Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក ចុច​ឈ្មោះ​តួអង្គ​ពុករលួយ​ក្នុង​តំបន់​កណ្តាល​​នៃ​ទ្វីប​អាមេរិក


រូបឯកសារ៖ អ្នកស្រី Maria Consuelo Porras រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ នៅ​ក្នុង​​ប្រទេស​ក្វាតេម៉ាឡា។ ​​​

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក ​ប្តេជ្ញាគាំទ្រ​អភិបាលកិច្ច​ប្រជាធិបតេយ្យ និងនីតិរដ្ឋ​នៅ​តំបន់​កណ្តាលនៃទ្វីប​អាមេរិក។ ដើម្បី​ជំរុញអាទិភាព​នេះ ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ បាន​បន្ថែម​ឈ្មោះ​បុគ្គល ​៧​នាក់​ក្នុង​បញ្ជី​តួអង្គមិន​គោរពលទ្ធិប្រជាធិបតេយ្យ ហើយនឹង​ពុករលួយ តាមរយៈមាត្រា​លេខ​៣៥៣នៃ​ច្បាប់ពង្រឹងការ​ទាក់ទងរវាង​សហរដ្ឋ​អាមេរិក​និង​បណ្តា​រដ្ឋនៃ​តំបន់​ត្រីកោណ​ខាងជើង។ ជាទូទៅ ចំណាត់ការណ៍​នេះ នឹងធ្វើ​ឱ្យបុគ្គល​ទាំង​នេះ​គ្មានសិទ្ធិ​ទទួល​ទិដ្ឋាការ​ ​និងចូល​ក្នុង​សហរដ្ឋ​អាមេរិកទេ។

ការចុច​ឈ្មោះ​ជន​ទាំង​នេះ ត្រូវ​បានធ្វើ​ឡើង​ឆ្លើយ​តប​នឹងសកម្មភាព កាល​ពីពេល​ថ្មីៗ​នេះដែលបំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​រារាំងការ​ស៊ើបអង្កេត​អំពើពុក​រលួយក្នុង​ប្រទេស​អែលសាល់វ៉ាឌ័រ​ ​និងក្វាតេម៉ាឡា។

នៅក្នុង​ប្រទេស​អែលសាល់វ៉ាឌ័រឈ្មោះ ​Elsy Dueñas De Aviles, Oscar Alberto López Jerez, Hector Nahun Martinez Garcia, Jose Angel Perez Chacon, and Luis Javier Suárez Magaña ដែលជា​ចៅក្រមបច្ចុប្បន្ននៃ​សាខា​ខាងរដ្ឋធម្មនុញ្ញនៃតុលាការ​កំពូល ​បាន​បំផ្លាញ​ដំណើរការ​ប្រជាធិបតេយ្យ ឬ​ស្ថាប័នដោយយល់ព្រម​ទទួល​ការ​តែងតាំង​ដោយផ្ទាល់ក្នុង​សាខា​នេះ ដោយ​សភា​នីតិ​បញ្ញត្តិ។ ដំណើរការ​នេះ​ហាក់​ដូចជារំលោភលើរដ្ឋធម្មនុញ្ញនៃ​ប្រទេសអែល​សាល់វ៉ាឌ័រ។

ចៅក្រម​ប្រាំនាក់មុន ត្រូវ​បានដក​ចេញ​ពី​តំណែងដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ​តាមច្បាប់​ ក្រោយ​ពី​ការចូលកាន់តំណែង​កាល​ពី​ថ្ងៃទី១ ខែឧសភា ​នៃ​សភានីតិបញ្ញត្តិ។ ក្រោយពី​ត្រូវ​តែងតាំងហើយ ពួក​ចៅក្រមថ្មីៗទាំង​នេះ​ បានប្រកាស​ថា ការ​តែងតាំង​ពួក​គេ​ដោ​យ​សភា​នីតិបញ្ញត្តិ ជា​ការ​ត្រឹមត្រូវ​តាមរដ្ឋធម្មនុញ្ញ។ បន្ទាប់មក ​ចៅក្រមទាំង​នេះ​ ​បាន​យល់​ព្រម​ដល់​ការ​បកស្រាយ​ចម្រូង​ចម្រាសមួយ​នៃ​រដ្ឋធម្មនុញ្ញ​អនុញ្ញាតឱ្យ​មានការជាប់​ឆ្នោត​ជា​ថ្មីរបស់ប្រធានាធិបតី ទោះជាមានការ​ហាមប្រាមក្នុងរដ្ឋធម្មនុញ្ញ​មិន​ឱ្យ​ប្រធានាធិបតីបន្ត​អាណត្តិ​ក៏​ដោយ។

