តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កងយោធាមីយ៉ាន់ម៉ា បន្តបង្ក្រាបយ៉ាងឃោរឃៅទៅលើក្រុមបាតុករដោយសន្តិវិធីដែលប្រឆាំងនឹងការទម្លាក់រដ្ឋាភិបាលដឹកនាំដោយពួកជនស៊ីវិលនៃប្រទេសមីយ៉ាន់ម៉ារបស់លោកស្រី Aung San Suu Kyi កាលពីថ្ងៃទី១ ខែកុម្ភៈ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្កោលទោសការបង្ក្រាប«យ៉ាងសាហាវយង់ឃ្នង»ដោយក្រុមយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៧ ខែមីនា ដែលបានបណ្តាលឱ្យមនុស្សស្លាប់ជាង១០០នាក់ ដោយមានរួមបញ្ចូលទាំងកុមារយ៉ាងតិចណាស់១២នាក់ផង នៅក្នុងថ្ងៃដ៏ប្រល័យបំផុតចាប់តាំងពីមានរដ្ឋប្រហារនោះមក។
បើតាមសមាគមខាងជំនួយដល់ក្រុមអ្នកទោសនយោបាយដែលជាអង្គការឃ្លាំមើលមួយបានឲ្យដឹងថា ពួកទាហាននិងពួកប៉ូលិសមីយ៉ាន់ម៉ា បានសម្លាប់មនុស្សជាង៤៥០នាក់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការបង្ក្រាបបាតុកម្ម ដែលទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ជាការឆ្លើយតបនឹងការបង្ហូរឈាមថ្មីៗបំផុតនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Anthony Blinken បានបង្ហោះសារមួយលើ Twitterថា៖ «យើងរន្ធត់ចិត្តយ៉ាងខ្លាំងចំពោះការបង្ហូរឈាមដែលបង្កឡើងដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ដែលបង្ហាញថា ក្រុមយោធានៃប្រទេសនេះ នឹងសម្លាប់ប្រជាជនដើម្បីបម្រើពួកជនមួយក្តាប់តូច។ ខ្ញុំសូមសម្តែងមរណទុក្ខដ៏ជ្រាលជ្រៅបំផុតដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់។ ប្រជាជនមីយ៉ាន់ម៉ាដ៏អង់អាចក្លាហាន ហ៊ានច្រានចោលការគ្រប់គ្រងបង្កការភិតភ័យយ៉ាងខ្លាំងក្លារបស់ពួកយោធា»។
លោកឧត្ដមសេនីយ៍ Mark Milley ប្រធានក្រុមនាយអគ្គសេនាធិការចម្រុះនៃកងយោធពលសហរដ្ឋអាមេរិក បានចូលរួមជាមួយបណ្ដាអគ្គមេបញ្ជាការយោធានៅទូទាំងពិភពលោកក្នុងការថ្កោលទោសការប្រើប្រាស់កម្លាំង ដែលនាំឱ្យប្រជាជនមីយ៉ាន់ម៉ាបាត់បង់ជីវិត។
សេចក្តីថ្លែងការណ៍នោះមានខ្លឹមសារថា៖ «ក្នុងឋានៈជាអគ្គមេបញ្ជាការយោធា យើងសូមថ្កោលទោសការប្រើប្រាស់កម្លាំងដ៏ប្រល័យប្រឆាំងនឹងប្រជាជនគ្មានអាវុធដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា និងកងកម្លាំងសន្តិសុខដែលពាក់ព័ន្ធ។ កងយោធាត្រូវអនុវត្តតាមស្តង់ដារអន្តរជាតិ ហើយមានការទទួលខុសត្រូវដល់ការការពារ មិនមែនធ្វើទុក្ខទោសប្រជាជនដែលខ្លួនបម្រើនោះទេ។ យើងសូមឲ្យកងកម្លាំងប្រដាប់អាវុធនៃប្រទេសមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សា ហើយធ្វើការដើម្បីធ្វើឱ្យមានឡើងវិញនូវការគោរពនិងការជឿទុកចិត្តពីប្រជាជនមីយ៉ាន់ម៉ារបស់ខ្លួន ដែលបានបាត់បង់ជំនឿមកលើយោធាដោយសារតែសកម្មភាពរបស់ខ្លួន»។
លោកស្រី Alice Wairimu Nderitu និងលោកស្រី Michelle Bachelet ដែលជាប្រេសិតអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីការសម្លាប់រង្គាលកាលពីពេលថ្មីៗនេះថា ជា«សកម្មភាពដ៏អាម៉ាស់ កំសាក និងឃោរឃៅរបស់ពួកយោធានិងពួកប៉ូលិស ដែលត្រូវបានគេថតឃើញថា បានបាញ់ទៅលើក្រុមបាតុករនៅពេលពួកគេរត់គេចខ្លួន ហើយដែលមិនបានសូម្បីតែទុកជីវិតឱ្យកុមារតូចៗនោះ ត្រូវតែបញ្ឈប់ជាបន្ទាន់»។
សហរដ្ឋអាមេរិក ថ្កោលទោសខ្លាំងក្លាបំផុតដល់សកម្មភាពដ៏ប្រល័យរបស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា។ របបគ្រប់គ្រងយោធាមីយ៉ាន់ម៉ា ត្រូវតែឈប់គ្រប់គ្រងប្រទេសតាមរយៈការធ្វើឱ្យមានការភ័យខ្លាចរបៀបនេះ៕