Accessibility links

Breaking News

បទវិចារណកថា៖ ការថ្លែង​របស់​លោក Blinken នៅឯ​កិច្ចប្រជុំ​ស្ដីពី​សន្តិសុខ​ស្បៀង​អាហារ​ពិភពលោក


រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្តីអំពី​សន្តិសុខ​ស្បៀង​អាហារ ក្នុង​អំឡុងពេល​សម័យប្រជុំ​លើក​ទី៧៧ នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង New York កាលពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្តីអំពី​សន្តិសុខ​ស្បៀង​អាហារ ក្នុង​អំឡុងពេល​សម័យប្រជុំ​លើក​ទី៧៧ នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង New York កាលពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ប្រកាស​នៅ​ឯ​កិច្ច​ប្រជុំ​ស្ដីពី​សន្តិសុខ​ស្បៀង​អាហារ​ពិភពលោក​កាលពី​ពេល​ថ្មីៗ​នេះ​ថា មនុស្ស​ជាង ២០០ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​កំពុង​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​អសន្តិសុខ​ស្បៀង​អាហារ។

កាលពី​ខែ​ឧសភា អង្គការ​សហប្រជាជាតិ​បាន​ដាក់​ឱ្យ​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ «Roadmap for Global Food Security: A Call to Action»។ ផែនការ​នេះ​ស្នើ​ឱ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ចាត់​វិធានការ​ចំនួន ៧ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​រក្សា​ទីផ្សារ​ស្បៀង​អាហារ​និង​ទីផ្សារ​កសិកម្ម​ឱ្យ​នៅ​បើក​ចំហ ការ​បង្កើន​ផលិតកម្ម​ជី និង​ការ​វិនិយោគ​លើ​កសិកម្ម​ដែល​ធន់​នឹង​អាកាសធាតុ។

ប្រទេស​ជាង ១០០ បាន​ចុះ​ហត្ថលេខា​លើ​ផែនការ​យុទ្ធសាស្ត្រ​នេះ ហើយ​ប្រទេស​ជា​ច្រើន​កំពុង​តែ​អនុវត្ត​តាម​ការ​តាំងចិត្ត​ទាំង​នោះ​រួច​ហើយ។

លោក​រដ្ឋមន្ត្រី Blinken បាន​ប្រកាស​ថា៖ «សកម្មភាព​គឺ​ពិតជា​សំខាន់ ដោយសារតែ​វិបត្តិ​នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺ​ជា​វិបត្តិ​មួយ​ដែល​គ្មាន​ប្រទេស​ណា​មួយ ​ឬ​ក៏​សូម្បីតែ​ក្រុម​ប្រទេស​ណា​មួយ​អាច​ដោះស្រាយ​បាន​តែ​ឯង​នោះ​ឡើយ»។

នៅ​ឯ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ពេល​ថ្មីៗ​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រកាស​ជំនួយ​ថ្មី​ចំនួន​ជាង ២.៩០០ លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ​ពិភពលោក បន្ថែម​ពី​លើ​ជំនួយ​ចំនួន ៦.៩០០ លាន​ដុល្លារ​ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជូន​រួច​ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ​ដើម្បី​គាំទ្រ​ដល់​សន្តិសុខ​ស្បៀង​អាហារ​នៅ​លើ​ពិភពលោក។

ប៉ុន្តែ លោក​រដ្ឋមន្ត្រី Blinken បាន​កត់​សម្គាល់​ថា​ មិន​មែន​គ្រប់​ប្រទេស​ទាំង​អស់​សុទ្ធតែ​ចូលរួម​ចំណែក​នៅ​ក្នុង​នេះ​ទេ ដោយ​លោក​លើកឡើង​ដូច្នេះ​ថា៖ «ប្រទេស​ខ្លះ​ដែល​មាន​សមត្ថភាព​អាច​ធ្វើ​បាន​ច្រើន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ធ្វើ​បាន​តិច​ជាង​គេ​បំផុត។ ករណី​នេះ​ចាំបាច់​ត្រូវតែ​ផ្លាស់ប្ដូរ។ មិន​ថា​ប្រទេស​នីមួយៗ​បាន​ធ្វើ​អ្វី​នៅ​ពេល​កន្លង​មក​នោះ​ទេ [យើង] អំពាវនាវ​ឱ្យ​ប្រទេស​ទាំង​នោះ​ធ្វើ​បន្ថែម​ទៀត»។

