Accessibility links

Breaking News

បទវិចារណកថា៖ មួយ​ឆ្នាំ​នៃ​ការខាតបង់​នៅក្នុង​ប្រទេស​ភូមា


រូបឯកសារ៖ ពលរដ្ឋ ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋប្រហារ​ដោយ​យោធា​មីយ៉ាន់ម៉ា នៅ​ក្រុង Bago។
រូបឯកសារ៖ ពលរដ្ឋ ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋប្រហារ​ដោយ​យោធា​មីយ៉ាន់ម៉ា នៅ​ក្រុង Bago។

តទៅ​នេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

វា​មាន​រយៈពេលប្រមាណ​មួយ​ឆ្នាំ​ហើយ​ ចាប់តាំង​ពី​ប្រជាពលរដ្ឋ​ភូមា បាន​ទៅ​ស្ថានីយ​បោះឆ្នោត​ដើម្បី​បោះឆ្នោត​ជាតិ​តាម​បែប​ពហុបក្ស។ ថ្វីបើ មាន​គុណវិបត្តិ​នៃ​រចនា​សម្ព័ន្ធ​ខ្លះ​ក៏ដោយ ក៏​ការ​បោះឆ្នោត​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ឆ្នាំ២០២០ បាន​ត្រូវ​គេ​ចាត់ទុក​ថា​ អាច​ទុកចិត្ត​បាន ដូច​ដែល​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍នៅ​ខួប​នៃ​ការ​បោះឆ្នោត​នោះ​ថា៖ «ការ​បោះឆ្នោត​នេះ បាន​បញ្ជាក់​ជា​ថ្មីពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រជាពលរដ្ឋ​ភូមា​ចំពោះលទ្ធិ​ប្រជាធិបតេយ្យ»។

ឃ្លា​កំណាព្យ​ដ៏​ល្បីល្បាញ​របស់​លោក John Greenleaf Whittier កវី​អាមេរិកាំង​ក្នុង​សតវត្សរ៍​ទី១៩ ធ្វើ​ឱ្យ​គេ​នឹង​ឃើញ​ដល់​នៅពេល​ដែលគេ​គិត​អំពី​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ភូមា ដែល​ឃ្លា​នោះ​គឺ៖ «គ្មាន​ពាក្យ​អ្វីជា​សម្តី​ ឬ​ជា​ការ​សរសេរដែល​ក្រៀមក្រំជាង​វិប្បដិសារី​ឡើយ»។

សេចក្តី​សង្ឃឹម​ និងសក្តានុពល​ចំពោះ​ភូមា​ដែល​បាន​ស្តែង​ឡើងដោយ​ការបោះឆ្នោត​នេះ បាន​បញ្ចប់​វិញ​កាលពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ២០២១ នៅពេល​ដែល​ពួក​យោធា​ភូមា​ បាន​រឹបអូស​ត្រួតត្រា​រដ្ឋាភិបាល​ភូមា​ ហើយ​បាន​ចាប់​ឃុំខ្លួន​មេដឹកនាំ​របស់​ប្រទេស​នោះ​ គឺ​លោក​ស្រី Aung San Suu Kyi ទីប្រឹក្សា​រដ្ឋ​និង​សមាជិក​របស់​គណបក្ស​លោកស្រី​ គឺ​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ ឬ NLD។ គណបក្ស NLD បាន​ឈ្នះ​ការបោះឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ក្នុង​ការបោះឆ្នោត​សភា​ កាលពី​ខែ​ឧសភា ឆ្នាំ​២០២០ ហើយ​របប​យោធា ​បាន​ចាប់ផ្តើម​ធ្វើ​រដ្ឋប្រហារ​នៅ​ពេល​ដែល​សភា​ដែល​ជាប់​ឆ្នោត​ថ្មី បាន​ប្រុងប្រៀប​បើក​សម័យ​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន។

