Accessibility links

Breaking News

បទ​វិចារណកថា៖ នៅ​ទីបំផុត ធញ្ញជាតិ​ត្រូវ​បាន​ដឹក​ជញ្ជូន​ចេញ​ពី​ប្រទេស​អ៊ុយក្រែន


អគ្គលេខាធិការអ.ស.ប.លោក Antonio Guterres (ស្តាំ) និង​រដ្ឋមន្ត្រី​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ុយក្រែន​លោក Oleksandr Kubrakov ចូលរួម​សន្និសីទ​សារព័ត៌មាន​នៅទីក្រុង Odesa ជា​កន្លែង​ដែល​ការនាំចេញ​ធញ្ញជាតិ​បានចាប់ផ្តើម​ម្តងទៀតក្រោយពី​រុស្ស៊ី និងអ៊ុយក្រែន​បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀងនាំចេញ។
អគ្គលេខាធិការអ.ស.ប.លោក Antonio Guterres (ស្តាំ) និង​រដ្ឋមន្ត្រី​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ុយក្រែន​លោក Oleksandr Kubrakov ចូលរួម​សន្និសីទ​សារព័ត៌មាន​នៅទីក្រុង Odesa ជា​កន្លែង​ដែល​ការនាំចេញ​ធញ្ញជាតិ​បានចាប់ផ្តើម​ម្តងទៀតក្រោយពី​រុស្ស៊ី និងអ៊ុយក្រែន​បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀងនាំចេញ។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កប៉ាល់​ពាណិជ្ជកម្ម​នានា​ដែល​ដឹក​ធញ្ញជាតិ​របស់​ប្រទេស​អ៊ុយក្រែន​បាន​ចាកចេញ​ដោយ​សុវត្ថិភាព​ពី​សមុទ្រ​ខ្មៅ​ជា​លើក​ដំបូង​បង្អស់ តាំងពី​ពេល​ចាប់ផ្ដើម​នៃ​ការ​ឈ្លានពាន​ពេញ​ទំហឹង​របស់​ប្រទេស​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ​មក។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​មាន​ប្រសាសន៍​ថា ករណី​នេះ​បាន​នាំ​មក​នូវ​ក្ដី​សង្ឃឹម​ក្នុង​ការ​ដឹក​ជញ្ជូន​ធញ្ញជាតិ​រាប់​លាន​តោន​ដែល​ជាប់​គាំង​នៅ​ឯ​កំពង់ផែ​របស់​ប្រទេស​អ៊ុយក្រែន​ទៅ​កាន់​អ្នក​ដែល​ប្រឈម​នឹង​បញ្ហា​កង្វះ​ស្បៀង​អាហារ​នៅ​ជុំវិញ​ពិភពលោក។

លោក Blinken បាន​សរសើរ​អង្គការ​សហប្រជាជាតិ​និង​ប្រទេស​តួកគី​ដែល​បាន​ធ្វើ​ឱ្យ​មាន​វិធានការ​នេះ​កើតឡើង។

លោក Blinken បាន​បញ្ជាក់​បែប​រំឭក​ថា៖ «ប៉ុន្តែ នេះ​គឺ​ជា​ជំហាន​ដំបូង​តែ​ប៉ុណ្ណោះ»។ ការ​អនុវត្ត​ជា​បន្ត​នូវ​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី ២១ ខែ​កក្កដា ដែល​មាន​ការ​សម្របសម្រួល​ដោយ​អង្គការ​សហប្រជាជាតិ​គឺ​សំខាន់​នៅ​ក្នុង​ការ​បង្កើន​សន្តិសុខ​ស្បៀង​អាហារ​នៅ​ជុំវិញ​ពិភពលោក។

ប្រទេស​រុស្ស៊ី​និង​ប្រទេស​អ៊ុយក្រែន​គឺ​ជា​ប្រទេស​ផ្គត់ផ្គង់​ស្រូវ​សាឡី​ដ៏​ចម្បង​ពីរ​នៅ​លើ​ពិភពលោក ប៉ុន្តែ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​តម្លៃ​ស្បៀង​អាហារ​កើនឡើង និង​បង្ក​ឱ្យ​មាន​វិបត្តិ​ស្បៀង​អាហារ​កើតឡើង​នៅ​លើ​ពិភពលោក។ សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​បាន​បង្អាក់​ដល់​ការ​នាំ​ចេញ​របស់​អ៊ុយក្រែន ដោយ​ធ្វើ​ឱ្យ​ធញ្ញជាតិ​ប្រហែល ២០ លាន​តោន​ជាប់​គាំង​នៅ​ក្នុង​ជង្រុក​នៅ​ឯ​កំពង់ផែ​ក្នុង​ទីក្រុង Odessa។

ភាព​អត់ឃ្លាន​នៅ​លើ​ពិភពលោក​បាន​កើនឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់​ប្រមាណ​ថា នៅ​ចន្លោះ​ឆ្នាំ ២០១៨ និង​ឆ្នាំ ២០២១ មនុស្ស​ដែល​ជួប​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ​ធ្ងន់ធ្ងរ​បាន​កើនឡើង​ពី ១០៨ លាន​នាក់​ដល់ ១៩៣ លាន​នាក់។

លោក​រដ្ឋមន្ត្រី Blinken បាន​លើកឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍ «រួម​គ្នា​ដើម្បី​សន្តិសុខ​ស្បៀង​អាហារ​ពិភពលោក» កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​ថា ការ​ព្យាករណ៍​បាន​បង្ហាញ​ថា ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​អាច​ធ្វើ​ឱ្យ​មនុស្ស​ប្រហែល​ពី ៤០ ទៅ ៥០ លាន​នាក់​ទៀត​ជួប​ប្រទះ​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ។

កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​រវាង​ប្រទេស​រុស្ស៊ី​និង​អ៊ុយក្រែន​នេះ​នឹង​ជួយ​សម្របសម្រួល​ឱ្យ​មាន​ការ​នាំចេញ​ធញ្ញជាតិ​របស់​អ៊ុយក្រែន​កាត់​តាម​សមុទ្រ​ខ្មៅ។

លោក​រដ្ឋមន្ត្រី Blinken បាន​ជំរុញ​ប្រទេស​រុស្ស៊ី​ឱ្យ​បន្ត​សម្របសម្រួល​ដោយ​គ្មាន​ការ​បង្អាក់​នូវ​ការ​នាំ​ចេញ​កសិផល​នានា​ពី​កំពង់ផែ​នៅ​ឯ​សមុទ្រ​ខ្មៅ។

លោក Blinken បាន​បន្ថែម​ដូច្នេះ​ថា៖ «ប្រទេស​រុស្ស៊ី​ក៏​ត្រូវតែ​បញ្ចប់​ផង​ដែរ​នូវ​ការ​វាយ​ប្រហារ​របស់​ខ្លួន​ដែល​កំពុង​ធ្វើ​ឱ្យ​ដី​ស្រែ​ចម្ការ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​មិន​អាច​ប្រើប្រាស់​បាន និង​កំពុង​បំផ្លាញ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​កសិកម្ម។ ដរាបណា​ប្រទេស​រុស្ស៊ី​នៅតែ​បន្ត​ភាព​គឃ្លើន​របស់​ខ្លួន ប្រជាពលរដ្ឋ​អ៊ុយក្រែន​និង​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត​នៅ​លើ​ពិភពលោក​នៅតែ​បន្ត​រងគ្រោះ​ដោយសារ​ផល​ប៉ះពាល់​នៃ​ភាព​គឃ្លើន​នេះ»៕

XS
SM
MD
LG