Accessibility links

Breaking News

បទវិចារណកថា៖ ការប្រមើល​មើល​អំពី​អនាគត​របស់​អ៊ុយក្រែន


រូបឯកសារ៖ មនុស្សម្នាក់ចូលរួមក្នុងបាតុកម្មគាំទ្រអ៊ុយក្រែន អំឡុងពេលសន្និសីទស្តីអំពីសន្តិសុខទីក្រុង Munich។
រូបឯកសារ៖ មនុស្សម្នាក់ចូលរួមក្នុងបាតុកម្មគាំទ្រអ៊ុយក្រែន អំឡុងពេលសន្និសីទស្តីអំពីសន្តិសុខទីក្រុង Munich។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

មួយ​ឆ្នាំ​ក្រោយ​ពី​កងទ័ព​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ចូល​លុកលុយ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដើម្បី​ចាប់​ផ្ដើម​ធ្វើ​សង្គ្រាមដ៏​ឃោរឃៅមួយ អស់​លោករដ្ឋមន្ត្រី​ការ​បរទេស​របស់​សហរដ្ឋ​អាមេរិក ប្រទេស​អាល្លឺម៉ង់​ និង​ប្រទេសអ៊ុយក្រែនបាន​ចូល​រួម​ក្នុងសន្និសីទ​អំពី​សំណួរ​និង​ចម្លើយមួយ​ក្នុង​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់ស្តី​ពី​ការ​ប្រមើល​មើល​របស់​អស់​លោកទៅ​លើ​អនាគត​របស់ប្រទេស​អ៊ុយក្រែន។ រដ្ឋមន្ត្រីទាំង​បី​នាក់​នេះ​យល់ស្រប​គ្នា​ថា​ សង្គ្រាម​នឹង​ចប់​នៅ​ពេល​រុស្ស៊ីបញ្ឈប់​ការ​ប្រយុទ្ធ​គ្នាហើយ​ដក​ទាហាន​របស់​ខ្លួន​ចេញ​ពី​ប្រទេស​អ៊ុយក្រែន។

ប៉ុន្តែ​សំណួរ​គឺ​ថា​ តើ​ម៉ាស៊ីន​សង្គ្រាម​របស់​រុស្ស៊ី​គួរដក​ថយ​ចម្ងាយប៉ុន្មាន​នៅ​មុន​សន្តិភាពនៅ​អ៊ុយក្រែនអាច​ចាប់ផ្ដើម​បាន​នោះ? តើ​សង្គ្រាមនឹង​ចប់​នៅ​ពេល​ដែល​រុស្ស៊ី​ដក​ទាហានខ្លួនទៅ​កាន់​ខ្សែ​ព្រំដែនមុន​ខែ​កុម្ភៈ ឆ្នាំ២០២២​ដែរ​ឬ​ទេ? តើ​អរិភាពនឹង​ចប់​នៅ​ក្រោយ​កងទ័ព​របស់​លោក Putin ដក​ថយ​ទៅ​កាន់​ទីតាំង​របស់​ខ្លួន​នៅ​មុនការ​លុកលុយ​ឧបទ្វីប Crimea របស់​អ៊ុយក្រែន​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤​ ដែរ​ឬ​ទេ?

ការណ៍​នេះ​អាស្រ័យ​លើ​ប្រជាជន​អ៊ុយក្រែន។​ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​មាន​ប្រសាសន៍​ថា៖ «យើង​នឹង​គាំទ្រ​សេចក្តី​សម្រេចរបស់​សមមិត្ត​អ៊ុយក្រែន​របស់​យើង​អំពី​អនាគត​របស់​ប្រទេស​ពួក​គេ»។ លោក​បានបន្ថែម​ថា ប៉ុន្តែ​«សន្តិភាព​ណា​មួយត្រូវ​តែ​សមស្រប​ជា​មួយ​គោលការណ៍​នៃ​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ»។

