តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីការបរទេសស.រ.អ.លោក Antony Blinken បានមានប្រសាសន៍ថា ក្នុងពេល៥ឆ្នាំកន្លងទៅនេះ «ចំនួនមនុស្សរស់នៅក្នុងអសន្តិសុខស្បៀងធ្ងន់ធ្ងរ...បានកើនឡើងច្រើនពី១០៨លាននាក់ទៅដល់១៦១លាននាក់នៅទូទាំងពិភពលោក។ ហើយការណ៍នេះមានឡើងមុនការលុកលុយរបស់រដ្ឋាភិបាលរុស្ស៊ីដោយគ្មានការបង្ករឿងក្នុងប្រទេសអ៊ុយក្រែន ដែលអាចជំរុញមនុស្ស៤០លាននាក់ទៀតនៅទូទាំងពិភពលោកឱ្យធ្លាក់ក្នុងភាពក្រីក្រខ្លាំងនិងអសន្តិសុខស្បៀង»។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា «មានមនុស្សខ្លះបានបន្ទោសលើការដាក់ទណ្ឌកម្មរបស់ស.រ.អ.និងប្រទេសឯទៀតៗលើសហព័ន្ធរុស្ស៊ីថា ធ្វើឱ្យវិបត្តិនេះកាន់តែអាក្រក់ថែមទៀត»។
លោក Blinken បានមានប្រសាសន៍ថា៖
«នេះជាការមិនពិត។ នៅពេលយើងដាក់កំហិតទណ្ឌកម្មលើប្រទេសរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាមនេះឱ្យបានឆាប់តាមអាចធ្វើបាន យើងបានធ្វើឱ្យមានការលើកលែងដោយចេតនា និងដោយប្រុងប្រយ័ត្នសម្រាប់កសិផលនិងជី។ យើងធ្វើការរាល់ថ្ងៃដើម្បីបានទទួលព័ត៌មានពីប្រទេសនានា ឬជំនួយដែលពួកគេត្រូវការសម្រាប់ធ្វើឱ្យប្រាកដថា ការដាក់ទណ្ឌកម្មទាំងនេះមិនបានរារាំងស្បៀងអាហារ ឬជីមិនឱ្យដឹកជញ្ជូនចេញពីប្រទេសអ៊ុយក្រែន ប្រទេសរុស្ស៊ី ឬកន្លែងណាមួយទៀត»។
ថ្លែងនៅក្នុងការប្រជុំកម្រិតរដ្ឋមន្ត្រីមួយកាលពីចុងខែឧសភាមុនអំពីអសន្តិសុខស្បៀងសាកល លោករដ្ឋមន្ត្រី Blinken បានស្នើដំណើរការមួយមានបួនដំណាក់ការដើម្បីដោះស្រាយវិបត្តិនេះ។
លោក Blinken បាននិយាយថា៖
«ទីមួយ យើងត្រូវការឱ្យប្រទេសនានាបង្កើនវិភាគទានថ្មីៗច្រើនក្រាស់ក្រែលសម្រាប់បំពេញការខ្វះខាតរបស់អង្គការនិងទីភ្នាក់ងារមនុស្សធម៌ដែលកំពុងត្រូវសម្រេចថា តើត្រូវកាត់ជំនួយស្រោចស្រង់ជីវិតមនុស្ស នៅពេលណា និងនៅកន្លែងណា»។
ដើម្បីធ្វើជាគំរូ ស.រ.អ.នឹងបន្ថែមជំនួយស្បៀងគ្រាមានអាសន្នចំនួន២១៥លានដុល្លារលើជំនួយ២ពាន់៣រយលានដុល្លារដែលយើងបានផ្តល់រូចហើយតាំងពីមានការលុកលុយរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនមក។
ទីពីរ យើងត្រូវដោះស្រាយកង្វះជីជាសាកល។
លោក Blinken បានថ្លែងថា៖
«ចូរយើងពិចារណាអំពីទ្វីបអាហ្វ្រិក ដែលនៅទីនោះតម្លៃជីបានកើនឡើងបួនដងចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ១៩ ហើយបានឡើងថ្លែថែមទៀតតាំងពីការលុកលុយរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។ វីធីមួយដើម្បីដោះស្រាយបញ្ហានេះគឺធ្វើឱ្យមានការលើកទឹកចិត្តសម្រាប់ឱ្យមានការផលិតជីច្រើនជាងមុន ដូចដែលស.រ.អ.កំពុងធ្វើដោយសន្យាផ្តល់ប្រាក់៥រយលានដុល្លារសម្រាប់បង្កើនការផលិតរបស់ស.រ.អ.»។
ទីបី យើងត្រូវបង្កើនវិនិយោគក្នុងសមត្ថភាពនិងភាពមិនទ្រុឌទ្រោមក្នុងវិស័យកសិកម្ម។ ស.រ.អ.នឹងបណ្តាក់ទុន៥ពាន់លានដុល្លារក្នុងពេល៥ឆ្នាំខាងមុខនេះ។
លោក Blinken បានពោលថា៖
«ទីបួន យើងមានជំនឿថា យើងត្រូវតែជួយប្រជារាស្ត្រក្រីក្រ និងងាយរងគ្រោះឱ្យទ្រាំទ្រនឹងផលប៉ះពាល់ធំធេងដោយសារវិបត្តិនេះ»។
ហើយជាទីបញ្ចប់ យើងត្រូវតែបន្ថែមការប្រថុយប្រថាននៃការដាំដំណាំធញ្ញជាតិច្រើនថែមទៀត។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖
«ប្រសិនបើយើងចាត់វិធានការទាំងនេះជាមួយគ្នា...យើងនឹងដោះស្រាយវិបត្តិនេះបាន យើងនឹងជួយបញ្ចៀសកុំឱ្យមានវិបត្តិឯទៀតៗដូចវិបត្តិនេះទៀត ហើយអ្វីដែលសំខាន់បំផុតនោះគឺយើងនឹងជួយជីវិតមនុស្សរាប់មិនអស់។ នេះជាអ្វីដែលយើងកំពុងប្រឈម តែខ្ញុំជឿជាក់ថា បើយើងធ្វើការជាមួយគ្នា យើងអាចដោះស្រាយឧបសគ្គនេះបាន»៕