នៅ​ក្នុងប្រទេស​ក្វាតេម៉ាឡា​ អ្នកស្រី Maria Consuelo Porras រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បច្ចុប្បន្ន ​បាន​រារាំងការ​ស៊ើបអង្កេត​អំពី​សកម្មភាព​ពុក​រលួយដោយ​បាន​ជ្រៀតជ្រែក​ក្នុង​ការ​ស៊ើបអង្កេត​ពី​បទ​ព្រហ្មទណ្ឌ​ដើម្បី​ការពារពួក​សម្ព័ន្ធមិត្ត​នយោបាយ និង​ដើម្បី​ទទួល​ការ​អនុគ្រោះខាង​នយោបាយ​ផ្ទាល់ខ្លួន។ ​ទម្រង់​នៃ​ការ​រារាំង​របស់​ អ្នកស្រី Porras មានរួម​បញ្ចូលការបញ្ជាដល់​ពួក​រដ្ឋអាជ្ញា​ក្នុងក្រសួង​សាធារណៈ​ការនៃប្រទេស​ក្វាតេម៉ាឡា មិនឱ្យអើពើ​ដល់​ករណីផ្អែក​លើ​ការពិចារណា​ខាងនយោបាយ និង​បំផ្លាញ​យ៉ាង​សកម្ម​ដល់​ការ​ស៊ើបអង្កេត​អំពើពុក​រលួយធ្វើ​ឡើង​ដោយ​រដ្ឋអាជ្ញា​ពិសេសប្រឆាំងនិទណ្ឌភាព​ ដោយ​មាន​រួម​បញ្ចូល​ការដក​ចេញ​ពី​តំណែង​ដោយមិន​ត្រឹមត្រូវ​តាមច្បាប់​នូវរដ្ឋអាជ្ញានាំ​មុខ​នៃ​ស្ថាប័ន​នេះ គឺ​លោក Juan Francisco Sandoval។

មិនត្រឹមតែប៉ុណ្ណោះសោត លោក Angel Pineda អគ្គលេខាធិការ​នៃក្រសួង​សាធារណៈការ​នៃប្រទេស​ក្វាតេម៉ាឡា​ បាន​រារាំង​ការស៊ើបអង្កេត​អំពើ​ពុក​រលួយ។

សហរដ្ឋ​អាមេរិក ​នឹងបន្ត​ឧ​បត្ថម្ភ​ផ្ចុង​ផ្តើមការ​ទទួក​ខុស​ត្រូវ​ខ្ពស់ចំពោះ​ការ​វាយ​ប្រហារលើ​ស្ថាប័ន​និង​ដំណើរការ​ប្រជាធិបតេយ្យ ការ​រារាំងកិច្ច​ខិតខំប្រឹង​ប្រែង​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​សកម្មភាពពុក​រលួយក្នុងតំបន់កណ្តាលនៃទ្វីប​អាមេរិក។ សហរដ្ឋ​អាមេរិក​ក៏​នឹងបន្ត​គាំទ្រកិច្ច​ខិតខំប្រឹងប្រែង​ជំរុញភាពសំបូរ​រុង​រឿងនិង​សន្តិសុខរបស់​ប្រជារាស្ត្រក្នុងតំបន់​នោះ​ក្នុង​ភាព​ដៃគូ​ជា​មួយសង្គម​ស៊ីវិល​អាមេរិក​កណ្តាល​ ជាមួយ​វិស័យ​ឯកជន ​និងជាមួយ​រដ្ឋាភិបាល​ដោយមាន​រួម​បញ្ចូល​ការ​ជំរុញឱ្យ​មានការ​លូតលាស់​សេដ្ឋកិច្ច​ដែល​មាន​ការ​រួម​បញ្ចូល​ភាគី​ទាំង​អស់​ ​និង​ការ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងប្រទេស​ផងដែរ។

លោករដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាមេរិក Antony Blinken បានមានប្រសាសន៍​ថា​«យើង​នឹង​បន្តភាព​ជា​ដៃគូជា​មួយ​មន្ត្រី​រដ្ឋាភិបាលដែល​បង្ហាញការយកចិត្ត​ទុកដាក់​ខ្លាំង​ដល់​ការ​ប្រយុទ្ធ​នឹងអំពើ​ពុក​រលួយ​ និង​ពង្រឹងអភិបាលកិច្ចប្រជាធិបតេយ្យ​ ដោយ​មានរួម​បញ្ចូលជា​ផ្នែក​មួយ​នៃ​គោលនយោបាយសរុបមួយ​នៃការ​ដោះស្រាយបុព្វហេតុ​ជា​ឫសគល់នៃ​ការធ្វើ​ចំណាក​ស្រុក​ដែល​មាន​លក្ខណៈ​មិន​ប្រក្រតី»៕

XS
SM
MD
LG