តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden និងអ្នកស្រីអនុប្រធានាធិបតី Kamala Harris ប្ដេជ្ញាកសាងប្រព័ន្ធអន្តោប្រវេសន៍ប្រសើរជាងមុនមួយ ដែលឆ្លុះបញ្ចាំងអំពីគុណតម្លៃរបស់សហរដ្ឋអាមេរិក ពង្រឹងច្បាប់ ការពារសុខភាពសាធារណៈ លើកកម្ពស់សិទ្ធិមនុស្ស និងងាកចេញពីវដ្ដនៃការធ្វើចំណាកស្រុកមិនទៀងទាត់។
នេះគឺជាសារដែលអ្នកស្រីឯកអគ្គរដ្ឋទូត Roberta Jacobson ដែលជាឧបការីពិសេសរបស់ប្រធានាធិបតី និងជាអ្នកសម្របសម្រួលកិច្ចការព្រំដែនភាគខាងត្បូង បានលើកឡើងនៅក្នុងសន្និសីទកាសែតរបស់សេតវិមានកាលពីពេលថ្មីៗនេះ។
ជំហានច្បាស់លាស់មួយនៅក្នុងការអនុវត្តប្រព័ន្ធយុទ្ធសាស្ត្រគ្រប់គ្រងអន្តោប្រវេសន៍ក្នុងតំបន់ដ៏ទូលំទូលាយថ្មីរបស់រដ្ឋបាលលោក Biden នេះ គឺការចាប់ផ្ដើមឡើងវិញនូវកម្មវិធីអនីតិជនមកពីទ្វីបអាមេរិកកណ្ដាល (CAM)។
នៅក្រោមកម្មវិធីនេះ នៅចន្លោះឆ្នាំ ២០១៤ និងឆ្នាំ ២០១៧ កុមារងាយរងគ្រោះជិត ៥ ពាន់នាក់ នៅក្នុងប្រទេសអែលសាល់វ៉ាឌ័រ ហុងឌូរ៉ាស និងក្វាតេម៉ាឡា ត្រូវបានជួបជុំឡើងវិញដោយសុវត្ថិភាព និងមានសន្តិសុខល្អជាមួយឪពុកម្ដាយរបស់ពួកគេ ដែលរស់នៅស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិក។
នៅពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានផ្ដួចផ្ដើមដំណាក់កាលដំបូងនៃការអនុវត្តកម្មវិធី CAM ឡើងវិញ ដោយបានពិនិត្យឡើងវិញនូវពាក្យសុំដែលត្រូវបានផ្អាកនៅពេលដែលកម្មវិធីនេះ ត្រូវបានបញ្ចប់នៅក្នុងឆ្នាំ ២០១៧។
គម្រោងនានាកំពុងត្រូវបានបង្កើតឡើងនៅពេលបច្ចុប្បន្ន ដើម្បីបង្កើននឹងទទួលយកពាក្យសុំថ្មីៗ ដែលជាជំហានដ៏សំខាន់មួយនៅក្នុងការពង្រីកការការពារមនុស្សធម៌ និងឱកាសនៅក្នុងសហរដ្ឋអាមេរិក។
ទោះជាយ៉ាងនេះក្ដី អ្នកស្រីឯកអគ្គរដ្ឋទូត Jacobson បានសង្កត់ធ្ងន់ថា ផ្ទុយទៅនឹងសារមិនត្រឹមត្រូវដែលផ្សព្វផ្សាយដោយអ្នករត់ពន្ធមនុស្ស ការចាប់ផ្ដើមឡើងវិញនូវកម្មវិធី CAM នេះ មិនមែនមានន័យថា ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកបើកចំហនៅពេលនេះនោះទេ។
អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «ខ្ញុំចង់បញ្ជាក់ឲ្យបានច្បាស់ថា ការប្រកាសនេះ ឬក៏វិធានការណាមួយផ្សេងទៀតមិនមែនមានន័យថា ជនណាក៏ដោយ ជាពិសេសកុមារនិងក្រុមគ្រួសារដែលមានកុមារ គួរធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ដើម្បីព្យាយាមចូលមកក្នុងសហរដ្ឋអាមេរិកនៅក្នុងវិធីមិនត្រឹមត្រូវតាមច្បាប់នោះទេ។ ព្រំដែនមិនមែនបើកចំហទេ។ ទៅថ្ងៃខាងមុខ យើងនឹងបន្តរកវិធីដើម្បីផ្ដល់មធ្យោបាយតាមផ្លូវច្បាប់នៅក្នុងតំបន់ដល់អ្នកដែលត្រូវការការការពារ ស្របពេលដែលយើងបន្តពង្រឹងច្បាប់របស់យើង។ នេះគឺជាដំណើរការមួយ»។
អ្នកស្រីឯកអគ្គរដ្ឋទូត Jacobson បានបន្ថែមថា នេះគឺជាដំណើរការមួយ «ដើម្បីជំរុញទៅមុខនូវទស្សនវិស័យថ្មីមួយផ្នែកអន្តោប្រវេសន៍។ ដំណើរការនេះឆ្លុះបញ្ចាំងឲ្យឃើញថា ក្នុងនាមជាជនជាតិអាមេរិកាំង យើងដាក់គុណតម្លៃរបស់យើងជាចំណុចស្នូលនៃគោលនយោបាយរបស់យើង»៕