តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមកនេះ ប្រជាពលរដ្ឋមីយ៉ាន់ម៉ាបានចេញតវ៉ាតាមដងផ្លូវដោយសន្តិវិធី និងទាមទារឲ្យប្រទេសមីយ៉ាន់ម៉ាវិលទៅរកការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យរបស់រដ្ឋាភិបាលជាប់ឆ្នោតឡើងវិញ ក៏ដូចជាទាមទារនូវសិទ្ធិ និងសេរីភាពជាមូលដ្ឋាននៃការជួបជុំនិងការបញ្ចេញមតិដោយសន្តិវិធី និងនីតិរដ្ឋ។
ជាការឆ្លើយតបទៅនឹងការតវ៉ានេះ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានធ្វើតាមបញ្ជារបស់មេដឹកនាំយោធា ដោយបានចាប់ដាក់ឃុំដោយខុសច្បាប់និងវាយប្រហារដ៏ឃោរឃៅលើអ្នកតវ៉ាគ្មានអាវុធ និងអ្នកកាសែត និងបានសម្លាប់មនុស្សយ៉ាងតិច ១២៦ នាក់ តាំងពីថ្ងៃធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈមក។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «យើងថ្កោលទោសការវាយប្រហារដ៏ឃោរឃៅទាំងនេះ។ យើងថ្កោលទោសការបន្តចាប់ខ្លួននិងឃុំខ្លួនមនុស្សជាង ១.៧០០ នាក់ ដែលមានតាំងពីមេដឹកនាំនយោបាយ វេជ្ជបណ្ឌិត អ្នកការពារសិទ្ធិមនុស្ស អ្នកកាសែត មេដឹកនាំសហជីព រហូតដល់ពលរដ្ឋសាមញ្ញដែលអនុវត្តសិទ្ធិរបស់ពួកគេ។ ហើយយើងថ្កោលទោសថ្នាក់ដឹកនាំយោធាដែលបានអនុញ្ញាតឲ្យមានអំពើហិង្សានេះកើតឡើងប្រឆាំងនឹងប្រជាពលរដ្ឋរបស់ខ្លួន»។
សហរដ្ឋអាមេរិក ប្ដេជ្ញាចាត់វិធានការបន្ថែមដើម្បីជំរុញឲ្យមានការទទួលខុសត្រូវសម្រាប់អ្នកដែលទទួលខុសត្រូវលើការធ្វើរដ្ឋប្រហារនេះ និងដើម្បីដាក់គោលដៅទណ្ឌកម្មលើអ្នកណាដែលទទួលប្រយោជន៍ផ្នែកហិរញ្ញវត្ថុពីទំនាក់ទំនងរបស់ពួកគេជាមួយនឹងរបបយោធា។
លោករដ្ឋមន្ត្រី Blinken បានប្រកាសថា សហរដ្ឋអាមេរិកបានកំណត់ដាក់ទណ្ឌកម្មលើកូនពេញវ័យពីរនាក់របស់អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាលោក Min Aung Hlaing ដែលមានឈ្មោះ Aung Pyae Sone និង Khin Thiri Thet Mon ក៏ដូចជាអង្គភាពចំនួន ៦ ផ្សេងទៀតដែលជាកម្មសិទ្ធិ ឬក៏គ្រប់គ្រងដោយបុគ្គលទាំងនេះ ស្របតាមបទបញ្ជានីតិប្រតិបត្តិលេខ ១៤០១៤។
បុគ្គលឈ្មោះ Aung Pyae Sone និង Khin Thiri Thet Mon បានប្រើទំនាក់ទំនងរបស់ពួកគេជាយូរមកហើយជាមួយនឹងលោក Min Aung Hlaing ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា៖ «មេដឹកនាំរដ្ឋប្រហារ និងសមាជិកពេញវ័យនៃក្រុមគ្រួសាររបស់ពួកគេ មិនគួរមានលទ្ធភាពបន្តទាញយកប្រយោជន៍ពីរបបយោធានោះទេ នៅពេលដែលរបបនេះប្រើអំពើហិង្សានិងពង្រឹងការត្រួតត្រាតឹងរ៉ឹងរបស់ខ្លួនលើលទ្ធិប្រជាធិបតេយ្យ»។
លោករដ្ឋមន្ត្រី Blinken បានបន្ថែមថា៖ «យើងនឹងបន្តធ្វើការជាមួយនឹងសម្ព័ន្ធភាពដ៏ទូលំទូលាយនៃដៃគូអន្តរជាតិនានា ដើម្បីជំរុញឲ្យមានការទទួលខុសត្រូវសម្រាប់មេដឹកនាំរដ្ឋប្រហារ អ្នកដែលទទួលខុសត្រូវចំពោះអំពើហិង្សានេះនិងការរំលោភបំពានផ្សេងៗ និងអ្នកដែលទទួលបានប្រយោជន៍ផ្នែកហិរញ្ញវត្ថុពីរបបយោធានេះ»។
ការដាក់ទណ្ឌកម្មទាំងនេះគឺសំដៅលើអ្នកណាដែលទទួលខុសត្រូវលើការធ្វើរដ្ឋប្រហារ មិនមែនលើប្រជាពលរដ្ឋមីយ៉ាន់ម៉ានោះទេ។
សហរដ្ឋអាមេរិក អំពាវនាវដល់សហគមន៍អន្តរជាតិឲ្យរួមគ្នាជាសំឡេងមួយដើម្បីគាំទ្រប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលនៅបន្តបង្ហាញភាពក្លាហាននិងការតាំងចិត្តរបស់ពួកគេនៅក្នុងការប្រឹងប្រែងប្រឆាំងនឹងរបបយោធានេះ បើទោះបីជាកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានប្រើអំពើហិង្សាមកលើពួកគេក៏ដោយ។
លោករដ្ឋមន្ត្រី Blinken បានជំរុញឲ្យ «យោធា [មីយ៉ាន់ម៉ា] ស្ដារឡើងវិញនូវរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ បញ្ឈប់ការវាយប្រហារទាំងអស់លើអ្នកតវ៉ាដោយសន្តិវិធី ដោះលែងជាបន្ទាន់នូវអ្នកជាប់ឃុំដោយអយុត្តិធម៌ទាំងអស់ និងបញ្ឈប់ការវាយប្រហារនិងការគំរាមកំហែងលើអ្នកកាសែត មន្ត្រីរដ្ឋការ និងសកម្មជននានា»៕