តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មបន្ថែមលើសមាជិករបបយោធាមីយ៉ាន់ម៉ា និងសមាជិកគ្រួសាររបស់មន្ត្រីយោធាណាដែលបានរងការដាក់ទណ្ឌកម្មកាលពីលើកមុន ដើម្បីជាការឆ្លើយតបទៅនឹងការធ្វើរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ និងការបង្ក្រាបលើចលនាគាំទ្រប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានកំណត់ដាក់ទណ្ឌកម្មលើបុគ្គល ២២ នាក់ ដែលពាក់ព័ន្ធនឹងរបបយោធាមីយ៉ាន់ម៉ា។ ក្នុងចំណោមនោះ មានសមាជិក ៣ នាក់បន្ថែមទៀតនៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សមាជិកគណៈរដ្ឋមន្ត្រី ៤ នាក់ ដែលតែងតាំងដោយយោធា និងបុគ្គល ១៥ នាក់ទៀត ដែលជាកូនពេញវ័យ ឬក៏ជាប្ដី ឬប្រពន្ធរបស់មន្ត្រីយោធាមីយ៉ាន់ម៉ាណាដែលបានរងការដាក់ទណ្ឌកម្មកាលពីមុន។
បន្ថែមពីលើនេះទៀត ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានចាត់បញ្ចូលបន្ថែមនូវក្រុមហ៊ុន Wanbao Mining, Ltd. សាខាពីររបស់ក្រុមហ៊ុននេះ និងក្រុមហ៊ុន King Royal Technologies Co., Ltd. ទៅក្នុងបញ្ជីរបស់ខ្លួនអំពីអង្គភាពដែលត្រូវដាក់ទណ្ឌកម្ម។
អង្គភាពទាំងនេះផ្ដល់ចំណូល ឬក៏ការគាំទ្រផ្សេងទៀត ឬក៏អាចទាំងពីរនេះ ចំពោះយោធាមីយ៉ាន់ម៉ា។ ជាងនេះទៀត ក្រុមហ៊ុន Wanbao Mining និងសាខារបស់ខ្លួនបានជាប់ពាក់ព័ន្ធនៅក្នុងការរំលោភសិទ្ធិការងារនិងសិទ្ធិមនុស្សជាយូរមកហើយ ដែលក្នុងនោះមានទាំងការរំលោភបំពានសិទ្ធិទាំងនេះនៅកន្លែងជីករ៉ែស្ពាន់ Letpadaung ផងដែរ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា វិធានការទាំងនេះ «បង្ហាញឲ្យឃើញបន្ថែមថា យើងនឹងបន្តចាត់វិធានការបន្ថែមប្រឆាំងនឹងយោធានិងមេដឹកនាំយោធា [មីយ៉ាន់ម៉ា] និងធ្វើឲ្យពួកគេមានផលវិបាក រហូតទាល់តែពួកគេកែប្រែស្ថានការណ៍ឲ្យដូចដើមវិញ និងធ្វើឲ្យមានការវិលត្រឡប់មកវិញនូវលទ្ធិប្រជាធិបតេយ្យ»។
សហរដ្ឋអាមេរិកប្ដេជ្ញាជំរុញឲ្យមានការទទួលខុសត្រូវសម្រាប់ទង្វើរបស់យោធាមីយ៉ាន់ម៉ា របស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនិងរបស់បុគ្គល និងអង្គភាពទាំងឡាយណាដែលបានផ្ដល់ការគាំទ្រដល់អ្នកដែលទទួលខុសត្រូវចំពោះការធ្វើរដ្ឋប្រហារយោធា។
សហរដ្ឋអាមេរិក នឹងបន្តជំរុញយោធាមីយ៉ាន់ម៉ាឲ្យគោរពតាម និងអនុវត្តការឯកភាព ៥ ចំណុចរបស់សមាគមអាស៊ាន ដោះលែងអ្នកដែលជាប់ឃុំដោយអយុត្តិធម៌ទាំងអស់ និងស្ដារជាបន្ទាន់នូវវិថីឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា។
អ្នកស្រី Andrea Gacki ប្រធានការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បាននិយាយថា៖ «ទង្វើរបស់យោធានៅក្នុងការបង្ក្រាបលើលទ្ធិប្រជាធិបតេយ្យ និងការប្រើអំពើហិង្សាដ៏ឃោរឃៅលើប្រជាពលរដ្ឋមីយ៉ាន់ម៉ា គឺមិនអាចទទួលយកបាននោះទេ»។
អ្នកស្រីបានបន្ថែមថា ការដាក់ទណ្ឌកម្មថ្មីចុងក្រោយនេះបានបង្ហាញថា «សហរដ្ឋអាមេរិកនឹងបន្តធ្វើឲ្យមានផលវិបាកបន្ថែមទៀតដល់យោធាមីយ៉ាន់ម៉ា និងជំរុញឲ្យមានការទទួលខុសត្រូវសម្រាប់អ្នកដែលទទួលខុសត្រូវចំពោះរដ្ឋប្រហារយោធានិងអំពើហិង្សាជាបន្ត ដែលក្នុងនោះមានទាំងការដាក់ទិសដៅលើប្រភពចំណូលរបស់យោធានិងរបស់មេដឹកនាំយោធាផងដែរ»៕