Accessibility links

Breaking News

បទ​វិចារណកថា៖ សហរដ្ឋ​អាមេរិក ដាក់​ទណ្ឌកម្ម​មេដឹកនាំ​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា


រូបឯកសារ៖ ពលរដ្ឋមីយ៉ាន់ម៉ា ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋ​ប្រហារដោយយោធា។
រូបឯកសារ៖ ពលរដ្ឋមីយ៉ាន់ម៉ា ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋ​ប្រហារដោយយោធា។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​ប្រទេស​នេះ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយ​ថា៖ «មុន​រដ្ឋសភា​ដែល​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ថ្មី​ គ្រោង​បើក​សម័យ​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន យោធា​មីយ៉ាន់ម៉ា ​បាន​ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ជា​ច្រើន​រូប ដែល​ក្នុង​នោះ​មាន​ទាំង​ទីប្រឹក្សា​រដ្ឋ​អ្នកស្រី Aung San Suu Kyi និង​លោក​ប្រធានាធិបតី Win Myint រួម​ទាំង​មេដឹកនាំ​សង្គម​ស៊ីវិល អ្នក​កាសែត និង​សកម្មជន​សិទ្ធិ​មនុស្ស​នានា​ផងដែរ»។

លោក Blinken បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​បានប​បញ្ជាក់​យ៉ាង​ច្បាស់​ថា នេះ​គឺជា​រដ្ឋប្រហារ ហើយ​យើង​នឹង​មិន​ធ្វើ​ព្រងើយ​កន្ដើយ​ចំពោះ​រឿង​នេះ​ នោះ​ឡើយ។ រដ្ឋប្រហារ​នេះ ​ប៉ុនប៉ង​ច្រានចោល​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​ដែល​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​វិច្ឆិកា ឆ្នាំ២០២០»។

នៅ​ក្នុង​ការ​ឆ្លើយតប​ចំពោះ​រដ្ឋប្រហារ​នេះ លោក​ប្រធានាធិបតី Joe Biden បាន​ចេញ​បទ​បញ្ជា​នីតិប្រតិបត្តិ​មួយ​រារាំង​ទ្រព្យ​សម្បត្តិ​ទាក់ទិន​ទៅ​នឹង​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដោយ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​នេះ។

បន្ទាប់មក ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក ​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​និង​អង្គភាព​មីយ៉ាន់ម៉ា​មួយ​ចំនួន។

ស្រប​តាម​បទ​បញ្ជា​នីតិប្រតិបត្តិ​ថ្មី​នេះ ក្រសួង​ហិរញ្ញវត្ថុ ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​ក្រសួង​ការបរទេស បាន​កំណត់​បុគ្គល​ចំនួន១០ នាក់ ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​នេះ និង​អង្គភាព​ចំនួន ៣ ដែល​គាំទ្រ​រចនា​សម្ព័ន្ធ​ចាត់តាំង​របស់​យោធា​មីយ៉ាន់ម៉ា។

បុគ្គល​ដែល​ត្រូវ​បាន​កំណត់​នេះ​មាន​ដូចជា អគ្គមេបញ្ជាការ​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing អគ្គមេបញ្ជាការ​រង​យោធា​លោក Soe Win អនុ​ប្រធានាធិបតី​ទី​មួយ​ និង​ជា​ឧត្តមសេនីយ៍​ឯក​ចូល​និវត្តន៍​លោក Myint Swe លោក​ឧត្តមសេនីយ៍​ឯក Sein Win លោក​ឧត្តមសេនីយ៍​ឯក Soe Htut និង​លោក​ឧត្តមសេនីយ៍​ឯក Ye Aung ដែល​អ្នក​ទាំង​អស់​នេះ ​គឺ​ជា​អ្នក​ដឹកនាំ​ការ​ធ្វើ​រដ្ឋប្រហារ។

ក្រៅ​ពី​នេះ​មាន​លោក​នាយ​ឧត្តមសេនីយ៍ Mya Tun Oo លោក​នាយ​ឧត្តមនាវី Tin Aung San លោក​ឧត្តមសេនីយ៍​ឯក Ye Win Oo និង​លោក​ឧត្តមសេនីយ៍​ឯក Aung Lin Dwe ដែល​ជា​អ្នក​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​នេះ​ដែរ។

ក្រុមហ៊ុន Myanmar Ruby Enterprise ក្រុមហ៊ុន Myanmar Imperial Jade Company និង​ក្រុមហ៊ុន Cancri Company ត្រូវ​បាន​ដាក់​ទណ្ឌកម្ម ដោយសារតែ​បាន​គ្រប់គ្រង​ទាំង​ស្រុង​នូវ​សាខា​របស់​មហា​ក្រុមហ៊ុន​មួយ​ដែល​គ្រប់គ្រង​ដោយ​យោធា​មីយ៉ាន់ម៉ា។

ជា​លទ្ធផល​នៃ​ការ​កំណត់​ដាក់​ទណ្ឌកម្ម​នេះ ទ្រព្យ​សម្បត្តិ​និង​ផល​ប្រយោជន៍​ទាំង​អស់​របស់​បុគ្គល​និង​អង្គភាព​ទាំង​នេះ ដែល​ស្ថិត​នៅ​ក្នុង​ដែន​អំណាច​គ្រប់គ្រង​របស់​សហរដ្ឋ​អាមេរិក ឬ​ក៏​ស្ថិត​នៅ​ក្នុង​កម្មសិទ្ធិ​ ឬ​ក៏​ការ​គ្រប់គ្រង​របស់​បុគ្គល​អាមេរិកាំង ត្រូវ​បាន​រារាំង ហើយ​បុគ្គល​អាមេរិកាំង​នោះ​ មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ណា​មួយ​ជាមួយ​នឹង​អ្នក​ទាំង​នោះ​ឡើយ។

លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា៖ «ការ​កំណត់​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​សំដៅ​ជា​ពិសេស​លើ​មន្ត្រី​យោធា​បច្ចុប្បន្ន ឬ​ពី​មុន​ណា ដែល​បាន​ដឹកនាំ​ការ​ទម្លាក់​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​ជ្រើសរើស​តាម​បែប​ប្រជាធិបតេយ្យ​របស់​ប្រទេស​មីយ៉ាន់ម៉ា»។

លោក​បាន​បន្ថែម​ថា៖ «ការ​កំណត់​ដាក់​ទណ្ឌកម្ម​នេះ​មិន​សំដៅ​លើ​សេដ្ឋកិច្ច ឬ​ក៏​ប្រជាពលរដ្ឋ​របស់​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ។ សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ធានា​ថា យើង​នឹង​មិន​បន្ថែម​ស្ថានភាព​លំបាក​វេទនា​ផ្នែក​មនុស្សធម៌​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​នោះ​ឡើយ»៕

XS
SM
MD
LG