Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​ជួយ​តំបន់​អាមេរិក​កណ្ដាល​ដែល​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ


រូបឯកសារ៖ មនុស្ស​ម្នាក់ ចែកស្បៀង​អាហារ​ដល់​ជនរងគ្រោះ​ដោយសារ​ខ្យល់ព្យុះ​នៅ​ប្រទេស​ហុងឌូរ៉ាស។
រូបឯកសារ៖ មនុស្ស​ម្នាក់ ចែកស្បៀង​អាហារ​ដល់​ជនរងគ្រោះ​ដោយសារ​ខ្យល់ព្យុះ​នៅ​ប្រទេស​ហុងឌូរ៉ាស។

ត​ទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិហៅ​កាត់​ថា​ USAID កំពុង​ដឹក​នាំការ​ឆ្លើយតប​របស់សហរដ្ឋ​អាមេរិក​ដើម្បី​ជួយ​ដល់​តំបន់អាមេរិក​កណ្ដាល ដែល​រងគ្រោះ​ដោយ​សារ​ព្យុះសង្ឃរា។ ក្រុមការងារទទួល​បន្ទុក​ខាង​ផ្តល់​ជំនួយគ្រា​មាន​មហន្តរាយនៃទីភ្នាក់ងារ​ USAID កំពុង​ធ្វើការ​ជា​មួយកង​យោធា​សហរដ្ឋ​អាមេរិក​ដើម្បី​ជួយ​ដល់ក្រុមជន​រងគ្រោះ ដោយសារ​ព្យុះ​សង្ឃរា​ដ៏​បំផ្លិចបំផ្លាញ​។

ខ្យល់ព្យុះ​សង្ឃរា Eta និង Iota បានបោកបក់​ទៅ​កាន់​តំបន់​អាមេរិក​កណ្ដាល​កាល​ពី​ថ្ងៃទី៣ និង​ទី១៦​ ខែ​វិច្ឆិកា ដែល​បាន​បណ្តាលមក​ឱ្យមនុស្ស​ ១៨៩ ​នាក់​ស្លាប់ និង​នាំ​ឱ្យ​មានផលប៉ះពាល់​ដល់​មនុស្ស​ជាង ​៦ លាន​នាក់​ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កូឡុំប៊ី ប៉ាណាម៉ា នីការ៉ាហ្គា ក្វាតេម៉ាឡា​ និង​ហុងឌូរ៉ាស។

អ្នកស្រី Alison Lapp គឺ​ជាអ្នក​គ្រប់គ្រង​ខាង​ការ​ឆ្លើយតប​នៃ​ក្រុមការងារទទួល​បន្ទុក​ខាង​ផ្តល់​ជំនួយគ្រា​មាន​មហន្តរាយនៃទីភ្នាក់ងារ​ USAID​ នៅ​ពេល​មាន​ខ្យល់ព្យុះ hurricane នៅអាមេរិក​ឡាទីន និង​តំបន់​ការ៉ាអ៊ីប។​

អ្នកស្រី​ Lapp បាន​និយាយ​ថា៖

«នៅកន្លែង​ខ្លះ​ មានទឹក​ជំនន់​កម្ពស់​ត្រឹម​ក ឬខ្ពស់​ជាង​នេះ​ទៅទៀត។ ជា​លទ្ធផល មនុស្ស​រាប់​ម៉ឺន​នាក់ត្រូវ​តែ​ចាកចេញ​ពី​ផ្ទះ​សម្បែង ហើយត្រូវ​ទៅ​រស់នៅ​បណ្ដោះអាសន្ន​នៅ​មជ្ឈមណ្ឌលជម្លៀស​ខ្លួន​»។

មជ្ឈមណ្ឌលជម្លៀស​ខ្លួន​ទាំង​នោះ​ជា​កន្លែង​ដែលក្រុមការងារ​របស់​ទីភ្នាក់ងា​រ USAID កំពុង​ផ្តោត​យក​ចិត្ត​ទុកដាក់​លើ​ «សកម្មភាពជួយ​ស្រោចស្រង់​ជីវិត»ជា​បន្ទាន់​ ដោយ​មាន​រួម​បញ្ចូលការ​ផ្តល់​ម្ហូបអាហារ និង​ទឹកស្អាត​សម្រាប់​បរិភោគ ក៏​ដូចជា​បំពេញ​នូវ​តម្រូវការ​ជា​មូលដ្ឋាន​ឯ​ទៀតៗ​ផង​ដែរ។

