Accessibility links

Breaking News

បទវិចារណកថា៖ លោក Blinken បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ជប៉ុន


រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ស.រ.អ​លោក Antony Blinken និង​លោក Toshimitsu Motegi រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ជប៉ុន នៅក្នុង​ការធ្វើ​សន្និសីទ​កាសែត បន្ទាប់ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​សន្តិសុខ​ជប៉ុន (SCC) 2+2 នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុនថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។
រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ស.រ.អ​លោក Antony Blinken និង​លោក Toshimitsu Motegi រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ជប៉ុន នៅក្នុង​ការធ្វើ​សន្និសីទ​កាសែត បន្ទាប់ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​សន្តិសុខ​ជប៉ុន (SCC) 2+2 នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុនថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

តទៅនេះ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​ មាន​ការ​ប្តេជ្ញាខ្ពស់ដល់​សម្ព័ន្ធភាព​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជប៉ុន។ នៅ​ក្នុងដំណើរ​ទស្សនកិច្ច​កាល​ពី​ពេលថ្មីៗ​នេះ​ទៅ​កាន់​ប្រទេស​ជប៉ុន រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ​លោក Anthony Blinken ​បានគូស​បញ្ជាក់​ថា រួមគ្នា​ សហរដ្ឋ​អាមេរិក​និងជប៉ុន «ដោះស្រាយ​កង្វល់​ស្នូល​ខាងសន្តិសុខ»​ ដោយ​មាន​រួមបញ្ចូល​កម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេស​កូរ៉េខាង​ជើង​ និងសន្តិសុខដែន​សមុទ្រ​នៅ​ទូទាំងតំបន់​នោះ។ បញ្ហា​ជា​អាទិភាព​ឯ​ទៀតៗដែល​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​កំពុង​ប្រឈម ​មាន​រួមបញ្ចូល​ជំងឺ​កូវីដ​១៩ ការប្រែប្រួល​អាកាសធាតុ និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជប៉ុន ប្តេជ្ញា​ឧបត្ថម្ភ​ផ្ចុង​ផ្តើមលទ្ធិ​ប្រជាធិបតេយ្យ​សិទ្ធិមនុស្ស និងនីតិ​រដ្ឋ។ ក៏​ប៉ុន្តែគុណតម្លៃទាំង​នេះ កំពុង​«ឋិត​ក្រោម​ការ​គំរាម​កំហែងនៅ​ក្នុង​កន្លែង​ជា​ច្រើន ដោយ​មាន​រួម​បញ្ចូល​ទាំងតំបន់​នេះ​ផង​ដែរ»។

លោករដ្ឋមន្ត្រី​ Blinken បាន​ព្រមាន​ថា៖ «នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា កងយោធាប៉ុនប៉ង​ប្រែក្រឡាស់លទ្ធផល​នៃ​ការ​បោះឆ្នោតប្រជាធិបតេយ្យ និង​បង្ក្រាប​យ៉ាង​ឃោរឃៅ​លើក្រុម​បាតុករ​ដោយ​សន្តិវិធី។ ប្រទេសចិនប្រើ​ប្រាស់​ការ​បង្ខិត​បង្ខំនិង​ការ​ឈ្លានពាន​ដើម្បីបំផ្លាញស្វ័យភាព​នៅ​ទីក្រុង​ហុងកុង ​បំផ្លាញលទ្ធិ​ប្រជាធិបតេយ្យ​នៅកោះ​តៃវ៉ាន់​ ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​តំបន់ Xinjiang និងដែនដី​ទីបេ​ ហើយការពារ​ការ​ទាមទារ​របស់​ខ្លួន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​រំលោភលើ​ច្បាប់​អន្តរជាតិ»។

លោក​រដ្ឋមន្ត្រី​ Blinken បានមានប្រសាសន៍​ថា៖ «យើងរួបរួម​គ្នាក្នុងទស្សនវិស័យ​នៃ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី​និង​បើក​ចំហដែល​នៅ​ទីនោះ​ប្រទេសនានា​ធ្វើតាម​បទបញ្ញត្តិ ធ្វើ​កិច្ច​សហប្រតិបត្តិការ​នៅ​ពេល​ណា​ពួក​គេ​អាច​ធ្វើ​បាន ​និង​ដោះស្រាយការ​ខ្វែង​គំនិត​គ្នា​ដោយ​សន្តិវិធី»។​

លោករដ្ឋមន្ត្រី​ Blinken បានមាន​ប្រសាសន៍​ថា៖ «ជាពិសេស យើង​នឹង​ធ្វើការ​រុញ​ច្រាន​ប្រសិន​បើ​ជា​ការ​ចាំ​បាច់​ នៅ​ពេល​ប្រទេស​ចិនប្រើ​ការ​បង្ខិត​បង្ខំ​ ឬការ​ឈ្លានពាន​ដើម្បី​ឱ្យសម្រេចបំណងរបស់​ខ្លួន...​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ជា​តំបន់​ស្នូលនៃ​ភូមិសាស្ត្រ​នយោបាយ​សាកល។ តំបន់​នោះ​ ជាកន្លែងដែលគេ​នឹង​សរសេរ​ច្រើនអំពី​ប្រវត្តិសាស្ត្រនៃ​សតវត្សរ៍​ទី​២១។ ​មាន​ទស្សនវិស័យ​ប្រជែង​គ្នា​ច្រើនអំពីថា​តើ​រឿង​នេះគួរ​សរសេរ​បែប​ណា។ ជប៉ុន​និង​សហរដ្ឋ​អាមេរិក​ជាមួយ​ពួក​សម្ព័ន្ធមិត្តនិង​បណ្ដា​ដៃគូ​របស់​យើង​ ជា​អ្នក​គាំទ្រ​ខ្លាំង​ដល់​របៀប​ដោះស្រាយរបស់​យើងដែល​ផ្អែក​លើ​គុណតម្លៃ និង​ការ​ប្តេជ្ញារួម​គ្នា​របស់​យើង​ដល់​សន្តិសុខ ​និង​សុខុមាលភាព​របស់ប្រជាជន​យើង»។

លោករដ្ឋមន្ត្រី​ Blinken បានមានប្រសាសន៍​ថា៖ «យើង​ក្រឡេក​មើលទៅមុខទៅ​អនាគតជា​មួយ​គ្នា​ដោយ​មាន​ទំនុក​ចិត្ត​ថា​ មិត្តភាពរវាង​ជប៉ុន​និង​សហរដ្ឋ​អាមេរិក​នឹង​នៅ​ឋិត​ថេរ តែ​មិនមែនគ្រាន់​តែ​ឋិតថេរ​ប៉ុណ្ណោះ​ទេ មិត្តភាព​នេះ​នឹងលូតលាស់​ថែម​ទៀត​ផង​ដែរ ហើយជា​មួយ​គ្នា​ យើង​នឹង​កសាងអនាគតមួយ​ខ្លាំង​ជាង​មុន និង​ល្អ​ប្រសើរ​ជាង​មុន​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង»៕

XS
SM
MD
LG