តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ បន្ទាប់ពីការឈ្លានពាន ពេញទំហឹងរបស់ លោក Vladimir Putin លើអ៊ុយក្រែន គឺគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ឬ (BSGI)។ គំនិតផ្តួចផ្តើមនេះសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគី និងចុះហត្ថលេខាដោយរុស្ស៊ី និងអ៊ុយក្រែនក្នុងខែកក្កដា ឆ្នាំ២០២២ ហើយបានអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិ និងជីពីកំពង់ផែសមុទ្រខ្មៅអ៊ុយក្រែនចំនួនបី។ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ មជ្ឈមណ្ឌលសម្របសម្រួលរួមមួយត្រូវបានបង្កើតឡើងនៅទីក្រុង Istanbul ដែលបង្កើតឡើងដោយតំណាងមកពីប្រទេសរុស្ស៊ី អ៊ុយក្រែន តួកគី និងអង្គការសហប្រជាជាតិ។
អ្នកនាំពាក្យរងទី១របស់ក្រសួងការបរទេសអាមេរិកលោក Vedant Patel បានហៅគំនិតផ្តួចផ្តើមនេះថាជា«ឧបករណ៍សំខាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងអសន្តិសុខស្បៀងអាហារសកល និងរក្សាស្ថិរភាពតម្លៃម្ហូបអាហារ។ ក្នុងរយៈពេលប្រាំបួនខែ គំនិតផ្តួចផ្តើមនេះបាននាំយកអាហារចំនួន២៨ លានតោនទៅកាន់ទីផ្សារពិភពលោក។ អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា គ្រាប់ធញ្ញជាតិដែលមកពីកំពង់ផែអ៊ុយក្រែនផ្តល់អត្ថប្រយោជន៍ដល់មនុស្សដែលត្រូវការជំនួយ ជួយទីផ្សារឲ្យបានស្ងប់ស្ងាត់ និងជួយក្នុងការកំហិតអតិផរណាតម្លៃម្ហូបអាហារ។
សេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះដោយរដ្ឋមន្ត្រីកសិកម្មនៃប្រទេស G7 បានទទួលស្គាល់ «សារៈសំខាន់» នៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដោយនិយាយថា៖ «យើងគាំទ្រយ៉ាងខ្លាំងដល់ការបន្ត ការអនុវត្តពេញលេញ និងការពង្រីក BSGI» ។ ពួកគេក៏បានអំពាវនាវឱ្យរុស្ស៊ី «បញ្ឈប់ការគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហារសកល និងអនុញ្ញាតឱ្យគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដំណើរការតាមសក្តានុពលអតិបរមារបស់ខ្លួន និងគ្មានកាលកំណត់»។
ផ្ទុយទៅវិញ រុស្ស៊ីបានបង្ហាញថា ខ្លួនអាចដើរចេញពីគំនិតផ្តួចផ្តើមនេះ។ ក្រុមអធិការកិច្ចរុស្ស៊ីនៅទីក្រុង Istanbul បានបញ្ឈប់ការចុះបញ្ជីនាវាចេញទៅក្រៅសម្រាប់ផែនការត្រួតពិនិត្យដែលត្រូវការ។ ពួកគេក៏បានធ្វើឲ្យយឺតយ៉ាវការត្រួតពិនិត្យ ដែលនាំទៅដល់ការកកស្ទះនាវាដែលចេញ និងចូល។
បន្ទាប់ពីកិច្ចប្រជុំប្រទេស G7 រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា៖ «រុស្ស៊ីកំពុងរារាំងគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនម្តងទៀតមិនឱ្យទៅដល់ពិភពលោកដោយធ្វើឱ្យតម្លៃស្បៀងអាហារកើនឡើងដល់មនុស្សគ្រប់ទីកន្លែង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គ្មាននាវាណាមួយចេញពីអ៊ុយក្រែនទេ ហើយនាវាជាង៥០គ្រឿង ត្រូវបានរារាំងមិនឱ្យចូលទៅផ្ទុកទំនិញ។ ប្រទេសជុំវិញពិភពលោកពឹងផ្អែកលើគ្រាប់ធញ្ញជាតិដែលជួយសង្គ្រោះជីវិតនេះ។ រុស្ស៊ីកំពុងរំលោភការសន្យារបស់ខ្លួនចំពោះពួកគេ»។
លើសពីនេះ រុស្ស៊ីបានត្អូញត្អែរថា ខ្លួនមិនបានទទួលអត្ថប្រយោជន៍ដែលខ្លួនរំពឹងថានឹងទទួលបានសម្រាប់ការនាំចេញរបស់ខ្លួនទេ បន្ទាប់ពីបានចុះហត្ថលេខាលើ BSGI ហើយបានបង្ហាញថា រុស្ស៊ីប្រហែលជាមិនបន្តកិច្ចព្រមព្រៀងនេះលើសពីកាលបរិច្ឆេទចុងក្រោយនៅថ្ងៃទី១៨ ខែឧសភាទេ។
អ្នកនាំពាក្យក្រសួងការបរទេស លោក Patel បាននិយាយថា៖ «ខណៈដែលរដ្ឋមន្ត្រីការបរទេស G7 បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ ... ប្រទេសរុស្ស៊ីត្រូវតែបញ្ឈប់ការប្រើប្រាស់ស្បៀងអាហាររបស់ពិភពលោកជាអាវុធក្នុងសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន និងអនុញ្ញាតឱ្យគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដំណើរការតាមសក្តានុពលអតិបរមារបស់វា។ គ្រាប់ធញ្ញជាតិអ៊ុយក្រែនគួរតែទៅដល់ពិភពលោកដោយគ្មានការរារាំង»៕