លោក Blinken បាននិយាយ​ថា៖ «ការណ៍​នេះ​ប្រឆាំង​នឹង​ផលប្រយោជន៍​នៃ​ប្រទេស​ទាំង​អស់នៅ​ទូទាំង​ពិភពលោក ​ដើម្បី​បញ្ចប់​ជា​មួយ​លទ្ធផលដែល​បង្ហាញ​ថា ការ​វាយ​យកដែនដី​ដោយ​ប្រើ​កម្លាំង​ជា​ការត្រឹមត្រូវ ហើយ​បញ្ជាក់​ថា ​វា​ជា​ការពិត​ថែមទៀត ពីព្រោះបើ​យើង​ធ្វើ​ដូច្នេះ យើងនឹងបង្កើត​ឱ្យ​មាន​វិបត្តិ​និង​បញ្ហា​ច្រើននៅ​ទូទាំង​ពិភពលោក ហើយពួក​អ្នក​ឈ្លានពាននឹង​សន្និដ្ឋាន​ថា​៖ ​ប្រសិន​បើរុស្ស៊ីអាច​លុកលុយ​អ៊ុយក្រែន​បាន យើងក៏​អាចឈ្លានពាន​ប្រទេស​ឯទៀតៗ​បាន​ដែរ។ ហើយ​ការ​ធ្វើ​ដូច្នេះ​មិនមែន​ជា​ផលប្រយោជន៍របស់​នរណា​ម្នាក់​ទេ​ ពីព្រោះ​វា​បណ្តាល​ឱ្យ​មានសង្គ្រាមក្នុងពិភពលោក»។

លោក​រដ្ឋមន្ត្រី Blinken បានថ្លែង​ថា អ្វី​ដែល​ជាផលប្រយោជន៍​រួម​របស់​យើង​គឺ​សន្តិភាព​មួយ​ដែលមាន​ភាព​យុត្តិធម៌​និង​ស្ថិតស្ថេរ។

លោក Blinken បាន​មានប្រសាសន៍ថា៖ «យើង​ត្រូវ​ធ្វើ​អ្វីៗ​ទាំងអស់​នៅ​ក្នុង​អំណាច​របស់​យើងដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា រុស្ស៊ី​នឹង​មិន​ធ្វើ​សមយុទ្ធ​បែបនេះទៀតក្នុង​ពេល​មួយ​ឆ្នាំ ប្រាំ​ឆ្នាំ​បន្ទាប់​មក​ទៀត។ ក្នុង​ចំណោម​អ្វី​ឯ​ទៀតៗ​ ការណ៍​នេះ​មានន័យ​ថាត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ អ៊ុយក្រែន​មាន​សមត្ថភាពធ្វើឱ្យរា​ដល់ការឈ្លានពាន ហើយ​បើ​ចាំបាច់​ការពារ​ខ្លួន​ឯងដោយ​ប្រសិទ្ធភាព​ប្រឆាំង​នឹងការ​ឈ្លានពាន។ ហើយ​ទោះ​ជា​យើង​បាន​ធ្វើ​អ្វីៗ​ទាំង​អស់​ដែល​យើងអាច​ធ្វើ​បានដើម្បី​ផ្តល់​ឱ្យអ៊ុយក្រែន​នូវជំនួយដែល​ប្រទេស​នេះ​ត្រូវការ​ដើម្បី​ទប់ទល់នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី យើង​ក៏​ត្រូវគិតគូរ​ដែរ​អំពី​អនាគត​នៅ​ក្រោយ​សង្គ្រាម​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា យើង​មាន​សន្តិសុខនិង​ស្ថិរភាព​សម្រាប់​ប្រជាជនអ៊ុយក្រែន​និង​សន្តិសុខនិង​ស្ថិរភាព​នៅ​អឺរ៉ុប​ផង​ដែរ»។

លោក​រដ្ឋមន្ត្រី Blinken បាន​មានប្រសាសន៍ទៀត​ថា៖ «យើង​គ្មានមន្ទិល​សង្ស័យ​ទេ​អំពី​ជ័យជម្នះនិង​ជោគជ័យ​របស់​អ៊ុយក្រែន។ ហើយ​មាន​ហេតុផលងាយ​មួយនិង​មានកម្លាំង​ខ្លាំង​សម្រាប់​ការណ៍​នេះ ដោយ​មិន​គិត​ដល់អ្វី​ផ្សេង​ទៀត រួម​មាន​ទាំង​ការ​គាំទ្រ​ដែល​យើង​ផ្តល់ឱ្យ​អ៊ុយក្រែន​ផង​ដែរ។ ភាព​ខុស​គ្នា​ធំ​បំផុត​តែ​មួយ​គត់​គឺថា ប្រជាជន​អ៊ុយក្រែនប្រយុទ្ធដើម្បី​ប្រទេស​ពួកគេ សម្រាប់​អនាគតពួក​គេ និង​សម្រាប់​ដែនដីរបស់​ពួកគេ។ ពួក​រុស្ស៊ី​មិន​ធ្វើ​ដូច្នេះ​ទេ។ ហើយ​ការណ៍​នេះ​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​ធំ​បំផុត»៕

XS
SM
MD
LG