Accessibility links

Breaking News

បទវិចារណកថា៖ ការបង្ក្រាប​លើ​សារព័ត៌មាន​សេរី​នៅ​មីយ៉ាន់ម៉ា


លោក Nathan Maung ត្រូវបាន​ចាប់ខ្លួន​ពី​ការិយាល័យ​របស់​លោក​ កាលពី​ខែមីនា ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​យោធា​មីយ៉ាន់ម៉ា បាន​ដណ្តើម​អំណាច​នៅក្នុង​រដ្ឋប្រហារ​​កាលពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ ២០២១។
លោក Nathan Maung ត្រូវបាន​ចាប់ខ្លួន​ពី​ការិយាល័យ​របស់​លោក​ កាលពី​ខែមីនា ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​យោធា​មីយ៉ាន់ម៉ា បាន​ដណ្តើម​អំណាច​នៅក្នុង​រដ្ឋប្រហារ​​កាលពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ ២០២១។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​ ស្វាគមន៍​ការ​ដោះលែង​អ្នក​កាសែត​លោក Nathan Maung កាលពី​ពេល​ថ្មីៗ​នេះ។ លោក Maung គឺជា​ពលរដ្ឋ​អាមេរិកាំង ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី៩ ខែ​មីនា​កន្លង​ទៅ​នេះ និង​ត្រូវ​បាន​ជាប់​ឃុំ​អស់​រយៈពេល​ជា​ច្រើន​ខែ​នៅ​ក្នុង​ពន្ធនាគារ​ប្រទេស​មីយ៉ាន់ម៉ា។

លោក Maung គឺជា​ស្ថាបនិក​និង​ជា​និពន្ធ​នាយក​នៃ​វិបសាយ​ព័ត៌មាន​ឈ្មោះ Kamayut Media។ លោក Hanthar Nyein ជនជាតិ​មីយ៉ាន់ម៉ា ដែលជា​សហសេវិក​របស់​លោក​ និង​ជា​សហ​ស្ថាបនិក​វិបសាយ​នេះ​ នៅតែ​ជាប់​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ​ ក្រោម​បទ​ចោទ​ប្រកាន់​ថា ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ស្រប​ពេល​ដែល​ការ​បង្ក្រាប​ឃោរឃៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ នៅ​បន្ត​ទៅ​មុខ។

ទោះបីជា​លោក Nathan Maung ត្រូវ​បាន​ដោះលែង ​និង​ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ​ក៏ដោយ ក៏​លោក Daniel Fenster ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ទៀត នៅ​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ឡើយ​ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក Fenster ធ្វើការ​ឲ្យ​ទស្សនាវដ្ដី Frontier Myanmar ដែលជា​ទស្សនាវដ្ដី​ព័ត៌មាន​និង​អាជីវកម្ម។ លោក​ត្រូវ​បាន​អាជ្ញាធរ​មីយ៉ាន់ម៉ា​ចាប់​ឃុំ​ខ្លួន​នៅ​ឯ​អាកាសយានដ្ឋាន នៅ​ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​មកកាន់​សហរដ្ឋ​អាមេរិក​វិញ​ដើម្បី​មក​សួរ​សុខទុក្ខ​គ្រួសារ​របស់​លោក​កាលពី​ថ្ងៃ​ទី២៤ ខែ​ឧសភា​ កន្លង​ទៅ​នេះ។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​អំពាវនាវ​ដល់​របប​យោធា​មីយ៉ាន់ម៉ា​ឲ្យ​អនុញ្ញាត​ឲ្យ​លោក Daniel Fenster បាន​ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ​ប្រកប​ដោយ​សុវត្ថិភាព។

ការ​ឃុំ​ខ្លួន​ពលរដ្ឋ​អាមេរិកាំង​ គឺជា​ផ្នែក​មួយ​នៃ​រលក​នៃ​ការ​ចាប់ខ្លួន​អ្នក​កាសែត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា នៅ​ក្រោយ​រដ្ឋប្រហារ​យោធា​ដែល​បាន​ដណ្ដើម​អំណាច​គ្រប់គ្រង​ប្រទេស​កាលពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ ២០២១។