លោក Blinken បាន​បញ្ជាក់​ទៀត​ថា៖ «វិធី​មួយ​ទៀត​ដែល​យើង​អាច​គាំទ្រ​ដល់​ការ​ផ្ដល់​ជំនួយ​បន្ទាន់​គឺ​តាម​រយៈ​ការ​ជំរុញ​ឱ្យ​មាន​ការ​ពន្យារ​បន្ត​នូវ​កិច្ច​ព្រមព្រៀង​ដែល​អង្គការ​សហប្រជាជាតិ​និង​ប្រទេស​តួកគី​បាន​សម្របសម្រួល​ឱ្យ​មាន​រវាង​ប្រទេស​រុស្ស៊ី​និង​ប្រទេស​អ៊ុយក្រែន។ កិច្ច​ព្រមព្រៀង​នោះ​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​នាំចេញ​ធញ្ញជាតិ​និង​កសិផល​ផ្សេង​ទៀត​ពី​កំពង់ផែ​នានា​នៅ​សមុទ្រ​ខ្មៅ»។

លោក Blinken បាន​បន្ថែម​ថា ជំហាន​ទី​ពីរ​គឺ​ជួយ​ប្រទេស​នានា​នៅ​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​ផលិត​ស្បៀង​អាហារ​ដោយ​ខ្លួន​ឯង។

លោក Blinken បាន​ថ្លែង​ដូច្នេះ​ថា៖ «នៅ​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាង​មុខ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នឹង​ធ្វើការ​ជាមួយ​នឹង​សភា​អាមេរិក​ដើម្បី​វិនិយោគ​ថវិកា​ជាង ១១ ពាន់​លាន​ដុល្លារ​នៅ​លើ​ពិភពលោក​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោល​បំណង​នៃ​ផលិតកម្ម​កសិកម្ម​ដ៏​ឋិតថេរ​នេះ។ កាលពី​ខែ​មុន សហរដ្ឋ​អាមេរិក​បាន​បញ្ចូល​បន្ថែម​នូវ​ដៃគូ​ចំនួន ៨ នៅ​ទ្វីប​អាហ្វ្រិក​ទៅ​ក្នុង​គម្រោង «Feed the Future»។ នេះ​គឺ​ជា​គម្រោង​ដ៏​ចម្បង​បំផុត​របស់​យើង​នៅ​ក្នុង​ការ​ពង្រីក​សំណាញ់​សុវត្ថិភាព​សង្គម ពង្រឹង​ប្រព័ន្ធ​ស្បៀង​អាហារ និង​លើក​កម្ពស់​អាហារ​រូបត្ថម្ភ»។

ជា​ទី​បញ្ចប់ កិច្ច​សម្របសម្រួល​ប្រសើរ​ជាង​មុន​គឺ​ចាំបាច់​ត្រូវ​មាន​នៅ​ទូទាំង​រដ្ឋាភិបាល​នានា អង្គការ​ថ្នាក់​តំបន់ អង្គការ​មូលនិធិ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា ​ពួកគេ​ធ្វើការ​ជាមួយ​គ្នា។

លោក​រដ្ឋមន្ត្រី Blinken បាន​បញ្ជាក់​ថា៖ «ប៉ុន្តែអ្វី​ដែល​ប្រហែល​ជា​សំខាន់​បំផុត​គឺ​អ្វី​ដែល​យើង​ធ្វើ មិន​មែន​អ្វី​ដែល​យើង​និយាយ​នោះ​ទេ។ សុខភាព ស្ថិរភាព និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​របស់​យើង​គឺ​អាស្រ័យ​លើ​សន្តិសុខ​ស្បៀង​អាហារ​ដែល​យើង​បាន​កសាង​ជាមួយ​គ្នា»៕

XS
SM
MD
LG