Accessibility links

Breaking News

បទវិចារណកថា៖ ការដោះស្រាយ​បុព្វហេតុ​ដែល​ជា​ឫសគល់​នៃ​ចំណាកស្រុក​មិន​ធម្មតា


រូបឯកសារ៖ គ្រួសារ​មួយ​មកពី​ប្រទេស​ហុងឌូរ៉ាស បាន​អង្គុយ​នៅ​លើ​ដី បន្ទាប់ពី​ពួកគេ​ត្រូវបាន​នាំចូល​ដោយ​ខុសច្បាប់​តាមក្បូន​ឆ្លងទន្លេ Rio Grande នៅក្នុង​ទីក្រុង Roma នៃ​រដ្ឋ Texas សហរដ្ឋអាមេរិក។
រូបឯកសារ៖ គ្រួសារ​មួយ​មកពី​ប្រទេស​ហុងឌូរ៉ាស បាន​អង្គុយ​នៅ​លើ​ដី បន្ទាប់ពី​ពួកគេ​ត្រូវបាន​នាំចូល​ដោយ​ខុសច្បាប់​តាមក្បូន​ឆ្លងទន្លេ Rio Grande នៅក្នុង​ទីក្រុង Roma នៃ​រដ្ឋ Texas សហរដ្ឋអាមេរិក។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Biden និងលោកស្រីអនុ​ប្រធានាធិបតី Harris ​បាន​កំណត់​របៀប​ដោះស្រាយ​ទូលំទូលាយ​មួយ និងមាន​ការទាក់ទង​នឹង​ផ្នែក​ជា​ច្រើន​ដើម្បីដោះស្រាយបុព្វហេតុ​ដែល​ជាឫសគល់​នៃ​ចំណាក​ស្រុក​មិន​ធម្មតា​ ឬ​ការ​ឆ្លង​កាត់​ព្រំដែនក្រៅ​ប្រព័ន្ធ​ច្បាប់ ក្រៅ​បទបញ្ញត្តិ​ ឬមិនធ្វើតាម​កិច្ចព្រមព្រៀងនៃ​ការ​ឆ្លង​កាត់ព្រំដែន​អន្តរជាតិ។ របៀប​ដោះស្រាយ​នេះ​ ទាក់​ទិននឹង​ការ​ធ្វើការ​ជា​មួយរដ្ឋាភិបាល​ក្នុងតំបន់​អាមេរិក​កណ្តាល និង​រដ្ឋាភិបាល​ជាដៃគូ​ឯ​ទៀតៗ សង្គម​ស៊ីវិល វិស័យ​ឯកជន និង​អង្គការអន្តរជាតិ​ដើម្បី​ដោះស្រាយស្ថានភាព​ក្នុង​តំបន់ដែល​បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​ច្រើន​នាក់ ចាកចេញ​ពី​ផ្ទះ​សំបែង​ពួក​គេ​មក​កាន់​សហរដ្ឋ​អាមេរិក។

នៅ​ក្នុងជំនួបទ្វេភាគី​មួយ​តាម​អនឡាញ កាលពី​ថ្ងៃ​ទី២៦ ខែមេសា​ ជា​មួយប្រធានាធិបតី​ប្រទេស​ក្វាតេម៉ាឡា លោក Alejandro Giammattei លោកស្រី​អនុ​ប្រធានាធិបតី Harris បាន​មាន​ប្រសាសន៍​ថា ​បញ្ហា​មួយ​ចំនួន​មិនទាន់​ត្រូវ​បាន​ដោះស្រាយ​រួច​ ​ត្រូវ​បាន​និយាយ​យោងជា​ញឹកញយ​ថា​ ​ជា​បុព្វ​ហេតុដែល​ជាឫសគល់នៃ​ចំណាក​ស្រុក​មិន​ធម្មតា។ លោក​ស្រី Harris បាន​មានប្រសាសន៍​ថា៖ «យើងពិនិត្យ​មើល​បញ្ហា​នៃ​ភាពក្រីក្រ​និងការខ្វះខាត​ឱកាស​សេដ្ឋកិច្ច បញ្ហា​អាកាស​ធាតុ​អាក្រក់​ខ្លាំង ​និង​ការខ្វះ​ការ​សម្រប​សម្រួល​ខាង​ធាតុអាកាស បញ្ហា​ពុក​រលួយ​ ​និងការគ្មានអភិបាលកិច្ច​ល្អ​និងអំពើហិង្សា​ប្រឆាំង​នឹង​ស្ត្រី ​ក្រុម​ជនជាតិ​ដើម មនុស្សក្នុង​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ​ឬ LGBTQ និងក្រុម​អ្នក​តពូជពង្ស​ពីពួក​ជនជាតិ​អាហ្វ្រិក»។

