណ្ឌភាព ដូចដែលមេដឹកនាំនៃប្រទេសអេក្វាទ័រនិងសាធារណរដ្ឋដូមីនីកបានធ្វើដូច្នេះដែរ នោះពួកគេនឹងមានសហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តដ៏ខ្លាំងក្លាមួយ។
ប៉ុន្តែ នៅពេលដែលអ្នកនយោបាយធ្វើឱ្យចុះខ្សោយដល់ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ឬក៏ធ្វើឱ្យចុះខ្សោយដល់ប្រព័ន្ធតុល្យភាពនិងត្រួតពិនិត្យអំណាច សហរដ្ឋអាមេរិកនឹងធ្វើឱ្យអ្នកនយោបាយទាំងនោះទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ដូចដែលសហរដ្ឋអាមេរិកបានធ្វើកាលពីពេលថ្មីៗនេះ នៅពេលដែលរដ្ឋាភិបាលអាមេរិកដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសក្វាតេម៉ាឡាអ្នកស្រី Consuelo Porras ដោយសារតែអ្នកស្រីបានរារាំងការស៊ើបអង្កេតអំពើពុករលួយ ដូច្នេះដែរ។
ដូចដែលប្រធានទីភ្នាក់ងារ USAID អ្នកស្រី Power បានបញ្ជាក់ដូច្នេះដែរ សហរដ្ឋអាមេរិកតាំងចិត្តកសាងបន្តនូវភាពជាដៃគូបែបផ្លាស់ប្ដូរថ្មីជាមួយនឹងវិស័យឯកជនណាដែលបានធ្វើកិច្ចការដ៏អស្ចារ្យនានាដូចជាការភ្ជាប់វិស័យឯកជន អាជីវកម្មខ្នាតតូច និងកសិដ្ឋានផ្សេងៗរបស់ប្រទេសកូឡុំប៊ីទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់សាកលដែលផ្ដល់ប្រាក់ចំណេញជាដើម។
នៅក្នុងប្រទេសកូឡុំប៊ី ភាពជាដៃគូរបស់ទីភ្នាក់ងារ USAID ជាមួយនឹងវិស័យហិរញ្ញវត្ថុបានអនុញ្ញាតឱ្យធនាគារក្នុងស្រុកអាចកៀរគរបានប្រាក់ចំនួនជាងមួយពាន់លានដុល្លារអាមេរិកតាំងពីឆ្នាំ ២០០៥ មក ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងផ្នែកនានាដែលរងការប៉ះពាល់ដោយសារសង្គ្រាមរយៈពេលជាង ៥០ ឆ្នាំនៅក្នុងប្រទេស។
អ្នកស្រី Power បានមានប្រសាសន៍ដូច្នេះថា៖ «ដើម្បីឈានទៅដល់គោលដៅនេះ យើងត្រូវតែធ្វើជាដៃគូជាមួយនឹងប្រជាពលរដ្ឋនៃតំបន់អាមេរិកឡាទីននិងតំបន់ការ៉ាអ៊ីប ក្នុងគោលបំណងព្យាយាមសម្រេចឱ្យបាននូវអឌ្ឍគោលមួយដែលមានសមភាពនិងវិបុលភាពជាងមុន»៕