អ្នកស្រី Lapp បាន​ថ្លែងទៀត​ថា៖ «ជាឧទាហរណ៍​ទីភ្នាក់ងារ USAID បានផ្តល់ពូក ភួយ និង​ឧបករណ៍​អនាម័យដល់​ទី​ជម្រក​ទាំង​នោះដើម្បី​ជួយ​ដល់​តម្រូវការ​ប្រចាំថ្ងៃ​របស់​ពួកគេ។ យើង​ក៏​បាន​ផ្តល់​ប្រាក់​សម្រាប់កសាងបង្គន់ និង​កន្លែង​ងូត​ទឹក​ដើម្បី​ជួយ​បំពេញ​តម្រូវការជា​មូលដ្ឋាន​នៃ​ក្រុម​ជន​ទាំង​នោះ​ផង​ដែរ»។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ចាត់​ចែង​ប្រាក់​ជិត ៤៨ លាន​ដុល្លារដើម្បី​ជួយក្រុម​មនុស្សដែល​អាច​រងគ្រោះ​ដោយ​ងាយដោយសារ​ខ្យល់ព្យុះ hurricane ក្នុង​តំបន់​អាមេរិកឡាទីន។ ក្នុងការ​គាំទ្រដល់​ការ​ឆ្លើយ​តប​របស់​ទីភ្នាក់ងារ USAID កងយោធា​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់ម្ហូបអាហារ ទឹក ​និង​របស់​របរ​ជួយ​សង្គ្រោះ​សំខាន់ៗ​ឯ​ទៀតៗ​ទម្ងន់ ១ លាន ២ សែន​ផោន ដល់​តំបន់​ពិបាក​ទៅ​ដល់​ ដែល​ត្រូវ​ការ​ជំនួយ​ទាំងនេះខ្លាំងបំផុត។

ប្រាក់ដែល​មានក្នុង​កម្មវិធីឆ្លើយ​តប​នឹង​ជំងឺកូវីដ១៩ កំពុងត្រូវ​យក​ទៅ​ប្រើ​ដើម្បី​ជួយ​បញ្ចៀសការ​រាលដាល​នៃ​ជំងឺ​នេះ​ក្នុង​កន្លែង​ជម្លៀស​ទាំងនោះ។

សកម្មភាព​ទាំង​អស់នេះ​កើត​ចេញ​ពីកិច្ចខិតខំ​ប្រឹងប្រែងរយៈពេល​រាប់ឆ្នាំ​របស់​ទីភ្នាក់ងារ​ USAID ក្នុង​ការ​ពង្រឹងសមត្ថភាព​ឆ្លើយ​តបនឹង​មហន្តរាយ​ក្នុងមូលដ្ឋាន​ ពង្រឹងប្រព័ន្ធព្រមាន​ពី​ដំបូង ​បង្រៀន​អំពី​ការប្រុង​ប្រៀបសម្រាប់គ្រា​មាន​មហន្តរាយ​ដល់សិស្ស​សាលា​បឋម​សិក្សា អភិវឌ្ឍផែនការសកម្មភាពសហគមន៍ និង​បណ្ដុះបណ្ដាល​ពួកអ្នក​ធ្វើការ​ខាង​ឆ្លើយ​តប​ដំបូងៗ។

ក្នុង​រយៈពេល​យូរ ជំនួយបច្ចុប្បន្ននេះនឹង​រៀបចំសម្រាប់​ឱ្យប្រជាជន​វិល​ទៅ​កាន់​ផ្ទះពួក​គេ​វិញ ហើយ​ជួយចាប់ផ្តើម​កិច្ច​ខិតខំប្រឹងប្រែង​ធ្វើ​ស្ដារ​ឡើង​វិញ។

អ្នកស្រី Lapp បាន​ថ្លែង​ថា៖ «កម្មវិធី​ដែល​យើង​រៀបចំ​នេះនឹង​មាន​បន្ត​រហូត​ដល់​រយៈពេល​ ១២ ខែ។ ចាប់​ពី​ពេល​នោះ​ទៅ​ យើង​នឹង​ប្រគល់​ភារកិច្ច​ឱ្យ​សហការី​របស់យើង​ខាង​ការ​អភិវឌ្ឍន៍របស់​ទីភ្នាក់ងារ USAID ក្នុង​បេសកកម្ម​នៃ​ប្រទេស​ទាំង​នេះ​ដែល​ពួកគេ​នឹង​ធ្វើការ​ស្ដារ​ឡើង​វិញ ហើយ​បន្ទាប់​មក​នឹង​ត្រឡប់​ទៅ​ធ្វើ​ការងារខាង​ការ​អភិវឌ្ឍន៍រយៈពេល​វែងវិញដើម្បីគាំទ្រដល់​ប្រទេស​ទាំង​នេះ»។

អ្នកស្រី Lapp បានមានប្រសាសន៍​ថា៖ «នេះគឺ​ជា​ការ​បង្ហាញ​ទឹកចិត្ត​សប្បុរសរបស់​ប្រជាជន​អាមេរិកចេញ​ពី​បេះដូងទៅ​ដល់​ក្រុម​ជន​រងគ្រោះបំផុតដោយសារ​គ្រោះ​មហន្តរាយ​នានា»៕

XS
SM
MD
LG