លោក​ស្រីអនុប្រធានាធិបតី​ Harris ​បានមាន​ប្រសាសន៍ទៀតថា «សហរដ្ឋ​អាមេរិក​គ្រោង​នឹង​បង្កើន​ការ​ជួយ​សង្គ្រោះដល់​តំបន់ ពង្រឹងកិច្ច​សហប្រតិបត្តិការ​របស់​យើងដើម្បី​ចាត់​ចែងចំណាក​ស្រុកឱ្យ​មានប្រសិទ្ធភាព​ សន្តិសុខ និង​មនុស្សធម៌»។

លោក​ស្រីបាន​និយាយ​ថា៖ «បន្ថែម​លើ​ការងារទ្វេភាគី​របស់​យើង ​និងកិច្ច​ខិតខំប្រឹងប្រែង​ពហុភាគី​របស់​យើង សហរដ្ឋ​អាមេរិក កំពុង​កសាង​យុទ្ធសាស្ត្រទូលំ​ទូលាយមួយជា​មួយ​ស្ថាប័ន​អន្តរជាតិ សម្ព័ន្ធ​មិត្ត​នៅ​ទូទាំង​ពិភពលោកដោយ​មានគ្រឹះនៅ​ក្នុង​សហរដ្ឋ​អាមេរិក ​និង​វិស័យ​ឯកជន​ ​និងអង្គការ​សហគមន៍​ផង​ដែរ»។

លោកស្រីអនុ​ប្រធានាធិបតី Harris បានប្រកាស​នៅ​ក្រោយ​ជំនួប​តាម​អនឡាញ​នោះ​ថា សហរដ្ឋ​អាមេរិក​ផ្តល់ជំនួយ​សង្គ្រោះ​ខាង​មនុស្សធម៌ និង​ខាង​ម្ហូប​អាហារ​៣១០លានដុល្លារថែមទៀត​ ដើម្បីបំពេញសេចក្តី​ត្រូវការជាបន្ទាន់។

នេះមានរួម​បញ្ចូលជំនួយ​មនុស្សធម៌សម្រាប់​ប្រជារាស្ត្រក្នុង​ប្រទេស​អែលសាវ៉ាឌ័រ ក្វាតេម៉ាឡា ហុងឌូរ៉ាស ​និង​តំបន់​នោះ។ ជំនួយមនុស្សធម៌នេះ ផ្តល់​ជំនួយម្ហូប​អាហារ​គ្រា​មានអាសន្ន​ ទី​ជម្រក ការថែទាំ​សុខភាព ការពិនិត្យរក​មើលការ​ខ្វះ​អាហារូបត្ថម្ភ ការ​លាង​ដៃ​ និងការ​ផ្គត់ផ្គង់ឧបករណ៍​អនាម័យ ការការពារ កម្មវិធី​ធ្វើឱ្យ​សេដ្ឋកិច្ច​រើប​ឡើង​វិញ​ និង​ការ​ហ្វឹកហ្វឺន​សម្រាប់​មិនឱ្យ​មានភាព​ទ្រុឌទ្រោម​នៅ​ពេល​មាន​មហន្តរាយ និងអាកាស​ធាតុ​អាក្រក់ក្នុង​ពេល​អនាគត។

លោកស្រី​អនុប្រធានាធិបតី Harris បានមានប្រសាសន៍​ថា៖ «​ផ្នែក​មួយនៃ​ស្មារតី​នៅ​ពី​ក្រោយការងារ​យើង​គឺ​ថា ​អឌ្ឍគោល​ខាង​លិច​ជា​កន្លែង​រស់​នៅ​រួមគ្នា​របស់​យើង ហើយ​យើង​មានការ​ទទួល​ខុសត្រូវ​ក្នុងការ​ទាក់ទង​ជា​មួយ​ប្រទេសជិតខាង​យើង​ទាំង​នេះ»។

លោក​ស្រី​អនុប្រធានាធិបតី Harris បានមានប្រសាសន៍​ថា៖ «ខ្ញុំ​មានជំនឿ​ថា​ ដើម្បី​ឱ្យ​ការងារ​នេះមានជោគជ័យ នឹង​តម្រូវ​ឱ្យ​មានការ​ចូល​រូមពីមនុស្ស​គ្រប់​គ្នា។ ហើយ​ខ្ញុំក៏​មាន​ជំនឿ​ដែរថា​ វា​នឹង​តម្រូវ​ឱ្យ​មានឆន្ទៈនយោបាយ​ និង​ការ​ធ្វើការច្រើនដើម្បី​ឱ្យ​បាន​សម្រេច​គោលដៅ​របស់​យើង។ តែ​ខ្ញុំមានទំនុក​ចិត្ត​ថា​ យើង​អាចធ្វើឱ្យ​មានការ​ជឿនលឿន ​និង​បង្កើត​សេចក្តី​សង្ឃឹម​សម្រាប់​ពេល​អនាគត»៕

XS
SM
MD
LG