បើ​យោង​តាម​គណៈកម្មាធិការ​ការពារ​អ្នក​កាសែត (Committee to Protect Journalists) អ្នក​កាសែត​រាប់​សិប​នាក់​ កំពុង​ជាប់​ឃុំឃាំង ដោយ​ត្រូវ​បាន​ចាប់​ឃុំ​នៅ​ក្នុង​អំឡុងពេល​ដែល​កង​កម្លាំង​សន្តិសុខ​ឆ្មក់​ចូល​ការិយាល័យ​របស់​ពួកគេ ឬ​ក៏​នៅ​ពេល​ដែល​ពួកគេ​កំពុង​ចុះ​យក​ព័ត៌មាន​អំពី​ការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​របប​យោធា​មីយ៉ាន់ម៉ា​នៅ​ក្រោយ​រដ្ឋប្រហារ។

អ្នក​កាសែត​មីយ៉ាន់ម៉ា​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន​ទាំង​អ្នក​យក​ព័ត៌មាន​លោក Aung Kyaw លោក Zaw Zaw និង​លោក Min Nyo ផងដែរ ត្រូវ​បាន​តុលាការ​យោធា​កាត់ទោស​កាលពី​ពេល​ថ្មីៗ​នេះ​ឲ្យ​ជាប់​ពន្ធនាគារ​ពី​ពីរ ​ទៅ​បី​ឆ្នាំ នៅ​ក្រោម​មាត្រា​ចំនួន​មួយ​នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​ចាត់ទុក​ជា​បទ​ឧក្រិដ្ឋ​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ណា​ដែល​អាច​បង្ក​ឲ្យ​កង​កម្លាំង​សន្តិសុខ​ ឬ​ក៏​មន្ត្រី​រដ្ឋការ​មិន​មាន​ភាព​ស្មោះត្រង់​ចំពោះ​រដ្ឋាភិបាល។

បន្ថែម​ពី​នេះ​ទៀត អាជ្ញាធរ​យោធា​មីយ៉ាន់ម៉ា​ បាន​ដកហូត​អាជ្ញាប័ណ្ណ​របស់​ស្ថាប័ន​ព័ត៌មាន​នានា ​និង​រឹតត្បិត​លទ្ធភាព​ប្រើប្រាស់​អ៊ីនធឺណិត។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​លើកឡើង​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី​ និង​ឯករាជ្យ «គឺ​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ការ​កសាង​សង្គម​សម្បូរ​រុងរឿង មិន​ទ្រុឌទ្រោម និង​សេរី»។

លោក Price បាន​ប្រកាស​ថា៖ «កាលពី​ពេល​ថ្មីៗ​នេះ យើង​បាន​ឃើញ​របប​យោធា​មីយ៉ាន់ម៉ា​ប៉ុនប៉ង​បំបិទ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នៃ​ការ​ជួបជុំ​គ្នា។ ពួកគេ​ធ្វើ​ដូច្នេះ ដោយសារតែ​ពួកគេ​ដឹង​ថា មានតែ​ការ​បង្ក្រាប​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​តែ​ប៉ុណ្ណោះ​ដែល​ពួកគេ​អាច​រក្សា​រូបរាង​នៃ​ការ​គ្រប់គ្រង​បាន​ខ្លះ»។

លោក Price បាន​បញ្ជាក់​ថា៖ «យើង​នឹង​បន្ត​ជំរុញ​នូវ​ករណី​នេះ​ទៅ​មុខ​ទៀត​សម្រាប់​អ្នក​កាសែត​ទាំងអស់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដោយសារតែ​ពួកគេ​មិន​បាន​ធ្វើ​អ្វី​ក្រៅតែ​ពី​ការ​បំពេញ​ការងារ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ដោយ​ដឹង​ថា​ កិច្ចការ​ដែល​ពួកគេ​កំពុង​ធ្វើ​ គឺ​ដើម្បី​ការពារ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា»៕

XS
SM
MD
LG