សហរដ្ឋ​អាមេរិក បាន​ប្រមែប្រមូល​ក្រុម​ចម្រុះ​អន្តរជាតិ​ដែល​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ដល់​សកម្មភាពក្រុម​យោធា​ ដែលបាន​បញ្ឈប់​អន្តរកាល​របស់​ភូមា​ពី​ការ​គ្រប់គ្រង​តាម​បែប​យោធា​ទៅកាន់​លទ្ធិ​ប្រជាធិបតេយ្យ។ ការតវ៉ា​ប្រឆាំង​នៅ​ទូទាំង​ប្រទេស​ បាន​កើត​មាន​ឡើង​ដែល​ត្រូវ​បាន​ជួប​ប្រទះ​ដោយ​ការ​ប្រើ​កម្លាំង​ដែល​បណ្តាលឲ្យ​មនុស្ស​ស្លាប់ដោយ​ពួក​យោធា។ មនុស្ស​ជាង ​១.៣០០ ​នាក់ បាន​ត្រូវ​សម្លាប់ ​ហើយ​មនុស្ស​ជាង​១ម៉ឺន​នាក់​ទៀត ​បាន​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ។ មេដឹកនាំ​យោធា​នាពេលបច្ចុប្ប​នេះ​ជា​ច្រើន​នាក់ មាន​ការទទួល​ខុស​ត្រូវ​ដូច​គ្នា​ចំពោះ​ការបោស​សម្អាត​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ (Rohingya) កាន់​សាសនា​អ៊ីស្លាម​ និង​អំពើ​ហិង្សា​ប្រឆាំង​នឹង​ជនជាតិ​ភាគតិច​ និង​ក្រុម​ជនភាគ​តិច​ដែលកាន់​សាសនា​ផ្សេង​ទៀត។

លោក​រដ្ឋមន្ត្រី​ការបរទេស Blinken បាន​មាន​ប្រសាសន៍​ថា ការបង្ក្រាប​ខាង​យោធា​ដែល​បន្ត​មាន​ឡើង បាន​បន្ត​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ដ៏​សំខាន់​ ហើយ​បាន​ប្រែក្រឡាស់ភាពជឿនលឿន​អស់​រាប់​ទសវត្សរ៍​ឆ្ពោះទៅកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ​ដែល​ពលរដ្ឋ​ភូមាពិត​ជា​បានស្វះស្វែង​រក​ ហើយ​នៅតែ​ស្វះស្វែង​រក​នៅ​ឡើយ។

នៅ​ខួប​នៃ​ការបោះឆ្នោត​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា លោក​រដ្ឋមន្ត្រី​ការបរទេស Blinken បាន​ប្រកាស​ថា៖ «យើង​គោរព​ប្រជា​ពលរដ្ឋ​ភូមា​ដែល​ខិតខំ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ រួម​ទាំង​ជន​ស្លូត​ត្រង់​ជាង​ ១.៣០០ ​នាក់​ដែល​បាន​បាត់បង់​អាយុ​ជិវិត​របស់​ខ្លួននៅ​ក្នុង​ការ​តស៊ូ​នោះ។ សហរដ្ឋ​អាមេរិក បាន​តាំងចិត្ត​លើក​តម្កើង​យុត្តិធម៌​ និង​ការទទួល​ខុសត្រូវ​សម្រាប់​អ្នក​និង​មនុស្ស​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ធ្វើ​បាប​ដោយ​របប​នោះ។ នៅថ្ងៃ​នេះ យើង​បញ្ជាក់​ឡើង​វិញ​នូវ​ការ​អំពាវនាវរបស់​យើង​ដល់​របប​យោធា​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា ដោះលែង​មនុស្ស​ទាំង​អស់​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌ ហើយ​នឹង​ធ្វើ​ឲ្យ​ភូមាវិលត្រឡប់​ទៅកាន់​មាគ៌ា​ឆ្ពោះ​ទៅ​រកលទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ពិត​ប្រាកដ​និង​រួម​បញ្ចូល​គ្រប់​និន្នាការ​យោបាយ៕

XS
SM
MD
LG